កូរ៉េខាងជើងរៀបចំធ្វើសមយុទ្ធ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសកូរ៉េខាងជើងរៀបចំធ្វើសមយុទ្ធពិសេសមួយដែលអាចចាប់ផ្តើមនៅសប្តាហ៍នេះនៅក្នុងតំបន់ដ៏រសើបមួយនៅសមុទ្រលឿង។ សមយុទ្ធនេះមានចូលរួមដោយកងកម្លាំងជើងទឹក ជើងអាកាស និងកងកម្លាំងជើងគោកផងទៀត។
បើយោងតាមព័ត៌មានបានមកពីកូរ៉េខាងត្បូងនៅថ្ងៃអង្គារទី២៦កក្កដានេះ ប្រទេសកូរ៉េខាងជើងបានរៀបចំប្រមូលផ្តុំនៅលំហសមុទ្រជិតកំពង់ផែណាមប៉ូនូវនាវាចម្បាំងរបស់គេប្រមាណម្ភៃប្លាយគ្រឿង ដែលក្នុងនោះមាននាវាដឹកជញ្ជូនទ័ពផង។ ទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយយន្តហោះចម្បាំង Mig-21 របស់គេនៅមូលដ្ឋានOnchon។ នេះបើយោងតាមទីភ្នាក់ងារកូរ៉េខាងត្បូងYonhap។
បើយោងតាមសារព័ត៌មាន JoongAng Daily គេក៏បានផ្តល់ព័ត៌មានដូចគ្នាអ៊ីចឹងដែរ។ សមយុទ្ធរបស់កូរ៉េខាងជើងនេះ អាស្រ័យទៅលើលក្ខណៈអាកាសធាតុ ហើយប្រហែលជាអាចប្រព្រឹត្តទៅក្រោយថ្ងៃពុធស្អែក។ នេះបើផ្អែកលើប្រភពព័ត៌មានផ្សាយឲ្យដឹងដោយទីភ្នាក់ងារកូរ៉េខាងត្បូងYonhap។
គួរបញ្ជាក់ថា ថ្ងៃពុធទី២៧កក្កដាឆ្នាំ២០១១គឺជាថ្ងៃខួបទី៥៨ឆ្នាំនៃការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងយុទ្ធសន្តិភាពដែលបានបិទបញ្ចប់សង្គ្រាមកូរ៉េ (១៩៥០-១៩៥៣)។
សមយុទ្ធនៅរដូវក្តៅគឺជាការធម្មតាទៅហើយសម្រាប់ប្រទេសកូរ៉េខាងជើង។ ក៏ប៉ុន្តែ អ្វីដែលចម្លែកគឺការធ្វើសមយុទ្ធដោយកងកម្លាំងយោធាទាំងជើងទឹក ជើងអាកាស និងជើងគោកនៅពេលជាមួយគ្នា ហើយនៅចំពេលថ្ងៃខួបនៃការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងយុទ្ធសន្តិភាព។
សមយុទ្ធរបស់កូរ៉េខាងជើងនេះអាចជាចម្លើយឆ្លើយតបទៅនឹងការពង្រឹងកម្លាំងយោធារបស់ទីក្រុងសេអ៊ូលដើម្បីការពារកោះដែលឋិតនៅព្រំដែនកូរ៉េទាំងពីរនៅសមុទ្រលឿង ដែលធ្លាប់ជាឆាកប្រយុទ្ធគ្នាមួយដ៏សាហាវកាលពីឆ្នាំទៅ។
គួរកត់សម្គាល់ថា កាលពីថ្ងៃចន្ទម្សិលមិញ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ចុងអ៊ីលនិងកូនប្រុសគីម ចុងអ៊ុនបានទៅទីបញ្ជាការនៃកងកម្លាំងជើងទឹកកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាង។ ការទៅទីបញ្ជាការនៃកងកម្លាំងជើងទឹកបែបនេះ ជាការកើតមានជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០០២មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ