ចិន-ភូមា

ប៉េកាំង​បារម្ភពីការ​បោះបង់​គម្រោង​ទំនប់ទឹក​នៅភូមា​

នៅលើ​ទន្លេ​​ Irrawady​  ដែល​គេ​​គ្រោង​​សាងសង់​ទំនប់​​​វារីអគ្គិសនី​
នៅលើ​ទន្លេ​​ Irrawady​ ដែល​គេ​​គ្រោង​​សាងសង់​ទំនប់​​​វារីអគ្គិសនី​ © Luc Auberger

នៅទីបំផុត​ ​ ទីក្រុង​ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​នៅ​ថ្ងៃសៅរ៍​ទី១​តុលា​ ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការ​បោះបង់​គម្រោង​ទំនប់ទឹក​ដែល​ត្រូវ​សាងសង់​នៅ​ លើទន្លេ​ Irrawady ​ ​ ក្រោយពី​មាន​ការ​ប្រកាស​ជា​ឯកតោភាគី​បោះបង់​គម្រោង​សាងសង់​ស្ថានីយ​ វារីអគ្គិសនី​ដោយ​លោក​ប្រធានាធិបតី​ភូមា។​ ទាំងនេះ​ ​ ដោយហេតុតែ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ទៅ​នឹង​គម្រោង​ សាងសង់​ទំនប់ទឹក​ដែល​មាន​ប្រទេស​ចិន​ជាអ្នក​ផ្តល់​ហិរញ្ញប្បទាន។

ផ្សាយពាណិជ្ជកម្ម

ប្រទេសចិន​បាន​ជា​បាត់បង់​ថាមពល​អគ្គិសនី​ដែល​នឹង​ផលិត​នៅ​ប្រទេស​ភូមា​រួចទៅហើយ។​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​ពុំចង់​បាក់​មុខមាត់​ឡើយ។​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​ចិន​បាន​ព្រមានថា​ ​ “​ប្រទេស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ ​ ត្រូវតែ​ធានា​ឲ្យ​មាន​នីត្យានុកូលភាព​ ​ និង​គោរព​ភាព​ពេញ​លក្ខណៈ​ច្បាប់​របស់​ក្រុមហ៊ុន​ចិន”​។​ អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​គូស​បញ្ជាក់​ទៀតថា​ ​ “​ការសាងសង់​ទំនប់​វារីអគ្គិសនី​គឺជា​គម្រោង​វិនិយោគទុន​រួមគ្នា​មួយ​រវាង​ប្រទេស​ចិន​និង​ប្រទេស​ភូមា​ ​ ហើយ​ភាគី​ទាំងពីរ​បាន​ពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់”​។

 
នេះ​ប្រទេសចិន​ចង់​រំលឹក​ឲ្យដឹងថា​ ​ គម្រោង​សាងសង់​ស្ថានីយ​វារីអគ្គិសនី​នេះ​បាន​ត្រូវ​ស្នើ​ដោយ​ពួកយោធា​ភូមា​តាំងពី​ឆ្នាំ២០០៦​ម៉្លេះ​។​ ហើយ​គម្រោងការនេះ​ ​ បាន​ត្រូវ​លើកយក​មក​ពិភាក្សា​គ្នា​ម្តងទៀត​ ​ នាឱកាស​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​ភូមា​នៅ​ទីក្រុង​ប៉េកាំង​នៅខែ​កញ្ញា​​ឆ្នាំទៅ។​ ក្នុងវិស័យ​ថាមពល​ ​ ​ប្រទេស​ចិន​សង្ឃឹម​យ៉ាងខ្លាំង​ទៅលើ​ប្រទេស​ភូមា។

ប្តូរនឹង​ការផ្តល់​សព្វាវុធ​ចិន​ឲ្យ​យោធា​ភូមា​ ​ ទីក្រុង​ប៉េកាំង​សង្ឃឹមថា​ ​ នឹងអាច​ធ្វើការ​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈដោយ​ប្រើ​មហាសាគរ​ឥណ្ឌា​ ​ ដោយ​ធ្វើការ​ឆ្លងកាត់​តាមរយៈ​ប្រទេស​ភូមា។​ ទាំងនេះ​ ​ ដើម្បី​ចៀសវាង​កុំឲ្យ​នាវា​ដឹកប្រេង​ Supertankers ​ធ្វើដំណើរ​ឆ្លងតាម​ច្រក​សមុទ្រ​ម៉ាឡាកា​ដែល​សម្បូណ៌​ទៅដោយ​ចោរ​សមុទ្រ។

ហើយ​អ្វី​ដែល​ទីក្រុង​ប៉េកាំង​បារម្ភ​ជាងគេ​គឺ​ការបោះបង់​គម្រោង​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ដែល​អាចក្លាយ​ជា​ការ​ជួយលើក​ទឹកចិត្ត​ដល់​បក្សប្រឆាំង​ភូមា។​ ហើយ​គម្រោង​សាងសង់​បំពង់​បង្ហូរប្រេង​ពីរទៀត​ឋិតនៅ​ប៉ែក​ខាងលិចនៃ​ប្រទេស​ភូមា​សម្រាប់​ផ្តល់​ប្រេងឥន្ធនៈ​ឲ្យ​ទៅ​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន​ក៏​បាន​ទទួល​រង​ការ​ប្រឆាំង​យ៉ាងខ្លាំង​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI