អាស៊ីអាគ្នេយ៍-ទឹកជំនន់

តំបន់​ជង្រុកស្រូវ​នៅអាស៊ី​អាគ្នេយ៍​ទទួល​រងគ្រោះ​ទឹកជំនន់​

តំបន់​អាស៊ី​​អាគ្នេយ៍​​ទទួល​រងគ្រោះ​​ទឹកជំនន់​​
តំបន់​អាស៊ី​​អាគ្នេយ៍​​ទទួល​រងគ្រោះ​​ទឹកជំនន់​​ © RFI

គ្រោះមហន្តរាយ​ទឹកជំនន់​បាន​កំទេច​ខ្ទេចអស់​ដីស្រែ​នៅ​តំបន់​អាស៊ី​ អាគ្នេយ៍​ដែល​ក្នុងនោះ​មាន​ដីស្រែ​នៃ​ប្រទេស​ផលិត​អង្ករ​ដ៏​សំខាន់​ជាងគេ​ ក្នុងលោក។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​គេ​បារម្ភ​យ៉ាងខ្លាំង​ ខ្លាច​កើតមាន​បញ្ហា​អង្ករ​ឡើងថ្លៃ។

ផ្សាយពាណិជ្ជកម្ម

ដីស្រែ​នៃ​ប្រទេសថៃ​ វៀតណាម​ កម្ពុជា​ និង​ឡាវ​ប្រមាណ​១លាន​៥សែន​ហិកតារ​បាន​ត្រូវ​កំទេច​ឬ​ឋិត​នៅ​ក្រោម​ការ​គំរាម​នៃ​គ្រោះមហន្តរាយ​ទឹកជំនន់។

 
គ្រាន់តែ​នៅ​ប្រទេស​ថៃ​ដែលជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ទី១​ក្នុងលោក​ក្នុងការនាំ​អង្ករ​ចេញ​ទៅលក់​ក្រៅ​ប្រទេស​ ​គ្រោះ​មហន្តរាយ​ទឹកជំនន់​បាន​សម្លាប់​មនុស្ស​អស់​២៤៤នាក់​ក្នុង​រយៈ​ពេល​២ខែ​ចុងក្រោយនេះ​ ​ ហើយបាន​ធ្វើឲ្យ​ខូចខាត​ដីស្រែ​អស់​ប្រមាណ​១លានហិកតារ​ឬ​ស្មើនឹង​១០%​នៃ​ផ្ទៃដីស្រែ​សរុប។

ដូច្នេះ​ តំបន់​ទាំងមូល​នឹង​ត្រូវ​ទទួលរង​គ្រោះ​នឹង​បញ្ហា​ចំណី​អាហារ​ឡើងថ្លៃ​ ​ ដោយហេតុតែ​គ្រោះ​មហន្តរាយ​ទឹកជំនន់។
តម្លៃ​អង្ករ​ដែលឋិត​នៅ​ក្រោម​ការ​គំរាម​រួច​ទៅហើយ​របស់​រដ្ឋាភិបាល​ថៃ​ដែល​គ្រោង​ជួយ​ជំរុញ​ឲ្យ​អង្ករ​ឡើងថ្លៃ​ដើម្បី​ជា​ជំនួយ​ជួយ​លើក​តម្កើង​ជីវភាព​របស់​ប្រជា​កសិករ​ថៃ។

ហើយ​គ្រោះ​មហន្តរាយ​ទឹកជំនន់​ដែល​ធ្វើឲ្យ​លិចលង់​ដីស្រែ​នៅ​តំបន់​ដែនដី​សណ្ត​ទន្លេ​មេគង្គ​នៅ​ប្រទេស​វៀតណាម​ខាងត្បូង​ទៀត​ ​ ក៏​ជា​កត្តា​អវិជ្ជមាន​មួយ​បន្ថែម​ទៀត​មក​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ឡើងថ្លៃ។​ ដោយហេតុថា​ ​ តំបន់​ដែនដី​សណ្ត​ទន្លេ​មេគង្គ​(​អតីត​កម្ពុជា​ក្រោម​)​នេះ​ជាតំបន់​ជង្រុក​ស្រូវ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ទី២​ក្នុងលោក​ក្នុងការនាំ​អង្ករ​ចេញ​ទៅលក់​ក្រៅ​ប្រទេស។​

តំបន់​ដែនដី​សណ្ត​ទន្លេ​មេគង្គ​នេះ​ជា​តំបន់​មួយ​ដែលដី​មាន​ជីជាតិ​អាច​ផលិត​ស្រូវ​បាន​ដល់ទៅ​បីដង​ក្នុង១ឆ្នាំ​ ​ ហើយ​អាច​ផលិត​បាន​ប្រមាណ​ពាក់កណ្តាល​នៃ​ផលិតផល​ស្រូវ​សរុប​របស់​វៀតណាម។​ អាជ្ញាធរ​វៀតណាម​បាន​ប្រកាស​ឲ្យដឹងថា​ ​ មាន​មនុស្ស​១១នាក់​បាន​ត្រូវ​រង​គ្រោះ​ស្លាប់​ដោយ​ទឹកជំនន់​ ​ ហើយ​មាន​ផ្ទះប្រមាណ​២៧ ០០០ខ្នង​បាន​ត្រូវ​លិចលង់។

រីឯ​ប្រទេស​កម្ពុជា​ដែលឋិត​នៅ​ចន្លោះ​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាមវិញ​ ​ ដីស្រែ​ប្រមាណ​៣៣០ ០០០ហិកតារ​បាន​ស្គាល់​ការខូចខាត​ ​ មនុស្ស​១៧២នាក់​បាន​រងគ្រោះ​ស្លាប់​ដោយ​ទឹកជំនន់។

ចំណែកឯ​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ក្រីក្រ​ជាងគេ​ក្នុង​តំបន់វិញ​ ​ អាជ្ញាធរ​បាន​ថ្លែង​ឲ្យដឹងថា​ ​ មាន​មនុស្ស​រងគ្រោះ​ស្លាប់​២៣នាក់​ហើយនិង​ដីស្រែ​ប្រមាណ​៦០ ០០០ហិកតារ​បាន​ត្រូវ​ខូចខាត​លិចលង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI