ភាពចុះសម្រុងគ្នាក្នុងវិស័យសេដ្ឋកិច្ចរវាងចិននិងអាមេរិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទីមួយនិងទីពីរពោលគឺសហរដ្ឋ អាមេរិកនិងប្រទេសចិនបានសម្តែងបង្ហាញឲ្យឃើញនូវភាពចុះសម្រុងគ្នា ក្នុងវិស័យសេដ្ឋកិច្ចកាលពីថ្ងៃអង្គារម្សិលមិញនៅទីក្រុងវ៉ាស៊ីនតោន ដោយបានចៀសវាងប្រឈមមុខតទល់គ្នានៅក្នុងបញ្ហាទាមទារឲ្យប្រាក់យ័នចិន ធ្វើការដំឡើងថ្លៃរបស់ខ្លួន។
កិច្ចចរចាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចលើកទីបីរវាងអាមេរិកនិងចិននៅទីក្រុងវ៉ាស៊ីនតោនសម្រេចបាននូវការជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ចនិងសហប្រតិបត្តិការសេដ្ឋកិច្ចមុតមាំ មានចីរភាពនិងប្រកបដោយសមធម៌។
ទាំងនេះ ដូចប្រទេសទាំងពីរធ្លាប់សន្យាចង់បាននាឱកាសជំនួបក្រុមប្រទេសឧស្សាហកម្មជឿនលឿននិងក្រុមប្រទេសកំពុងអភិវឌ្ឍន៍រីកចម្រើនខ្លាំងពោលគឺក្រុមប្រទេសG20៖ សហរដ្ឋអាមេរិកចង់រស់នៅនិងអភិវឌ្ឍប្រទេសតាមមធ្យោបាយដែលខ្លួនមាន ដោយចៀសវាងទៅខ្ចីប្រាក់ពីប្រទេសដទៃមានដូចជាប្រទេសចិនជាដើម។ ចំណែកឯប្រទេសចិនវិញ គេចង់រុញច្រានសេដ្ឋកិច្ចរបស់គេឲ្យពឹងផ្អែកទៅលើទីផ្សារផ្ទៃក្នុងរបស់ខ្លួន កុំរង់ចាំតែការនាំទំនិញចេញទៅលក់ឲ្យទីផ្សារបរទេសមានដូចជាទីផ្សារអឺរ៉ុបឬអាមេរិកនោះឡើយ។
ក៏ប៉ុន្តែ កិច្ចចរចាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចលើកទីបីរវាងអាមេរិកនិងចិនពុំបានដោះស្រាយបញ្ហាដ៏ចម្រូងចម្រាសមួយដែលនៅតែកើតមានរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរឡើយ។
បញ្ហាដ៏ចម្រូងចម្រាសនោះគឺការដំឡើងថ្លៃប្រាក់យ័នចិនដែលទីក្រុងប៉េកាំងធ្លាប់បានធ្វើការដំឡើងថ្លៃម្តងរួចទៅហើយកាលពីខែមិថុនាកន្លងទៅ។ ចាប់ពីពេលនោះមក តម្លៃប្រាក់យ័នចិនបានឡើងថ្លៃប្រមាណ៥,២%ដែលជាអត្រាបានធ្វើឲ្យទីក្រុងប៉េកាំងពេញចិត្ត។ ក៏ប៉ុន្តែសម្រាប់ទីក្រុងវ៉ាស៊ីនតោនវិញ អត្រានេះនៅមានកម្រិតពុំទាន់គ្រប់គ្រាន់នៅឡើយ។ ហើយក្រោយពីមានកិច្ចចរចាជាច្រើនថ្ងៃរួចមក ទាំងភាំគីអាមេរិកទាំងភាគីចិននៅតែប្រកាន់យកជំហររបស់ខ្លួនគ្មានការប្តូរប្រែអ្វីឡើយ។
ហេតុដូច្នេះហើយ ភាគីទាំងពីរបានសម្រេចធ្វើសេចក្តីថ្លែងការណ៍រួមមួយថា “សហរដ្ឋអាមេរិកនិងប្រទេសចិនសន្យាថានឹងធ្វើសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតដើម្បី “រក្សាឲ្យមានស្ថិរភាពរូបិយវត្ថុអន្តរជាតិ"។
“រក្សាឲ្យមានស្ថិរភាពរូបិយវត្ថុអន្តរជាតិ"បានន័យថាសហរដ្ឋអាមេរិកធ្វើការប្រយុទ្ធប្រឆាំងនឹងការឡើងចុះថ្លៃខ្លាំងហួសហេតុពេកនៃរូបិយវត្ថុអន្តរជាតិដែលជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច។ ចំណែកឯប្រទេសចិនវិញ គេនឹងបន្តធ្វើការដំឡើងថ្លៃប្រាក់យ័នអនុលោមតាមសង្វាក់នឹងនយោបាយហិរញ្ញវត្ថុរបស់ប្រទេសគេ។
រីឯរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Timothy Geithner នាឱកាសសន្និសីទកាសែតកាលពីថ្ងៃអង្គារម្សិលមិញបានថ្លែងទាមទារឲ្យទីក្រុងប៉េកាំងធ្វើការដំឡើងថ្លៃប្រាក់យ័នរបស់ខ្លួនឲ្យបានឆាប់រហ័សនិងឲ្យបានធំធេងជាងនេះនៅចំពោះមុខរូបិយវត្ថុអន្តរជាតិសំខាន់ៗដទៃទៀតដែលជាដៃគូពាណិជ្ជកម្មរបស់ខ្លួន។
ពាក់ព័ន្ធនឹងការរិះរកដំណោះស្រាយឲ្យបញ្ហាឧនភាពពាណិជ្ជកម្មវិញ សហរដ្ឋអាមេរិកដែលមានឧនភាពពាណិជ្ជកម្មប្រមាណ២៧៣ពាន់លានដុល្លារជាមួយប្រទេសចិននៅឆ្នាំ២០១០មានគោលជំហរខុសពីប្រទេសចិន។
ភាគីចិនបានទាមទារឲ្យសហគ្រាសអាមេរិកាំងមានសេរីភាពធំទូលាយជាងនេះក្នុងការនាំចូលប្រទេសចិននូវផលិតផលនិងបច្ចេកវិទ្យាដែលចិនត្រូវការ។ ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅពុំទាន់យល់ព្រមនៅឡើយ ដោយខ្លាចសហគ្រាសចិនលួចចម្លងយកបច្ចេកវិទ្យារបស់ខ្លួន។
ភាគីអាមេរិកាំងឯណោះវិញ គេទាមទារឲ្យទីផ្សារចិនបើកទ្វារចំហឲ្យបានធំទូលាយជាងនេះដើម្បីឲ្យមានការប្រកួតប្រជែងដោយសេរីរវាងសហគ្រាសបរទេសនិងសហគ្រាសចិនដោយគ្មានការរើសអើង ទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យហិរញ្ញវត្ថុ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ