ការបោះឆ្នោតជ្រើសរើសទីប្រឹក្សាក្រុងនិងតំបន់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការបោះឆ្នោតជ្រើសរើសទីប្រឹក្សាក្រុងនិងតំបន់ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ២៤កក្កដានេះ នៅកូរ៉េខាងជើង។ លទ្ធផលនៃការបោះឆ្នោតនេះ ប្រាកដជាពុំធ្វើឲ្យមានការមន្ទិលសង្ស័យអ្វីសោះឡើយ នៅក្នុងប្រទេសមួយដែលកាន់កាប់ដោយកណ្តាប់ដៃដែក ដោយគណបក្សពលករក្តាប់រដ្ឋអំណាចចាប់ពីឆ្នាំ១៩៤៥មក។ ការបោះឆ្នោតនេះ ត្រូវអនុញ្ញាតឲ្យបណ្តុះបណ្តាលក្របខ័ណ្ឌវ័យក្មេងជាងនិងជិតដិតនឹងលោក Kim Jong-un ជាអ្នកស្នងតំណែងកំណត់ដៅទុកជាមុនរបស់ « អគ្គមគ្គុទ្ទេសក៍ដ៏មហិមា» Kim Jong-il។ ការបោះឆ្នោតនេះ ក៏មានទាំងមុខងារត្រួតពិនិត្យមើលសង្គមផងដែរ។
« ចូរយើងបង្ហាញកម្លាំងនៃឯកភាពជាធ្លុងមួយរបស់យើង »-នេះជាពាក្យពេចន៍លើប័ណ្ណប្រកាសបោះឆ្នោតបិទនៅពេញផ្ទៃប្រទេសកុម្មុយនិស្ត។ នៅថ្ងៃអាទិត្យ ២៤ កក្កដានេះ នឹងមានការជ្រើសតាំងប្រតិភូចំនួន ២ម៉ឺន៦០០០នាក់ប្រចាំនៅគណៈកម្មាធិការប្រជាជននៃទីក្រុងនិងខែត្រនីមួយៗ។
តាមពិតការបោះឆ្នោតនេះ ធ្វើគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ ដ្បិតសុទ្ធសឹងជាបេក្ខជនតំណាងឲ្យតែគណបក្សពលករមួយប៉ុណ្ណោះ។ លទ្ធផលនៃការបោះឆ្នោត មិនធ្វើឲ្យមានការងឿងឆ្ងល់អ្វីឡើយ។ នៅឱកាសបោះឆ្នោតឆ្នាំ ២០០៧ អ្នកដែលបានទៅបោះឆ្នោត មានចំនួន ៩៩.៨២%។
នៅកូរ៉េខាងជើង ការបោះឆ្នោតត្រូវគេចាត់ទុកជាថ្ងៃប្រារព្ធពិធីបុណ្យមួយ ដើម្បីលើកតម្កើងរបបគ្រប់គ្រង។ នៅឆ្នាំ ២០០៧ នៅទីក្រុងព្យុងយ៉ាង យើងបានឃើញបណ្តាជនស្លៀកពាក់សម្លៀកបំពាក់ល្អៗបំផុតធ្វើដំណើរព្រមគ្នាទាំងអស់ ទៅកាន់ការិយាល័យបោះឆ្នោត។ នៅតាមវិថីនានា វង់ភ្លេង បានធ្វើឲ្យគ្រួសាររាំច្រៀង គ្រួសារដែលទំនងជាឆ្លៀតឱកាសបោះឆ្នោតនេះ ដ្បិតនៅកូរ៉េខាងជើង ឱកាសសំរាប់លេងសប្បាយ មានមិនច្រើនទេ។
ស្របតាមអង្គការក្រៅរដ្ឋាភិបាលកូរ៉េខាងត្បូង Daily NK អាជ្ញាធរកូរ៉េខាងជើងក៏ទាំងប្រើការបោះឆ្នោតនេះ ដើម្បីត្រួតពិនិត្យមើលបញ្ជីឆ្នោតរបស់ខ្លួនឲ្យត្រូវតាមកាលៈទេសៈ។ គឺក៏អាចស្គាល់អត្តសញ្ញាណរបស់ជនដែលបានរត់ភៀសខ្លួនទៅប្រទេសចិន ឬ កូរ៉េខាងត្បូងដូច្នេះគំរាមកំហែងគ្រួរសារគេដែលស្ថិតនៅកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ