ពួកតាលីបង់ប្រកាសថាខ្លួនជាអ្នកបង្កភេរវកម្មប្រឆាំងអាមេរិកនៅថ្ងៃសុក្រនេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប៉ាគីស្ថាន ចាប់ផ្តើមទទួលរងគ្រោះអំពើហិង្សាខ្លាំងឡើងវិញ ចាប់តាំងពីពេលបិនឡាដិន មេបណ្តាញភេរវនិយមអាល់កៃដាស្លាប់នៅក្នុងការវាយប្រហាររបស់កងកុម៉្មង់ដូពិសេស អាមេរិក កាលពីថ្ងៃទី២ឧសភាកន្លងមក។ នៅថ្ងៃសុក្រទី២០ ឧសភានេះ ពួកតាលីបង់ ទើបបានប្រកាសថា ខ្លួនបានធ្វើការបំផ្ទុះគ្រាប់បែកនៅក្នុង រថយន្តមួយគ្រឿង ប្រឆាំងទៅលើក្បួនរថយន្តនៃស្ថានកុងស៊ុលអាមេរិកនៅក្រុង Peshawar ដែលស្ថិតនៅប៉ែកពាយ័ព្យប្រទេសប៉ាគីស្ថាន។
លោក Alberto Rodriguez អ្នកនាំពាក្យនៃស្ថានទូតអាមេរិកប្រចាំប៉ាគីស្ថាន បានប្រកាសប្រាប់ថា “នៅក្នុងអំពើភេរវកម្មនេះ ពុំមានជនជាតិអាមេរិកាំងណាម្នាក់ត្រូវរងគ្រោះស្លាប់ ឬក៏រងរបួសធ្ងន់នោះទេ។ ផ្ទុយទៅវិញ មានអ្នកថ្មើរជើងម្នាក់ត្រូវរងគ្រោះស្លាប់ និងជនប៉ាគីស្ថាន១០នាក់ផ្សេងទៀតត្រូវរងរបួស។ ក៏ប៉ុន្តែយោងតាម មន្រ្តីប៉ូលិសប៉ាគីស្ថាន ភ្នាក់ងារសន្តិសុខអាមេរិកាំងពីររូប ត្រូវរងរបួសស្រាលនៅក្នុងភេរវកម្មបំផ្ទុះគ្រាប់បែកលើកនេះ។
មន្ត្រីប៉ូលិស ប៉ាគីស្ថានដដែលនេះ បានថ្លែងទៀតថា ពួកភេរវជន បានដាក់បង្កប់គ្រឿងផ្ទុះប្រមាណជា៥០ គីឡូក្រាមនៅក្នុងរថយន្តមួយគ្រឿង ចតនៅលើផ្លូវធំមួយ ដែលជាសង្កាត់សំបូរអ្នកការទូតលោកខាងលិចរស់នៅ។ រថយន្តស្ថានទូតអាមេរិកមួយគ្រឿង ក្នុងចំណោម ពីរគ្រឿងដែលត្រូវបើកសំដៅទៅស្ថានកុងស៊ុល ត្រូវបានរងប៉ះពាល់ដោយការបំផ្ទុះនេះ។
ស្របគ្នានេះ អ្នកនាំពាក្យម្នាក់នៃ ពួកឧទ្ទាម តាលីបង់ នៅក្នុងប្រទេស ប៉ាគីស្ថាន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទថា ពួកតាលីបង់ នឹងបន្តការវាយប្រហារបែបនេះតទៅមុខទៀត ប្រឆាំងទៅលើក្រុមអ្នកការទូត នៃបណ្តាប្រទេសណាដែលជាសមាជិកនៃអង្គការអូតង់។
ម្យ៉ាងទៀត បណ្តាញភេរវនិយម អាល់កៃដា និងពួកតាលីបង់ប៉ាគីស្ថាន ធ្លាប់បានសន្យារួចមកហើយថា ពួកគេនឹងធ្វើការសងសឹកជាដាច់ខាត ជួសឲ្យខ្មោច បិនឡាដិន។ ជាភ័ស្តុតាង កាលពីថ្ងៃទី ១៣ឧសភាកន្លងទៅនេះ ពួកតាលីបង់ប៉ាគីស្ថាន បានបង្ក អំពើភេរវកម្មអត្តឃាតពីរលើក នៅមុខសាលាយោធាប៉ូលិសប៉ាគីស្ថានមួយ ដែលស្ថិតនៅប៉ែកពាយ័ព្យប៉ាគីស្ថាន ជាហេតុបណ្តាលឲ្យមានស្លាប់ជនចំនួន ៨០នាក់ ក្នុងចំណោមនេះភាគច្រើនជាពួកយុវជនដែលត្រូវបានគេជ្រើសរើសដើម្បីហ្វឹកហាត់សំរាប់ចូលបំរើនៅក្នុងជួរប៉ូលិស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ