ស៊ីរី

ពួកអ្នក​ប្រឆាំង​​ស៊ីរី​នាំគ្នា​​បង្កើត​​ “ក្រុម​ប្រឹក្សា​ជាតិ”​​​

លោកស្រី Basma Qadmani នៅពេល​ប្រជុំ​ “​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​” ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​នៅ​ថ្ងៃទី២​តុលា​ឆ្នាំ២០១១
លោកស្រី Basma Qadmani នៅពេល​ប្រជុំ​ “​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​” ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​នៅ​ថ្ងៃទី២​តុលា​ឆ្នាំ២០១១ © RFI

ប្រាំពីរខែ​ក្រោយពីមាន​បាតុកម្ម​ប្រឆាំង​ហើយនិង​ជំនួប​ប្រជុំ​រាប់​សប្តាហ៍រួចមក​ ​ ពួកអ្នក​ប្រឆាំង​ស៊ីរី​បាន​ប្រកាស​នៅ​ថ្ងៃទី​២តុលា​ឆ្នាំ២០១១​នៅទីក្រុង​អ៊ីស្តង់ប៊ូល​ឲ្យដឹងថា​ ​ ពួកគេ​បាន​នាំគ្នា​បង្កើត​ឲ្យមាន ​“​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​” ​មួយ​​ដែល​ក្នុងនោះ​មាន​ប្រមូល​ប្រជុំ​គ្រប់​ចរន្ត​នយោបាយ​នៃ​បក្ស​ប្រឆាំង​នឹង​ របបផ្តាច់ការ​បាស្ហារ​អែល-អាស្សាដ។​ នេះពិត​ជា​សេចក្តី​ប្រកាស​ជា​ប្រវត្តិសាស្ត្រ។

ផ្សាយពាណិជ្ជកម្ម

នេះ​ជាការ​សាកល្បង​ជាលើក​ទីមួយ​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្រប់​ចរន្ត​នយោបាយ​នៃ​បក្ស​ប្រឆាំង​នឹង​របបផ្តាច់ការ​បាស្ហារ​អែល-អាស្សាដ​។

 
បួនខែ​ក្រោយពី​មាន​ជំនួប​ប្រជុំ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​និង​នៅ​ទីក្រុង​ដាម៉ាស់​រួចមក​ ​ បក្ស​ប្រឆាំង​ប្រមាណ​៨០%​ទាំងក្នុង​ប្រទេស​និង​ទាំងក្រៅ​ប្រទេស​បាន​នាំគ្នា​បង្កើត​ឲ្យ​មាន​“​ក្រុមប្រឹក្សា​ជាតិ​”។

នៅក្នុង​“​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​”​នេះ​ ​ មាន​ពួក​អ្នក​សេរីនិយម​បាន​ទាមទារ​ឲ្យមាន​កំណែ​ទម្រង់​ជា​ច្រើន​អស់រយៈ​ពេល​ជាង​១០ឆ្នាំ​មកហើយ។​ ចំណែកឯ​គណៈកម្មាធិការ​សម្រប​សម្រួល​ក្នុង​ស្រុក​​ (LCC) ដែលជា​អ្នក​រៀបចំ​ឲ្យ​មាន​បាតុកម្ម​នៅក្នុង​ប្រទេស​ក៏​មាន​វត្តមាន​នៅក្នុង​“​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី​”​នេះ​ដែរ។​ ហើយក៏​មាន​វត្តមាន​ផងទៀត​​ ​ គណបក្ស​ kurdes និង​ assyriens ​ព្រមទាំង​អ្នកតំណាង​កុលសម្ព័ន្ធ។

ជាពិសេស​ ​ វត្តមាន​របស់​ពួក​ភាតរបុត្រ​អ៊ីស្លាម​ les Frères musulmans ​ដែល​ជាអ្នក​ឈរ​នៅ​ជួរមុខ​គេ​នៅក្នុង​បាតុកម្ម​នៅ​ប្រទេស​ស៊ីរី​ ​ ហើយក៏ជា​បក្សប្រឆាំង​ដែល​មាន​ការរៀបចំ​ប្រសើរ​ជាងគេ​ផងទៀត។​ ទោះបីជា​បក្ស​ប្រឆាំង​ភាតរបុត្រ​អ៊ីស្លាម​ les Frères musulmans ​ពុំបាន​ទទួល​ការ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​ស៊ីរី​ក៏ដោយ។

ផ្ទុយទៅវិញ​ ​ បក្សប្រឆាំង​ឆ្វេងនិយម​ឬ​ណាស្ស៊ែរនិយម​ nassérienne ​គ្មាន​វត្តមាន​នៅក្នុង​​“​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី​”​នេះ​ឡើយ។

គោលបំណង​របស់​បក្សប្រឆាំង​ស៊ីរី​គឺ​ចង់​បង្ហាញ​ឲ្យ​សហគមន៍​អន្តរជាតិ​ឃើញ​មុខមាត់​ប្រកប​ដោយ​ “ឯកភាព”​ របស់​ពួកគេ​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ទំនុកចិត្ត​ទៅលើ​ពួកអ្នក​ប្រឆាំង​​ស៊ីរី។

ដំណឹង​បង្កើត​​“​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​”​នេះ​បាន​ទទួល​ការ​ស្វាគមន៍​ដោយ​បាតុកម្ម​រាត្រី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ផងទៀត។​ ចំណែកឯ​អ្នកប្រឆាំង​ស៊ីរី​វិញ​ ​ ពួកគេ​ទាមទារ​យ៉ាងដាច់ខាត​ឲ្យ​ របបផ្តាច់ការ​បាស្ហារ​អែល-អាស្សាដ​ដួលរលំ​រលាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI