អាហ្វហា្កនីស្ថាន

ពេល វេលាដែលត្រូវ​ធ្វើតុល្យាការ

ការដើរយាមល្បាត​របស់​យោធា​អាមេរិកាំងនៃកងវរសេនាធំទី៤ នៅតំបន់ Nangarhar ថ្ងៃទី​៨កញ្ញា​២០១១។
ការដើរយាមល្បាត​របស់​យោធា​អាមេរិកាំងនៃកងវរសេនាធំទី៤ នៅតំបន់ Nangarhar ថ្ងៃទី​៨កញ្ញា​២០១១។ REUTERS/Erik de Castro

៧ តុលា ២០០១- ៧តុលា ២០១១ ! ថ្ងៃ​​​នេះ​​ជាថ្ងៃ​​​គម្រប់​​១០​​ឆ្នាំ​​គត់​ ដែល​​ទាហាន​​សម្ព័ន្ធ​មិត្ត​​ដឹក​​នាំ​​ដោយ​​សហរដ្ឋ​​អាមេរិក​ បាន​​នាំ​​គ្នា​​ចេញ​​ធ្វើ​​ប្រតិបត្តិការ​​ « សេរីភាព​ឋិតថេរ »​​ កម្ចាត់​​ពួក​​ភេរវជន​​​ តាលីបង់​ ស្និទ្ធ​​នឹង​​អាល់កៃដា ​នៅ​​ក្នុង​​ប្រទេស​​អាហ្វហ្កានីស្ថាន។​ ពោល​​គឺ​​ក្រោយ​​ពេល​​ដែល​​អាមេរិក​​បាន​​ទទួល​​រង​​មហា​​ភេរវកម្ម​​នៅ​​ World​ Trade Center​។ រយៈ​​ពេល​​១០​​ឆ្នាំ​នៃ​អន្តរាគម​ន៍​​របស់​​​លោក​ខាង​លិច​​​ លើ​​ទឹក​​ដី​​អាហ្វហ្កានីស្ថាន​​ បាន​​ផ្តល់​​នូវ​​ការ​​​រីក​ចម្រើន​​ខ្លះ​​​​​ ដូច​ជា​នៅ​លើ​​វិស័យ​ សិទ្ធិ​មនុស្ស ​​ ​​សុខាភិបាល​​​ និ​ង​​ការសិក្សា​។ ក៏​​ប៉ុន្តែ​​ ​ស្ថាន​ភាព​​​​​សន្តិ​សុខ​​សាធារណៈ​​ មាន​​សភាព​​តានតឹង​យ៉ាង​ខ្លាំង។​

ផ្សាយពាណិជ្ជកម្ម

នៅក្នុងរដ្ឋធានីអាហ្វហ្កានិស្ថាន, និង ទីក្រុងធំៗ ជីវភាពប្រចាំថ្ងៃរបស់​ប្រជាជន​​ មាន​ការ​រីក​ចំរើន​គួរ​ឲ្យសរសើរក្នុងរយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ, ជាពិសេស ចំពោះ​ស្រ្តី​ភេទ​​ដែល​ជា​អ្នក​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​នៅជំនាន់របប​តាលីបង់។ ។

ប៉ុន្តែ​ ទន្ទឹម​គ្នានេះ​ ប្រាក់​ជំនួយ ​អន្តរជាតិ ​រាប់ពាន់​លាន​​ដុល្លារ​​ដែល​បាន​ចំណាយ​​​សំរាប់​​ការ​​កសាង​​​​ប្រទេស​អាហ្វហ្កានីស្ថានជាថ្មី​ឡើងវិញ មិនបានផ្តល់​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ ​ជា​​ទូ​ទៅ។​ សេវាផ្តល់ការព្យាបាល​សុខភាព​ប្រជាជន​នៅ​តាម​មន្ទីរពេទ្យ​នៅ​មានកំរិត។ នៅ​លើ​វិស័យ​អប់រំ​វិញ សាលារៀនត្រូវបានសាងសង់ ,ក៏ប៉ុន្តែប្រទេស​​នេះ បាន​​​ជួប​នឹង​ឧបសគ្ក​ថ្មីៗ​​​ដែរ ជា​មួយ​នឹង​ការ​ធ្លាក់ចុះដុនដាបស្ថានភាពសន្តិសុខ​នៅ​ក្នុង​​ប៉ែក​ខាង​កើត​និង​ខាងត្បូង​ប្រទេស។ ​រីឯសេចក្តី​សង្ឃឹម​នៅ​ពេល​មានអន្តរាគមន៍យោធាបស្ចិមប្រទេស​ភ្លាម​​ប៉ុន្មាន​ឆ្នាំដំបូង​ មិនបានក្លាយ​ជាការ​ពិត​ និង​​លេចចេញជារូបរាងឡើយ។

ជាលទ្ធផល យុទ្ធសាស្ត្រ ​ដែលសំដៅទាក់ទាញ​ទឹកចិត្ត​និង​ផ្នត់គំនិត​​របស់​ប្រជាជន​អាហ្វហ្កានិស្ថាន ត្រូវទទួលបរាជ័យ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនស៊ីវិល​​ បាន​ទទួល​រងគ្រោះយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាម។ ពួកគេ ត្រូវរ​ង​គ្រោះស្លាប់​ដោយ ការ​វាយ​ប្រហារ​​របស់​ពួក​ភេរវជន ,និង ​ជាញឹកញយ ដោយ​​ប្រតិបតិ្តការ​​របស់​កងទ័ព​បរទេស​ដែល​​ឈរ​ជើង​នៅ​ក្នុងប្រទេស​​ដើម្បីការពារ​សុវត្ថិភាពប្រជាជន​​។
​​
ផលវិបាកនេះហើយដែលជំរុញ​ឲ្យ​មតិ​សាធារណៈមួយភាគ​នៅ​ក្នុង​​ប្រទេសកាន់តែមើល​ឃើញ​កងទ័ពបរទេស ថា ជាកម្លាំងបរទេស​ទន្ទា្រនលុកលុយ​ទឹកដី​របស់​ខ្លួនទៅវិញ។​ប្រជាជ​ន​​អាហ្វហ្កានិស្ថាន​មួយភាគធំ ជាអាទិ៍​ នៅក្នុង​តំបន់ប៉ែកខាងជើង​ប្រទេសវិញ​ គេ​​ គ្មានជំនឿទេ ទៅលើគំនិតផ្តួចផ្តើម​​របស់​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្នុង​ការ​ប៉ុនប៉ង​​​​ចរចា​សន្តិភាព​ជា​មួយ​ពួក​ឧទ្ទាមតាលីបង់។ ពួកឧទ្ទាមតាលីបង់​ដែលត្រូវបាន​កង​ទ័ព​បរទេស ​វាយ​​កំចាត់​ចេញ​ពី​ប្រទេស​កាលពី១០ឆ្នាំមុន។​ ក៏ប៉ុន្តែ ប្រជាជនអាហ្វហ្កានិស្ថាន ភាគច្រើន​ បាន​យល់​ស្រប​ ចំពោះ​សេចក្តីថ្លែង​របស់ទីក្រុង កាប៊ូលនិង​វ៉ាស៊ីនតោន​ដែល​បាន​លើក​បញ្ជាក់​​អំពី​​​ភាព​​ចាំបាច់​​​​​នៅ​ក្នុងកាលៈទេសៈនេះ ​នៅក្នុង​ការប្រមូលផ្តុំការ​យកចិត្តទុក​ដាក់​ខ្លាំង​​របស់​​គេ​ ទៅ​​លើ​តំបន់​ព្រំដែន​ប៉ាគីស្ថាន​វិញ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI