មនុស្សស្លាប់យ៉ាងតិច ៥៧នាក់នៅក្នុងទឹកជំនន់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្លៀងធា្លក់ខ្លាំងឥតឈប់ឈរ តាំងពីមួយសប្តាហ៍មកហើយនៅតាមបណ្តាខេត្តជាច្រើននៅប្រទេសចិនដូច ជានៅ Sichuan(ប៉ែកនិរតី) Shaanxi(ខាងជើង) និងនៅ Henan(ប៉ែកកណ្តាល)ប្រទេស ជាហេតុបណ្តាលឲ្យមានទឹកជំនន់ដ៏ធំ។ គ្រោះមហន្តរាយទឹកជំនន់បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិចចំនួន ៥៧ នាក់បាត់ខ្លួន ជាច្រើនសិបនាក់ទៀត។ ស្របគ្នានេះដែរ ប្រជាជនចិនប្រមាណជាង១លាននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពី ផ្ទះសម្បែងរបស់ខ្លួន។ នេះ បើយោងតាមការជូនដំណឹងរបស់អាជ្ញាធរចិននៅថ្ងៃអង្គារ២០កញ្ញានេះ។
នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងកិច្ចការស៊ីវិលចិននៅថ្ងៃចន្ទ១៩កញ្ញាម្សិលមិញបានឲ្យដឹងថា ប្រជាជនចិនចំនួន ១លាន២សែននាក់ បានជម្លៀសចេញហើយពីលំនៅឋានរបស់ខ្លួន ដោយសរុប ប្រជាជនចំនួន ១២លាន៣សែននាក់ត្រូវទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់។
ម្យ៉ាងទៀតទឹកជំនន់នេះ ក៏ញុំាងឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរដែរ ពីព្រោះ លំនៅឋានចំនួន ១២ម៉ឺនកន្លែង ត្រូវអន្តរាយដោយដួលរលំ រីឯការខូចខាតខាងផ្នែកសេដ្ឋកិច្ចវិញ បើគិតជាទឹកប្រាក់ មានចំនួន ប្រមាណជា១ម៉ឺន៧២៧០លានយ័ន ឬស្មើនឹង ១៩៨០លានអឺរ៉ូ។
ទន្ទឹមគ្នានេះ ក្រុមអ្នកជួយសង្គ្រោះ បានធ្វើដំណើរជាបន្ទាន់ទៅកាន់ទីកន្លែងរងគ្រោះ ដើម្បី នាំយក ជំរំសំពត់ ភួយនិងសម្លៀកបំពាក់យកទៅចែកចាយឲ្យដល់ជនរងគ្រោះដោយទឹកជំនន់។
ឥឡូវនេះកម្រិតទឹកនៅដៃទន្លេខ្លះជាអាទិ៍នៅ Yangtsé ដែលជាទន្លេដ៏វែងជាងគេនៅក្នុងប្រទេសចិន បានបន្តកើនឡើងប្រកបដោយគ្រោះថ្នាក់បំផុតនៅទីកន្លែងជាច្រើនទៀត បើទោះបីជា ភ្លៀងបានឈប់ធ្លាក់មួយរយៈពេលក្តី។
នៅឯខេត្ត Sichuanវិញ ទឹកស្ទឹងJialing បានឡើងហួសកំពស់៧ម៉ែត្រហើយដែលជាកម្រិតអាសន្នអាចបណ្តាលឲ្យមានជំនន់ ហើយ ទឹកស្ទឹង Jialing នេះអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតដូចធ្លាប់មានម្តងនៅឆ្នាំ១៨៤៧។
ជារៀងរាល់ឆ្នាំ ប្រទេសចិន តែងតែទទួលរងគ្រោះដោយទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពេកនៅចុងរដូវក្តៅ។ ដូចជានៅឆ្នាំ ២០១០កន្លងផុតទៅនេះ គ្រោះធម្មជាតិនេះ បានសម្លាប់ជីវិតមនុស្សឬក៏ បណ្តាលឲ្យបាត់ខ្លួនជន ប្រមាណជាង ៤៣០០នាក់។ គ្រាន់តែនៅខែសីហាឆ្នាំ២០១០ ការបាក់ស្រុតដីនៅខេត្ត Gansuដែលស្ថិត នៅប៉ែកពាយ័ព្យនៃប្រទេសចិន បានសម្លាប់មនុស្សអស់១៥០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ