ថៃ

ភាគ​ខាង​ត្បូង​ប្រទេស​ទទួល​រង​ការ​វាយ​ប្រហារ​ដ៏​កាច​សាហាវ​

ទិដ្ឋភាព​​នៃ​​អំពើ​​ហិង្សា​​នៅ​​ក្នុង​​តំបន់​​ប៉ែក​​ខាង​ត្បូង​​ប្រទេស​ថៃ​។​
ទិដ្ឋភាព​​នៃ​​អំពើ​​ហិង្សា​​នៅ​​ក្នុង​​តំបន់​​ប៉ែក​​ខាង​ត្បូង​​ប្រទេស​ថៃ​។​ REUTERS/Surapan Boonthanom

ភាគ​​ខាងត្បូង​​បំផុត​នៃប្រទេស​ថៃ ​ប្រឈម​មុខ​​ជា​រឿយៗ នឹង អំពើ​ភេរវកម្ម​ដ៏​កាច​សាហាវ ​បង្កឡើង​ដោយ​​ពួកឧទ្ទាមទាមទារ​ផ្តាច់​​​​ទឹកដី​​ តំាងពី​ឆ្នាំ​២០០៤​មកម្ល៉េះ ។ នៅ​យប់​ថ្ងៃ​អាទិត្យ​២៣តុលា​ម្សិលមិញ ទីក្រុងដ៏សំខាន់មួយនៃ ខេត្ត Narathiwat បានទទួល​រង​​ការ​វាយ​ប្រហារ​​ដ៏ព្រៃផ្សៃ ដែលបណ្តាលឲ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​​​៧​នាក់ និង​៧នាក់​​ទៀត​ត្រូវ​របួស​ដោយ រលាកភ្លើង ។

ផ្សាយពាណិជ្ជកម្ម

នៅ​​​យប់​​ថ្ងៃ​អាទិត្យ ២៣​តុ​​លា​ម្សិលមិញ ​ជន​ប្រដាប់អាវុធ​មួយក្រុម ​ស្លៀកពាក់​​ក្លែង​ខ្លួន​​ជាស្រ្តី បាន​​ជិះតាមឡាន៣គ្រឿង​ មក បាញ់រះទៅលើ​ប៉ុស្តិ៍​​យាម​ល្បាត​មួយ​ក្នុងទីក្រុង​ដ៏ធំ​នៃខេត្ត Narathiwat  ប៉ែកខាងត្បូងប្រទេសថៃ  ជាហេតុ​បណ្តាល​ឲ្យ​ស្លាប់​ប៉េអឹម​​ពីរ​​នាក់ ដែល​មាន​អាយុ​២៤​ និង​៣៣​ឆ្នាំ។

 
បន្ទាប់ពី​ការវាយប្រហារ​នេះ​ភ្លាម ពួកឧទ្ទាមបានវាយប្រហារទៅលើ​ហាង​​លក់​ទំនិញ​ដ៏​ធំ​មួយ​​ដែលស្ថិត​នៅក្បែរ​​ទីនោះ​ ​ដោយ​បំផ្ទុះគ្រាប់បែក​លើកទីមួយ​និងបន្ទាប់មក ​បាន​បំផ្ទុះ​គ្រាប់បែក​​​នៅ​​ក្នុង​ហាង​លក់​ទំនិញ​មួយ​ទៀត​​ ​នៅច​ម្ងាយ​ពី​គ្នា​តែ ៣០០ ម៉ែត្រប៉ុណ្ណោះ។

ភេរវកម្ម​បំផ្ទុះគ្រាប់បែកទាំងពីរលើកនេះ បា​​ន​បណ្តាល​ឲ្យកើតមានអគ្គីភ័យ​ដ៏ខ្លាំង​​​ និងឆេះ​​រាល​ដាល​ទៅ​​ដល់​អគារ​ផ្សេងៗ​ទៀត​ដែល​ស្ថិត​នៅ​ជិត​គ្នា ​អស់​រយៈពេល​ជិត​៣​ម៉ោង​មុន​នឹង​ត្រូវ​​​គេ​​អាច​ពន្លត់​​បាន។

សាកសព​​ពីរ​នាក់ ​ឆេះខ្លោចទៅជាធ្យូង​​​ គឺ​ម្នាក់ជាម្ចាស់​ហាង​លក់ទំនិញ​និង​ម្នាក់​ទៀត​​ជាអ្នក​គ្រូ​បង្រៀន។ នៅឯ ហាងលក់ទំនិញទីពីរវិញ ​ក្មេង​​ប្រុស​ម្នាក់​​និង​ឪពុក​ម្តាយ​របស់វា ត្រូវគេរក​ឃើញ​ស្លាប់។

ភេរវកម្មបំផ្ទុះ​គ្រាប់បែក​នេះ ក៏បាន​បណ្តាល​ឲ្យមាន​​អ្នកត្រូវរបួសដោយ​រលាកភ្លើង​​ចំនួន ៧ ទៀត។

​ចលនា​បះបោរ​ទាមទារផ្តាច់​​ទឹកដី​ នៅភាគខាងត្បូងប្រទេសថៃនេះ​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​ប្រមាណ​ជា ៤.៨០០​នាក់ហើយ ​ចាប់​តាំងពី​ខែ​មករា​ឆ្នាំ​២០០៤​មកនៅក្នុងតំបន់​ដែល​ជា​​​ភាគ​មួយ​​​របស់​​ប្រទេស​​ម៉ាឡេស៊ី​ រហូតមក​ទល់ដើម​សតវត្សរ៍ទី​២០ ​និងក៏ជាទី​កន្លែង​ដែលពួក​ឧទ្ទាម ​ជា​ជន​​ជាតិ​ភាគ​តិច​ម៉ាឡេស៊ី​រស់នៅ ធ្វើការប្រយុទ្ធ​តស៊ូ​ប្រឆាំង​នឹង​ការ​កាន់​កាប់​​​របស់ទីក្រុង​បាងកក។

 ក្រៅពីមាន​​លក្ខណៈ​ជាជម្លោះ​នយោបាយ ​ ​​ជម្លោះ​​នៅក្នុងតំបន់នេះ ​ក៏​​ជាប់​​ពាក់​ព័ន្ធ​​ទៅ​​នឹង​ជំនឿ​​សាសនា​​ដែរ ពីព្រោះ ​ប្រជាជន​ភាគ​ច្រើន​រស់​នៅ​​តំបន់​ភាគ​ខាង​ត្បូងបំផុត​នេះ-​សុទ្ធ​សឹង​​ជា​​​​ជនជាតិ​​ភាគ​តិច​​ម៉ាឡេស៊ី​ ​ដែល​​កាន់​​សាសនា​អ៊ីស្លាម ផ្ទុយ​ពី​ប្រជាជន​ថៃ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ដែ​ល​កាន់​ពុទ្ធសាសនា។

​នៅ​​ចុង​ខែ​កញ្ញា​មុន​នេះ ពួក​ឧទ្ទាម នៅក្នុងតំបន់ ​ប្រមាណ​ជា​២០​នាក់ បានវាយប្រហារ​​ទៅ​លើ​​សាលារៀន​មួយ ជាហេតុបណ្តាល​ឲ្យស្លាប់ទាហានថៃ៤នាក់និង របួស​ធ្ងន់​កុមារ​ម្នាក់ទៀត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI