រុស្ស៊ី

ឆ្នាំ២០១២​ដល់​វេន​​ប្រទេស​រុស្ស៊ី​រៀបចំ​ជំនួប​កំពូល​APEC​

ទីក្រុងVladivostok​ឋិត​នៅ​ចុង​​បូព៌ា​​នៃ​​ប្រទេស​​រុស្ស៊ី​​ត្រូវរៀបចំ​ទទួល​​ប្រមុខរដ្ឋ​នៃ២១ប្រទេស​សមាជិក​APECនៅ​ឆ្នាំ២០១២
ទីក្រុងVladivostok​ឋិត​នៅ​ចុង​​បូព៌ា​​នៃ​​ប្រទេស​​រុស្ស៊ី​​ត្រូវរៀបចំ​ទទួល​​ប្រមុខរដ្ឋ​នៃ២១ប្រទេស​សមាជិក​APECនៅ​ឆ្នាំ២០១២ RFI/Emilie Camjusan

ឧទ្ទិស​ដល់​ព្រឹត្តិការណ៍​សំខាន់​នេះ​រុស្ស៊ី​កំពុង​សង់​នៅលើ​កោះខ្លួន ​ឈ្មោះ ​“កោះរុស្ស៊ី”​ ស្ថិត​នៅក្នុង​បាង​សមុទ្រ​ទល់​មុខ​ក្រុង​ផែ​Vladivostok​ ឯចុង​បូព៌ា​ប្រទេស​រុស្ស៊ី ​ជា ​“បុរី​សាកល​វិទ្យាល័យ​Vladivostok”​ សំរាប់​ប្រមុខរដ្ឋ​នៃ​២១ប្រទេស​សមាជិក​APEC​រួមប្រជុំ។ ​ប៉ុន្តែ​នៅលើ​ផ្លូវ​សាងសង់​នេះ ​ពីមួយ​ពេល​ទៅមួយ​ពេល​កម្មករ​បរទេស​នាំគ្នា​ធ្វើកូដកម្ម​បះបោរ​មកពី​ ក្រុមហ៊ុន​ឯកជន​ដែល​ម៉ៅការ​ពីរដ្ឋ​រុស្ស៊ី​មិនបើក​ប្រាក់ខែ​ឲ្យគេ។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃអង្គារ​នេះ​ក្រុម​កម្មករ​ជាតិ​ទួរគី​មានគ្នា​២៥០នាក់​ ស្រាប់តែ​ធ្វើកូដកម្ម​តាំងពី​ព្រឹកមក។​ គេ​ទាម​ទារ​ពីក្រុមហ៊ុន​ឯកជន​រុស្ស៊ី​ឈ្មោះ “ RegionTechStroy “​ដែលម៉ៅការ​ពីរដ្ឋ​រុស្ស៊ី​ឲ្យបង់​ទៅគេ​នូវ​ប្រាក់​ការងារ​ដែលគេ​បាន​បំពេញ​ទៅហើយ។

 
ពួកតំណាង​កម្មករ​ថែមទាំង​ថ្លែងដោយ​ក្តៅក្រហាយ​ទៅផង​ថា​ និយោជក​បាន​សន្យា​ទៅ​កម្មករ​ម្នាក់ៗ​គឹ​៤.០០០​ដុល្លារ​ស.រ.អា​.ក្នុង១ខែ​ ប៉ុន្តែ​ពេលគេ​ចុះកុងត្រា​នៅនឹង​កន្លែង​ផ្ទាល់​ ប្រាក់ខែ​នេះ ស្រាប់តែ​២ដង​តិចជាង​ទៅវិញ។​ រូចឥឡូវ​ ភាគី​ក្រុមហ៊ុន​ស្នើទៅ​កម្មករ​ទួរគី​តែ​៣០០$​ក្នុង១ខែ​និងជួយ​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ឲ្យគេ​ត្រឡប់​ទៅស្រុកវិញ​ ដោយមិន​ព្រម​ប្រគល់​Passeport​ទៅគេ​វិញ​ឡើយ​ដរាបណា​ ដែល​គេមិន​សុខចិត្ត​ស៊ីញេ ​ថាបាន​ទទួលលុយ​ពេញ​ទំហំ​សព្វគ្រប់មែន។

អ្នកនាំពាក្យ​ផ្លូវការ​របស់​ក្រុមហ៊ុន​ លោកស្រី ​Catherine Tchernenko ពីចំណែក​ខ្លួន​បាន​ថ្លែងថា “លុយមាន​ផ្ទេរ​តាម​ធនាគារ ទៅឲ្យ​កម្មករ​ទៅហើយ​ ដូច្នេះ​ក្នុង​អាទិត្យនេះ​យើងនឹង​វែកញែក​បំភ្លឺ​ឲ្យឃើញ​សភាពការណ៍​មែនពិត”។

តាមសំដី​លោកស្រី​ក្រុមហ៊ុន​ប្រើ​កម្មករ​បរទេស​សរុប​ទៅ​ចំនួន​១ម៉ឹននាក់​ក្នុងនោះ​ក្រៅ​ពី​ជាតិ​ទួរគី​មានទាំង​កម្មករ​ចិនផង​ ប៉ុន្តែ​ដោយមិន​លំអិត​អំពី​ចំនួន​ជនជាតិ​នីមួយៗ​ឡើយ។

ជាការ​កត់​សំគាល់​កាលពី​ខែកញ្ញាឆ្នាំមុន​ កូដកម្ម​បែបនេះ​ ធ្លាប់បាន​ធ្វើដោយ​កម្មករ​ចិន​ ២០០ នាក់​ ទៅហើយ។ ​លុះក្រោយ​ពីទទួល​ប្រាក់ខែ​ទើប​គេ​សុខចិត្ត​វិល​ត្រឡប់​ទៅធ្វើការ​ វិញ។

រដ្ឋាភិបាល​រុស្ស៊ី​បាន​រំលែក​ទឹកប្រាក់​ប្រមាណ​១០.០០០លាន​ដុល្លារ​អាមេរិក​ សំរាប់​សាងសង់​ជាពហុ​សំណង់​ទំនើបៗ​ ក្នុងនោះ​មានទាំង​ស្ពាន​ប្រវែង​ជិត២គ.ម​.ទៅផង​ដែល​ភ្ជាប់​ក្រុងផែ ​Vladivostok​ ទៅនឹង​“កោះ​រុស្ស៊ី”​ផ្ទាល់​ទុក​សំរាប់​ទទួល​ជំនួប​កំពូល​APEC​ដែល​នឹង​ប្រព្រឹត្ត​ទៅ​លើដែនដី​ខ្លួន​នោះ ​នៅថ្ងៃ ​៨-៩កញ្ញា​ឆ្នាំ២០១២​ ដោយ​បន្ត​វេនពី​ស.រ.អា.​ដែល​ត្រូវ​ក្លាយជា​ម្ចាស់ផ្ទះ​នៃជំនួប​ក្នុងឆ្នាំ២០១១នេះ។​ បន្ទាប់​ពីរុស្ស៊ី​ គឺដល់​វេន​ប្រទេស​ឥណ្ឌូនេស៊ី​នៅឆ្នាំ​២០១៣។

គួរនិយាយថា​ គឺក្នុង​ឆ្នាំ១៩៩៨​ ដែល​រុស្ស៊ី​ដោយរួម​ជាមួយ​២ប្រទេស​ទៀត​គឺ​វៀតណាម​និង​ពេរូ​បាន​ត្រូវ​ទទួល​ឲ្យចូល​ក្នុង​APEC​ជា​“អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក”​ បង្កើត​ឡើង​ក្នុងឆ្នាំ​ ១៩៨៩ ​ដោយបច្ចុប្បន្ន​មាន​២១ប្រទេស​នៃ​តំបន់​ ជាសមាជិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI