កូរ៉េខាងជើង

បស្ចិមលោក​បារម្ភដ្បិតមាន​ព័ត៌មាន​ថាកូរ៉េ​ខាងជើង​លក់គ្រឿង​មីស្ស៊ីល​និង​នុយក្លេអ៊ែរ​

អគ្គមគ្គទេសក៍​កូរ៉េខាងជើង Kim Jung-Il និង​លោក Hu Jintao ប្រធានាធិបតី​ចិន
អគ្គមគ្គទេសក៍​កូរ៉េខាងជើង Kim Jung-Il និង​លោក Hu Jintao ប្រធានាធិបតី​ចិន © Reuters

ពួក​បស្ចិម​ប្រទេស​ចង់​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ​របាយការណ៍​របស់​ អ្នក​ជំនាញ​ដែល​គេ​បាន​លើក​យក​មក​ជជែក​វែកញែក​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ។​ របាយការណ៍​​នោះលាត​ត្រដាង​ថា វិធានការ​ទណ្ឌកម្ម​អន្តរជាតិ​ដែល​ដាក់​ទៅ​លើ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​រំលោភ ពីព្រោះ​កូរ៉េ​ខាង​ជើង​លក់​គ្រឿង​សម្ភារៈ​មីស្ស៊ីល​និង​នុយក្លេអ៊ែរ​ទៅ​ឲ្យ​អៀរ៉ង់​និង​​ប្រទេស​អាស៊ី​ខាង​ត្បូង​ខ្លះ។ 

ផ្សាយពាណិជ្ជកម្ម

តើ​ត្រូវ​ឬ​មិន​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​របាយការណ៍​របស់​ពួក​អ្នក​ជំនាញ​មួយ​ក្រុម ​ដែល​អះអាង​ថា​ កូរ៉េ​ខាង​ជើង​បាន​និង​កំពុង​បន្ត​លក់​គ្រឿង​សម្ភារៈ​មីស្ស៊ីល ​និង​នុយក្លេអ៊ែរ​ទៅ​ឲ្យ​អៀរ៉ង់​និង​ទៅ​ឲ្យ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​ចំនួន? ​នេះ​ជា​សំណួរ​ដែល​កំពុង​ចោទ​ឡើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ តាំង​ពី​ថ្ងៃ​អង្គារ​ទី​១៧​ឧសភា​ម្សិល​មិញ​មក។

 
ចំពោះ​ពួក​បស្ចិម​ប្រទេស​ របាយការណ៍​នេះ​ស្តែង​ឲ្យ​ឃើញ​នូវ​ការ​អនុវត្តន៍​ទណ្ឌកម្ម​មិន​បាន​ម៉ត់ចត់​ល្អ​ទៅ​លើ​កូរ៉េ​ខាង​ជើង។ ​គួរ​គូស​បញ្ជាក់​ថា​ អង្គការ​សហ​ប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង ក្រោយ​ពី​ប្រទេស​នេះ​បាន​ពិសោធ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០០៦​និង​នៅ​ឆ្នាំ​២០០៩​រួច​មក។​ នៅ​ក្នុង​ចំណោម​ទណ្ឌកម្ម​ទាំង​នោះ រួម​មាន​ជា​អាទិ៍​ការ​ហាម​មិន​ឲ្យ​លក់​គ្រឿង​សម្ភារៈ​មីស្ស៊ីល​និង​នុយក្លេអ៊ែរ​ទៅ​ឲ្យ​ប្រទេស​ផ្សេង។

របាយការណ៍​នេះ​របស់​ពួក​អ្នក​ជំនាញ​អះអាង​ថា ​កូរ៉េ​ខាង​ជើង​​លក់​គ្រឿង​សម្ភារៈ​ទាំង​នេះ​ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​ប្រទេស​ និង​ថា​គ្រឿង​សម្ភារៈ​ទាំង​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្តហោះ​របស់​កូរ៉េ​ខាង​ជើង​និង​របស់​អៀរ៉ង់​តែ​ម្តង ​ដោយ​មាន​ការ​ចូល​ដៃ​ជួយ​ជ្រោមជ្រែង​ពី សំណាក់​ប្រទេស​ទី​បី។ ​បើ​យោង​ទៅ​តាម​ប្រភព​ការ​ទូត​ខ្លះ​ ប្រទេស​ទី​បី​នោះ​គឺ​ប្រទេស​ចិន។

យ៉ាង​ណា​ក៍​ដោយ​ កាល​ពី​ម្សិលមិញ​ប្រទេស​ចិន​បាន​អះអាង​ថា របាយការណ៍​នេះ​មិន​ជា​សំខាន់ និង​មិន​ជា​រសើប​ខ្លាំង​ដូច​ពាក្យ​គេ​ថា​នោះ​ទេ។ ​ចិន​ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្លួន​រក្សា​សិទ្ធិ​ក្នុង​ការ​ប្រឆាំង​មិន​ឲ្យ​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ជា​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI