ការផ្ទុះឆេះនៅក្នុងធនាគារមួយនៅខេត្ត Gansu
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប៉ែកពាយ័ព្យប្រទេសចិន បានទទួលរងគ្រោះដោយការគប់គ្រឿងដុតបញ្ឆេះមួយនៅព្រឹកថ្ងៃសុក្រ ១៣ ឧសភានេះ។យោងតាមទីភ្នាក់ងារពត៌មានផ្លូវការ « ចិនថ្មី » ការវាយប្រហារ នេះ បានសំដៅទៅលើធនាគារមួយ។ ពុំមែនជាសកម្មភាពភេរវនិយមទេ ប៉ុន្តែ ជាកាយវិការដ៏អស់សង្ឃឹមរបស់អតីតបុគ្គលិកធនាគារមួយរូបប៉ុណ្ណោះ។ ឧប្បត្តិហេតុ នេះ បាន បណ្តាលឲ្យមានអ្នកត្រូវរបួសជាច្រើននាក់។
យោងតាមទីភ្នាក់ងារព័ត៌មានចិន “ប្រជាជន” ជនសង្ស័យមួយរូប បានដុតនិងចោលគ្រឿងបញ្ឆេះ ទៅលើធនាគារតំបន់មួយនៅក្រុង wuwei នាពេលដែលបុគ្គលិកធនាគារ កំពុងតែធ្វើការរួមប្រជុំការងារមួយនៅព្រឹកមិញនេះ ជាហេតុបណ្តាលឲ្យភ្លើងឆាបឆេះអគារយ៉ាងសន្ធោសន្ធៅ។ ឧប្បត្តិហេតុនេះ កើតឡើង នៅស្រុក Tianzu ប៉ែកពាយ័ព្យប្រទេសចិន ដែលជាតំបន់ស្វយ័ត និងមានប្រជាជនទីបេរស់នៅយ៉ាងច្រើន។
ប្រភពផ្លូវការចិននេះ បានធ្វើតុល្យាការជាលើកដំបូងថា ការផ្ទុះឆេះនេះ បានបណ្តាលឲ្យមានស្លាប់និងរបួសមនុស្សរាប់សិបនាក់ មុននឹងជូនដំណឹងចុងក្រោយវិញថា គ្មានមនុស្សស្លាប់ ទេ គ្រាន់តែអ្នកត្រូវរបួសចំនួន៣៩នាក់ប៉ុណ្ណោះក្នុងនោះក៏មានអ្នករបួសធ្ងន់១៩នាក់ដែរ។
ទិនានុប្បវត្តិ”ប្រជាជន” ចិនវិញ ដែលដកស្រង់តាមទូរទស្សន៍តំបន់ បានគូសបញ្ជាក់ថា “ទីស្នាក់ការធនាគារ ត្រូវបានភ្លើងឆាបឆេះ គួរឲ្យស្លុតរន្ធត់បំផុត និងដែល ប្រហែលជាបង្កឡើងដោយជនដៃដល់ម្នាក់ ធ្លាប់ជាអតីតបុគ្គលិកនៃធនាគារនេះដែលត្រូវបានគេបញ្ឈប់ពីការងារដោយមកពីមានកំហុសធ្ងន់ធ្ងរក្នុងការងារ។ ចំណែកទីភ្នាក់ងារព័ត៌មាន”ចិនថ្មី” វិញ បានរៀបរាប់ពីទិដ្ឋភាពនៃ គ្រោះថ្នាក់នេះដែរ ថា” បុគ្គលិកធនាគារជាច្រើនរូប ដោយហេតុតែភ័យស្លន់ស្លោខ្លាំងពេក ពុំគិតឃើញអ្វីទាំងអស់ ក្រៅតែពីនាំគ្នាលោតហក់ចុះមកដី តាមមាត់បង្អួច នៅកន្លែងធ្វើការរបស់ខ្លួនដែលស្ថិតនៅជាន់ទី៤នៃអគារដើម្បីគេចឲ្យផុតពីចំណីភ្លើង។ រីឯ ជនជាប់មន្ទិលសង្ស័យវិញ ក៏ប្រហែលជារត់គេចខ្លួនរួច តែព័ត៌មាននេះត្រូវបានបដិសេធពីសំណាក់នរគបាល។
រូបភាពផ្សេងៗទៀត ដែលគេបានឃើញតាមរយៈwebsite ចិននាព្រឹកមិញនេះ ដែរ គឺ រូបភាពមន្រ្តីធនាគារចិនមួយចំនួនក្នុងសំលៀកបំពាក់អាវធំ ដែលបានរងគ្រោះ រលាកខ្លួន ឬ អវយវៈនោះ ត្រូវបានក្រុមសង្គ្រោះ ដឹកជម្លៀសចេញពីកន្លែងគ្រោះថ្នាក់តាមរយៈគ្រែស្នែង ។ នៅទីបំផុត ក្រុមសង្គ្រោះ ក៏បានសំរេចក្នុងការពន្លត់ភ្លើងអស់នៅរសៀលថ្ងៃសុក្រនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ