អាមេរិក-អាស៊ី

អាមេរិក​ត្រូវតែ​ពង្រឹង​វត្តមាន​របស់ខ្លួន​នៅអាស៊ី​

លោកស្រី​ហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក
លោកស្រី​ហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក © REUTERS / Chaiwat Subprasom

កាល​ពី​ថ្ងៃ​អង្គារ​ទី​១១​តុលា​ម្សិលមិញ ​លោកស្រី​ប្រមុខការ​ទូត​អាមេរិក បាន​ចុះ​ផ្សាយ​អត្ថបទ​ដ៏​វែង​អន្លាយ​មួយ​នៅ​ក្នុង​ទស្សនាវដ្តី​Foreign Policy។ ​នៅ​ក្នុង​អត្ថបទ​នោះ​ដែល​អាច​ជា​សសរ​ទ្រូង​នៃ​នយោបាយ​ការ​បរទេស​របស់​ ទីក្រុង​វ៉ាស៊ីនតោន​នា​អនាគត​ខាង​មុខ លោកស្រី​Hillary Clinton បាន​អះអាង​ថា​ ការ​ពង្រឹង​វត្តមាន​នៅ​អាស៊ី​និង​ប៉ាស៊ីហ្វិក​គឺ​ជា​ការ​មួយ​ចាំបាច់​ដែល​ នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​រក្សា​លំដាប់​ថ្នាក់​លេខ​មួយ​របស់​ខ្លួន​ បាន​នៅ​លើ​ឆាក​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

«អាស៊ី​បាន​ក្លាយ​ជា​ភូមិភាគ​ដ៏​សែន​សំខាន់​នៃ​នយោបាយ​ពិភពលោក»។​ នេះ​គឺ​ជា​ការ​អះអាង​របស់​លោកស្រី​Hillary Clinton។​ ម្ល៉ោះ​ហើយ ​នៅ​ពេល​ដែល​ខ្លួន​បាន​និង​កំពុង​ដក​ខ្លួន​ចេញ​ពី​អៀរ៉ាក់ និង​ពី​អាហ្វានីស្ថាន សហរដ្ឋអាមេរិក​ត្រូវ​តែ​បែរ​មុខ​ទៅ​រក​អាស៊ី​និង​ប៉ាស៊ីហ្វិក។ ​សម្រាប់​​លោកស្រី​Clinton អាមេរិក​ត្រូវ​តែ​ពង្រីក​ បង្កើន​និង​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ​ ទាំង​នៅ​លើ​វិស័យទូត ​សេដ្ឋកិច្ច ​យុទ្ធសាស្រ្ត ​និង​ភូមិសាស្រ្ត​នយោបាយ។

សម្រាប់​លោកស្រី​ប្រមុខ​ការទូត​អាមេរិក ​គឺ​មាន​តែ​នយោបាយ​បែប​នេះ​មួយ​គត់​ដែល​នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​រក្សា​តទៅ​មុខ​ទៀត​បាន​ នូវ​លំដាប់​ថ្នាក់​លេខ​មួយ​របស់​ខ្លួន នៅ​ក្នុង​ពិភពលោក។ ​ទាំង​នេះ ក៏​ដោយសារ​តែ​អាស៊ី​និង​ប៉ាស៊ីហ្វិក គឺ​ជា«មហា​ទីផ្សារ​មួយ​បើក​ចំហ​និង​ប្រកប​ទៅ​ដោយ​សក្តានុពល​ខ្លាំង សម្រាប់​ការ​វិនិយោគ ​ពាណិជ្ជកម្ម​ និង​បច្ចេកវិជា្ជ​ឈាន​មុខ»របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ន័យ​នេះ​ លោកស្រី​Clinton ​មាន​បំណង​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត្បូង អូស្រ្តាលី ហ្វីលីពីន​និង​ថៃ​ ពីព្រោះ​សម្រាប់​លោកស្រី ​សាមគ្គីភាព​ជា​ធ្លុង​មួយ​បែប​នេះ​រវាង​អាមេរិក​និង​បណ្តា​ប្រទេស​មិត្ត​របស់​ខ្លួន​នៅ​អាស៊ី ​គឺ​ជា​ទង្វើ​មួយ​ចាំបាច់​ដើម្បី​រុញ​ច្រាន​ការ​គំរាម​កំហែង​និង​រាល់​ការ​រករឿង​ពី​សំណាក់​ប្រទេស​សត្រូវ។

យ៉ាងណា​ក៏​ដោយ ​លោកស្រី​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​បាន​ចៀសវាង​មិន​និយាយ​ឡើយថា ​ចិន​ជា​គូប្រជែង​របស់​អាមេរិក​នៅ​ក្នុង​តំបន់។​ ផ្ទុយ​ទៅ​វិញ​ លោកស្រី​បាន​ថ្លែង​ថា​ «ចិន និង​អាមេរិក​នឹង​អាច​ទាញ​ផល​ចំណេញ​បាន​ច្រើន​ពី​កិច្ច​សហប្រតិបត្តិការ ​ជាជាង​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI