ថៃ

ទឹកជំនន់៖ អាជ្ញាធរថៃ​ខិតខំ​ការពារ​ព្រលាន​យន្តហោះ​នៃទីក្រុង​បាងកក​

ទឹក​ជោរជន់​​លិចលង់​នៅ​តំបន់​ Ayutthaya​​ ឋិតនៅ​ប៉ែក​ខាងជើង​នៃ​ទីក្រុង​បាងកក​
ទឹក​ជោរជន់​​លិចលង់​នៅ​តំបន់​ Ayutthaya​​ ឋិតនៅ​ប៉ែក​ខាងជើង​នៃ​ទីក្រុង​បាងកក​ © REUTERS / Chaiwat Subprasom

ប្រទេស​ថៃ​បាន​ទទួល​រងគ្រោះ​ទឹកជំនន់​យ៉ាងសែន​ធ្ងន់ធ្ងរ​ពុំដែល​កើតមាន​នារយៈ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ។​ អាជ្ញាធរ​ថៃ​បាន​ពង្រឹង​ការពារ​ព្រលាន​យន្តហោះ​អន្តរជាតិ​នៃ​ទីក្រុង​បាងកក។​ ហើយ​គេបារម្ភ​ខ្លាច​មាន​ទឹក​ជោរជន់​រាជធានី​ថៃ​កាន់តែ​ខ្លាំងឡើងៗ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

ផ្សាយពាណិជ្ជកម្ម

ជញ្ជាំង​ការពារ​ព្រលាន​យន្តហោះ​អន្តរជាតិ​សុវណ្ណាភូមិ​នៃ​ទីក្រុង​បាងកក​បាន​ត្រូវ​គេ​លើក​កម្ពស់​ឲ្យ​ឡើងដល់​៣ម៉ែត្រ​កន្លះ​ដើម្បី​ការពារ​កុំឲ្យ​ទឹក​ជោរជន់​លិច​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ទំនើបថ្មី​នេះ។​ អ្នកទទួល​ខុសត្រូវ​ព្រលាន​យន្តហោះ​អន្តរជាតិ​សុវណ្ណាភូមិ​បាន​ថ្លែង​អះអាង​ថា​ ​ “​អាកាសយានដ្ឋាន​អន្តរជាតិ​អាច​បន្ត​សកម្មភាព​របស់​ខ្លួន​ ​ ដោយសារតែ​គេ​មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​បូម​បញ្ចេញ​ទឹក”។

 
គួរ​បញ្ជាក់​ថា​ ​ ទឹកជំនន់​លើកនេះ​បាន​ធ្វើឲ្យ​អាណាខេត្ត​ថៃ​ប្រមាណ៣/៤​ស្គាល់​ការ​លិចលង់​ ​ ហើយចាប់​តាំងពី​ចុងខែ​កក្កដា​មក​ ​ ទឹកជំនន់នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​២៦៩នាក់។

អាជ្ញាធរថៃ​កំពុង​ខិតខំ​ប្រយុទ្ធ​ការពារ​រាជធានី​បាងកក​ដែល​មាន​ប្រជាជន​ប្រមាណ​១២លាននាក់​រស់នៅ។​ អ្នកខ្លះ​បាន​ចាប់​រក​ស្តុក​បាវខ្សាច់​សម្រាប់​ការពារ​ទឹកជំនន់។​ អ្នកខ្លះ​ទៀត​ចាប់​ទិញ​ស្តុក​ទុក​ស្បៀង​អាហារ​ខ្លាច​មាន​ការ​ខ្វះខាត។

នៅខាងជើង​នៃ​ទីក្រុង​បាងកក​ ​ តំបន់ខ្លះ​បានត្រូវ​ទឹក​ជោរជន់​លិចលង់​មាន​កម្ពស់​ជាច្រើន​ម៉ែត្រ។​ ឧស្សាហកម្ម​ជាច្រើន​បាន​ស្គាល់​ការ​លិចលង់​ខូចខាត​ ​ មានជាអាទិ៍​រោងចក្រ​ផលិត​រថយន្ត​ជប៉ុន​ម៉ាក​ “ហុងដា”​ ។

គួរកត់​សម្គាល់ថា​ ​ ក្រៅពី​ទីក្រុង​ Ayutthaya ​អតីត​រាជធានី​សៀម​ ​ ដែល​មាន​ប្រាសាទ​ជាច្រើន​បាន​ស្គាល់​ការលិចលង់​​​ ​ តំបន់​ទេសចរណ៍​ឯទៀតៗ​នៃ​ប្រទេស​ថៃ​ពុំ​បាន​ស្គាល់​គ្រោះ​ទឹកជំនន់​លិចលង់​ខូចខាតឡើយ។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថៃ​ថ្លែងថា​ ​ “​គ្រោះទឹក​ជំនន់​ ​ បូក​បន្ថែម​នឹង​វិបត្តិ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ ​ អាច​ធ្វើឲ្យ​សកម្មភាព​ទេសចរណ៍​ថៃ​បាត់បង់​អស់​ប្រមាណ​១០ទៅ២០%​ ​ ក៏​ប៉ុន្តែ​គេសង្ឃឹមថា​ ​ គោលបំណង​នៃ​ចំនួន​ទេសចរ​១៩លាន​នាក់​ចូលមក​ទស្សនា​ប្រទេស​ថៃ​អាចនឹង​ឈាន​ដល់​ដូចការ​គ្រោងទុក។

ចំណែកឯ​ប្រទេសចិន​ ​ សហរដ្ឋ​អាមេរិក​ ​ ប្រទេស​នូវែល​ហ្សេឡង់​និង​ប្រទេស​ជប៉ុន​បាន​បញ្ជូន​ជំនួយ​ហិរញ្ញវត្ថុ​និង​ជំនួយ​សម្ភារៈ​ជាច្រើន​ឲ្យ​ទៅ​ប្រទេសថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI