អាហ្វហ្កានីស្ថាន-ឥណ្ឌា

អាហ្វហ្កានីស្ថាន​ស្វែងរក​ជំនួយ​យុទ្ធសាស្ត្រ​ពីឥណ្ឌា​ដើម្បី​ទប់ទល់នឹង​ប៉ាគីស្ថាន​

លោក​ប្រធានាធិបតី​​អាហ្វហ្កានីស្ថាន​​ហាមីឌ​ការហ្សៃ​(ឆ្វេង)​និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅទីក្រុង​ញីវដែលី
លោក​ប្រធានាធិបតី​​អាហ្វហ្កានីស្ថាន​​ហាមីឌ​ការហ្សៃ​(ឆ្វេង)​និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅទីក្រុង​ញីវដែលី © REUTERS/B Mathur

​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហាមីឌ​ការហ្សៃ​បាន​អញ្ជើញ​ទៅ​ តាំងពី​ថ្ងៃអង្គារ​ទី៤​តុលា​ដើម្បី​បំពេញ​ទស្សនកិច្ច​ចំនួន​ពីរថ្ងៃ​នៅ​ ប្រទេស​ឥណ្ឌា។​ ទាំងនេះ​ក៏​ដោយហេតុតែ​ទីក្រុង​កាប៊ូល​និង​ទីក្រុង​ញីវដែលី​ចង់​ពង្រឹង​ដៃគូ​ យុទ្ធសាស្ត្រ​រវាង​អាហ្វហ្កានីស្ថាន ​និង​ឥណ្ឌាដើម្បី​​​ទប់ទល់​​នឹង​​ប្រទេស​ប៉ាគីស្ថាន។

ផ្សាយពាណិជ្ជកម្ម

នេះ​ជាលើក​ទីពីរ​ហើយ​ដែល​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហាមីឌ​ការហ្សៃ​បាន​អញ្ជើញ​ទៅ​រដ្ឋធានី​ឥណ្ឌា​ដើម្បី​សុំ​ជំនួយ​ពី​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុងខណៈ​ដែល​ប្រទេស​អាហ្វហ្កានីស្ថាន​កំពុង​ត្រូវ​ធ្វើការ​ប្រឈម​មុខ​ទល់នឹង​អំពើ​ហិង្សា​ដ៏​សែន​ឃោរឃៅ។

 
ទស្សនកិច្ច​របស់​លោក​ហាមីឌ​ការហ្សៃ​នេះ​ធ្លាក់ចំ​ពេល​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​ប៉ាគីស្ថាន​ អាហ្វហ្កានីស្ថាន​និង​សហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់ចុះ​ដុនដាប។​ ទាំងនេះ​ពីរ​សប្តាហ៍​ក្រោយពី​មាន​ឃាតកម្ម​ទៅលើ​រូបលោក​អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ Rabbani ​​ ហើយនិង​ពីរខែ​ក្រោយពី​មាន​ឃាតកម្ម​ទៅលើ​រូប​ប្អូនប្រុស​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហាមីឌ​ការហ្សៃ​និង​​ទីប្រឹក្សា​​របស់​​លោក​។
​ឃាតកម្ម​ទាំងនោះ​បានត្រូវ​ទីក្រុង​កាប៊ូល​និង​ទីក្រុង​វ៉ាស៊ីនតោន​សន្និដ្ឋាន​ថា​ជា​ស្នាដៃ​របស់​ពួក​ Haqqani ​ដែលជា​សម្ព័ន្ធមិត្ត​របស់​ពួក​តាលីបង់​ គាំទ្រ​ដោយ​ប្រទេស​ប៉ាគីស្ថាន។

គួរបញ្ជាក់ថា​ ​ ដោយ​លង់ខ្លួន​ទៅក្នុង​ភាព​ច្របូក​ច្របល់​ខ្លាំង​ ​ ប្រទេស​អាហ្វហ្កានីស្ថាន​កំពុង​ស្វែងរក​ជំនួយ​យុទ្ធសាស្ត្រ​ពី​សំណាក់​ប្រទេស​សម្ព័ន្ធមិត្ត​ជិតខាង​ដ៏​សំខាន់​ពោលគឺ​ប្រទេស​ឥណ្ឌា​ ​ ដើម្បី​ទប់ទល់​នឹង​ការប៉ុនប៉ង​មកពី​ប្រទេស​ប៉ាគីស្ថាន​ ​ ក្នុងបំណង​ធ្វើឲ្យ​ប្រទេស​អាហ្វហ្កានីស្ថាន​ស្គាល់​អស្ថិរភាព។

រីឯ​អ្នកការទូត​ឥណ្ឌា​វិញ​ ​ ពួកគេ​បារម្ភ​ខ្លាចក្រែង​កើតមាន​ភាពវឹកវរ​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ក្រោយពី​ទ័ព​អាមេរិកាំង​និង​ទ័ព​អូតង់​ត្រូវ​ដកខ្លួន​ថយ​នៅពេល​បីឆ្នាំ​ខាងមុខ។​ ហេតុ​ដូច្នេះ​ហើយ​​បាន​ជា​ នៅថ្ងៃអង្គារ​ម្សិលមិញ​ប្រទេស​អាហ្វហ្កានីស្ថាន​និង​ប្រទេស​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​ទៅលើ​កិច្ច​ព្រមព្រៀង​ដៃគូ​យុទ្ធសាស្ត្រ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​និង​វិស័យ​សន្តិសុខ។

ហើយ​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហាមីឌ​ការហ្សៃ​ត្រូវ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ថ្ងៃពុធនេះ​ ​ ស្ដីពី​អនាគត​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​និង​ប្រទេស​អាស៊ី​ប៉ែក​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI