វិបត្តិសេដ្ឋកិច្ច​

ចិន៖ កំណើន​សេដ្ឋកិច្ច​ធ្លាក់ស្រុត​ចុះ​នៅក្នុង​បរិបទ​អន្តរជាតិ​ដុនដាប​

ប្រាក់យ័នចិន​ចេះតែឡើងថ្លៃ​ពុំឈប់ឈរ​នៅចំពោះមុខ​ប្រាក់ដុល្លារ​អាមេរិក​និងប្រាក់អឺរ៉ូ​របស់​អឺរ៉ុប​
ប្រាក់យ័នចិន​ចេះតែឡើងថ្លៃ​ពុំឈប់ឈរ​នៅចំពោះមុខ​ប្រាក់ដុល្លារ​អាមេរិក​និងប្រាក់អឺរ៉ូ​របស់​អឺរ៉ុប​ ©​ Reuters路透社

អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ស្រុត​ចុះ​មកនៅ​៩,១%​នៅ​ត្រីមាស​ទី៣​ឆ្នាំ២០១១​ ​ ក្នុង​ខណៈ​ដែល​ការនាំ​ចេញ​របស់​ប្រទេស​ចិន​ចាប់ផ្តើម​ជួប​នឹង​ការធ្លាក់​ស្រុត​ចុះ​ ​ ដោយហេតុតែ​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​និង​នៅ​សហរដ្ឋ​អាមេរិក​ ​ ហើយ​ទីក្រុង​ប៉េកាំង​នៅតែ​ប្រយុទ្ធ​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ​ ​ ដោយពុំ​បោះបង់​ចោលឡើយ​ “នយោបាយ​ឥណទាន​ត្បិតត្បៀត”​។

ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច​ចិន​កំពុង​ធ្វើការ​ប្រឈម​មុខ​ទល់នឹង​ស្ថានភាព​មួយ​ដ៏​សែន​ស្មុគស្មាញ​ ​ ទាំងនៅ​លើ​វិស័យ​ក្រៅប្រទេស​និង​ក្នុង​ប្រទេស។​ បើយោងតាម​តួលេខ​របស់​ការិយាល័យ​ជាតិ​ខាងស្ថិតិ​បាន​ឲ្យដឹងថា​ ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​នៃ​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ដែល​ធ្លាប់តែ​មាន​១០,៤%​នៅឆ្នាំ២០១០​ ​ ៩,៧%​នៅត្រីមាស​ទី១​ឆ្នាំ២០១១​ ​ និង​៩,៥%​នៅ​ត្រីមាស​ទី២​ ​ បាន​ធ្លាក់​មកនៅ​៩,១%​នៅត្រីមាស​ទី៣​ឆ្នាំ២០១១នេះ។

 
ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ​ដែលមាន​អត្រា​ដល់ទៅ​៦,១%​នៅខែ​កញ្ញា​ឆ្នាំ២០១១​ ​ រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​តាំងពី​ឆ្នាំទៅម៉្លេះ​នូវ​ “នយោបាយ​ឥណទាន​ត្បិតត្បៀត”​ ​ ដោយបាន​ដំឡើង​អត្រា​ការប្រាក់​នាំមុខ។

រីឯ​វិស័យ​នាំទំនិញ​ចិន​ចេញ​ទៅលក់​ក្រៅ​ប្រទេស​វិញ​ ​ កំពុង​ស្គាល់ការ​ធ្លាក់ស្រុត​ចុះ​ ​ ដោយហេតុតែ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដែល​ជា​ទីផ្សារ​ដ៏​សំខាន់​របស់​ចិន​កំពុង​ជួប​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ។​ ហើយ​កត្តា​អវិជ្ជមាន​មួយទៀត​គឺ​តម្លៃ​ប្រាក់យ័ន​ចិន​ចេះតែ​ឡើងថ្លៃ​ពុំឈប់ឈរ​នៅ​ចំពោះមុខ​ប្រាក់​ដុល្លារ​អាមេរិក​និង​ប្រាក់​អឺរ៉ូ​របស់​អឺរ៉ុប។​ ជាក់ស្តែង​ក្នុង​រយៈពេល​១ឆ្នាំ​ចុងក្រោយនេះ​ ​ ប្រាក់យ័នចិន​បាន​ឡើងថ្លៃ​ប្រមាណ​៧%​នៅ​ចំពោះមុខ​ប្រាក់​ដុល្លារ​អាមេរិក។

បន្ថែម​ពីលើនេះ​ ​ អ្នកដឹកនាំចិន​គ្មាន​គម្រោងការ​នឹង​ប្តូរប្រែ​នយោបាយ​សេដ្ឋកិច្ច​របស់​គេឡើយ​ ​ ដោយគេ​យល់ថា​ “​វិធានការ​ក្តោបក្តាប់​ម៉ាក្រូ-សេដ្ឋកិច្ច​”​បច្ចុប្បន្ន​ជា​វិធានការ​ត្រឹមត្រូវ​សម្រាប់​រក្សា​ឲ្យ​មាន​ស្ថិរភាព។

គួរកត់​សម្គាល់ថា​ ​ ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​បាន​ត្រូវ​ជួយ​អូសទាញ​ដោយ​កំណើន​វិនិយោគ​ដែល​បាន​កើនឡើង​២៤,៩%​ក្នុង​រយៈពេល​៩ខែ​ចុងក្រោយនេះ។​ ទីភ្នាក់ងារ​វិភាគ​ហានិភ័យ​ឈ្មោះ​ Moody’s ​បាន​បង្ហាញ​ឲ្យ​ដឹងថា​ ​ វិស័យ​អចលនទ្រព្យ​ចិន​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​កម្មវិធី​សាធារណៈ​ដែល​សាងសង់​លំនៅដ្ឋាន​មាន​តម្លៃ​ថោកៗ​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ចិន។​ ក៏ប៉ុន្តែ​ការបោះទុន​ធ្វើ​វិនិយោគ​ក្នុងវិស័យ​អយស្ម័យយាន​បាន​ជួបនឹង​បញ្ហា​ ​ ដោយហេតុតែ​មាន​រឿងអាស្រូវ​ទាក់ទិន​នឹង​បញ្ហា​ពុករលួយ​ហើយនិង​បញ្ហា​គ្រោះថ្នាក់​អយស្ម័យយាន​ដែល​បាន​កើតមាន​នារយៈពេល​ប៉ុន្មានខែ​ចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI