ការខូចខាតដោយទឹកជំនន់មានចំនួនរាប់ពាន់លានដុល្លារ
ការគំរាមដោយទឹកជំនន់នៅបាងកកបានស្រុតចុះមួយកំរិត។អាជ្ញាធរអះអាងថា ក្តាប់បានស្ថានភាពនៅបាងកក ប៉ុន្តែ ទទួលសារភាពថា តម្លៃនៃការកសាងឡើងវិញ មានចំនួនលើសពី២ ៥០០ លានដុល្លារ គឺច្រើនជាងការវាយតម្លៃប៉ាន់ស្មានកាលពីលើកមុនៗ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
“ ថវិកាដំបូងរបស់រដ្ឋាភិបាលសំរាប់ការកសាងឡើងវិញពុំគ្រប់គ្រាន់ទេ “ -នេះជាការទទួលសារភាពរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ដោយលើកឡើងអំពីការខូចខាតគិតជាទឹកប្រាក់ចំនួនជាង១០ម៉ឺនលានបាតត្រូវជា២៥០០លានអឺរ៉ូ។រីឯស្របតាមសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃវិញ ការខូចខាតដោយទឹកជំនន់មានចំនួនប្រមាណជា១៥ម៉ឺនលានបាតត្រូវប្រមាណជា៣៥០០លានអឺរ៉ូគឺចំនួនពី១,៣ទៅ១,៥%នៃផលិតផលសរុបក្នុងប្រទេស រួមទាំងផលប៉ះពាល់ទៅលើវិស័យកសិកម្ម ទេសចរណ៍និងពាណិជ្ជកម្មផង។
ស្របតាមធនាគារកណ្តាលថៃនិងការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចជាតិ កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១១នេះអាចនឹងត្រូវកាត់បន្ថយពី១ទៅ១,៧ពិន្ទុ។
ទឹកជំនន់ដ៏កាចសាហាវបំផុតពុំធ្លាប់កើតមានរាប់សិបឆ្នាំមកហើយ នៅប្រទេសថៃ បានធ្វើឱ្យលិចលង់រោងចក្ររាប់រយគឺជាការវាយសំពងយ៉ាងដំណំទៅលើបណ្តាញពិភពលោកខាងផ្គត់ផ្គង់ឩស្សាហកម្ម ជាអាទិ៍ ឩស្សាហកម្មផលិតរថយន្តនិងឩស្សាហកម្មឈានមុខផ្នែកបច្ចេកវិជ្ជាជាន់ខ្ពស់ដែលត្រូវបានបន្ទន់បន្សោយរួចស្រាប់ទៅហើយដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមី នៅថ្ងៃ១១មីនា នៅប្រទេសជប៉ុន។
“ បទពិសោធន៍នៅប្រទេសជប៉ុនស្តីពីផលិតកម្មឡើងវិញបានយ៉ាងឆាប់រហ័សបង្គួរ បន្ទាប់ពីមានរលកយក្សស៊ូណាមី នៅខែមីនាផ្តល់ក្តីសង្ឃឹម ប៉ុន្តែ បទពិសោធន៍នៅប្រទេសជប៉ុនប្រហែលពុំអាចមានភ័ព្វដូចនេះទេ។ពុំគ្រាន់តែ តំបន់រងគ្រោះធំទូលំទូលាយជាងនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវិស័យជាច្រើនទទួលរងផលប៉ះពាល់ “ -នេះជាការកត់សំគាល់របស់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា។” ចាំបាច់ត្រូវតែជួយសង្គ្រោះតំបន់សំខាន់ៗផ្នែកខាងសេដ្ឋកិច្ច ដោយបោះបង់តំបន់ពុំសូវសំខាន់ “ -នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងក៏ជានាយកមជ្ឈមណ្ឌលជួយសង្គ្រោះបង្កើតឡើងដោយរដ្ឋាភិបាល។
ទឹកជំនន់បានបណ្តាលឱ្យមានអ្នករងគ្រោះស្លាប់៣១៥នាក់ហើយគិតមកទល់ថ្ងៃអង្គារ១៨តុលានេះ ធ្វើឱ្យខូចខាតដីស្រែចំនួន១០%ក្នុងប្រទេសថៃដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេ នៅលើពិភពលោកនិងធ្វើឱ្យផ្លូវថ្នល់ធំៗសំខាន់ៗពុំអាចប្រើប្រាស់កើត។
កងទ័ពថៃត្រូវពង្រឹងទំនប់ដោយដាក់បន្ថែមបាវដីខ្សាច់ចំនួនមួយលានបាវថែមទៀត នៅថ្ងៃអង្គារនេះ ដើម្បីការពារទីក្រុងបាងកក ដោយខ្លាចបារម្ភតែទំនប់បច្ចុប្បន្នធ្លាយដោយហេតុទប់កម្លាំងទឹកពុំជាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ