អូឡាំពិក

ទីក្រុងព្យុងឆាង​នៃប្រទេស​កូរ៉េខាងត្បូង​ត្រូវ​រៀបចំ​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០១៨​

ទីក្រុង​ព្យុងឆាង​​នៃ​ប្រទេស​​កូរ៉េ​ខាងត្បូង​​អបអរ​នឹង​ទទួល​​បាន​ជ័យជំនះ​ក្នុង​ការ​​ប្រកួត​​​​ទទួល​​រៀបចំ​​ពិធី​​កីឡា​​អូឡាំពិក​​រដូវ​រងានៅ​ឆ្នាំ២០១៨​
ទីក្រុង​ព្យុងឆាង​​នៃ​ប្រទេស​​កូរ៉េ​ខាងត្បូង​​អបអរ​នឹង​ទទួល​​បាន​ជ័យជំនះ​ក្នុង​ការ​​ប្រកួត​​​​ទទួល​​រៀបចំ​​ពិធី​​កីឡា​​អូឡាំពិក​​រដូវ​រងានៅ​ឆ្នាំ២០១៨​ © REUTERS/Jo Yong-Hak

នៅ​ថ្ងៃពុធ​ទី៦​កក្កដា​ឆ្នាំ២០១១​នៅ​ទីក្រុង​ Durban ​គណៈកម្មាធិការ​អន្តរជាតិ​អូឡាំពិក​បាន​ប្រកាស​ឲ្យ​ដឹងថា​ ​ ទីក្រុង​ព្យុងឆាង​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ទទួល​បាន​ជ័យជំនះ​នៅជុំ​ទីមួយ​ក្នុង​ការ​ប្រកួត​ប្រជែង​ទទួល​រៀបចំ​ ពិធី​កីឡា​អូឡាំពិក​រដូវរងា​លើកទី២៣​ នៅ​ឆ្នាំ២០១៨។​ ដូច្នេះ​ នៅឆ្នាំ២០១៨​ខាងមុខនេះ​ ​ ទ្វីបអាស៊ី​នឹង​ត្រូវ​ធ្វើការ​ទទួល​រៀបចំ​ ពិធី​កីឡា​អូឡាំពិក​រដូវរងា​ជាលើក​ទីបី​ ​ បន្ទាប់​ពី​ទីក្រុង​សាប៉ូរ៉ូ​នៅឆ្នាំ១៩៧២​និង​ទីក្រុង​ណាងាណូ​នៅឆ្នាំ១៩៩៨។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ការប្រកាស​ឲ្យ​ដឹង​ ​ នៅ​ថ្ងៃពុធ​ទី៦​កក្កដា​ឆ្នាំ២០១១​នៅ​ទីក្រុង​ Durban ​ ​ពី​លទ្ធផល​នៃ​ការ​ប្រកួត​ប្រជែង​ទទួល​រៀបចំ​ ពិធី​កីឡា​អូឡាំពិក​រដូវរងា​លើកទី២៣​ នៅ​ឆ្នាំ២០១៨​ថា​ ​ ធ្លាក់​ទៅលើ​ទីក្រុង​ព្យុងឆាង​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ភ្លាម​ ​ ​ប្រធាន​នៃ​គណៈកម្មាធិការ​អន្តរជាតិ​អូឡាំពិក​លោក​ Jacques Rogge បាន​សម្តែង​ឲ្យ​ដឹងភ្លាម​ពី​ការ​ភ្ញាក់​ផ្អើល​របស់លោក​ដែល​ទីក្រុង​ព្យុងឆាង​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ទទួល​បាន​ជ័យជំនះ​នៅជុំ​ទីមួយ​បែបនេះ។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​ លោក​ Jacques Rogge​ ថ្លែងថា​ ​ “​ជោគជ័យ​របស់​ទីក្រុង​ព្យុងឆាង​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​គឺបាន​មកពី​ការតស៊ូ​និង​ការព្យាយាម​”​។​ សូមបញ្ជាក់ថា​ ​ ទីក្រុង​ព្យុងឆាង​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ទទួល​បាន​ការគាំទ្រ​៦៣សំឡេង​ ​ ទល់នឹង​២៥សំឡេង​សម្រាប់​ទីក្រុង​Munich នៃ​ប្រទេស​អាល្លឺម៉ង់​ ​ ហើយនិង​៧សំឡេង​សម្រាប់​ទីក្រុង​អានស៊ី​នៃ​ប្រទេស​បារាំង។

 
គួរកត់​សម្គាល់ថា​ ​ កាលនៅ​ឆ្នាំ២០០៣​នៅ​ទីក្រុង​Prague ​ ​ ទីក្រុង​ព្យុងឆាង​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ទទួល​បរាជ័យ​នៅ​ចំពោះមុខ​ទីក្រុង​Vancouver ក្នុង​ការ​ប្រកួត​ប្រជែង​ទទួល​រៀបចំ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ឆ្នាំ២០១០​ ​ ដោយ​ខ្វះ​សំឡេង​គាំទ្រ​៣សំឡេង។​ ហើយនៅ​ឆ្នាំ២០០៧​នៅទីក្រុង​Guatemala City ​ ​ ទីក្រុង​ព្យុងឆាង​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ទទួល​បរាជ័យ​ម្តងទៀត​នៅ​ចំពោះមុខ​ទីក្រុង​ Sotchi ​នៅ​ជុំទីពីរ​ ​ ក្នុង​ការ​ទទួល​រៀបចំ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ឆ្នាំ២០១៤។

ដូច្នេះ​ ​ការ​ទទួល​រៀបចំ​ពិធី​កីឡា​អូឡាំពិក​រដូវរងា​លើកទី២៣​ នៅ​ឆ្នាំ២០១៨​ខាងមុខ​នេះ​ ​ នឹងត្រូវ​ធ្លាក់​ទៅលើ​ទីក្រុង​ព្យុងឆាង​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ បន្ទាប់​ពី​ទីក្រុង​សាប៉ូរ៉ូ​នៅឆ្នាំ១៩៧២​និង​ទីក្រុង​ណាងាណូ​នៃ​ប្រទេស​ជប៉ុន​នៅឆ្នាំ១៩៩៨។​ ទាំងនេះ​ក៏​ប្រហែល​ជា​សមាជិក​៩៥រូប​នៃ​គណៈកម្មាធិការ​អន្តរជាតិ​អូឡាំពិក​មាន​គំនិត​គិត​ចង់​រក្សា​ទុកឲ្យ​ទីក្រុង​ Rome នៃ​ប្រទេស​អ៊ីតាលី​មាន​ភ័ព្វ​សំណាង​នឹង​រៀបចំ​ល្បែង​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅឆ្នាំ២០២០​ ​ ក្រោយ​ពី​ទីក្រុង​ឡុងដ្រឹ៍​នៅ​ឆ្នាំ២០១២​ ​ ហើយនិង​ចង់​ជួយ​អភិវឌ្ឍ​ ​“​ទីផ្សារ​​”​ នៃ​កីឡា​រំអិល​ទឹកកក​នៅ​ទ្វីប​អាស៊ី​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI