អានតួអត្ថបទ
អាកាសធាតុ

អាកាសធាតុប្រែប្រួល​៖ អាហ្វ្រិក​និងអាស៊ី​រងគ្រោះ​ខ្លាំងជាងគេ​

ប្រទេស​៣០​ដែលនឹង​ទទួល​រង​ផលវិបាក​នៃការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង​ ២/៣​នៅ​អាហ្វ្រិកនិង​១/៣នៅសអាស៊ី
ប្រទេស​៣០​ដែលនឹង​ទទួល​រង​ផលវិបាក​នៃការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង​ ២/៣​នៅ​អាហ្វ្រិកនិង​១/៣នៅសអាស៊ី © RFI
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
១១ នាទី

មនុស្ស​លោក​ចំនួន​១​ភាគ​៣ ជា​ពិសេស​នៅ​អាហ្វ្រិក នៅ​អាស៊ី​ខាង​ត្បូង​និង​អាស៊ី​អាគ្នេយ៍​នឹង​ទទួល​រង​ខ្លាំង​ឡើងៗ​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ​នេះ​គឺ​ជា​ការ​អះអាង​របស់​Maplecroft ដែល​ជា​ក្រុមហ៊ុន​អង់គ្លេស​ជំនាញ​ខាង​ហានិភ័យ។ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ Maplecroft​បាន​គូស​បញ្ជាក់​ថា បណ្តា​ប្រទេស​ដែល​នឹង​ទទួល​រង​គ្រោះថ្នាក់​ធម្មជាតិ​តិចតួច​ជាង​គេ គឺ​សុទ្ធសឹង​ជា​ប្រទេស​អឺរ៉ុប​ខាង​ជើង​និង​អឺរ៉ុប​កណ្តាល។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​២៦​តុលា​នេះ​ Maplecroft ដែល​ជា​ក្រុមហ៊ុន​អង់គ្លេស​ជំនាញ​ខាង​ហានិភ័យ ​បាន​អះអាង​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​៣០​ដែល​នឹង​ទទួល​រង​ផល​វិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ​ខ្លាំង​ជាង​គេ ២​ភាគ​៣​ជា​បណ្តា​ប្រទេស​អាហ្វ្រិក និង​១​ភាគ​៣ ជា​បណ្តា​ប្រទេស​អាស៊ី រួម​មាន ​បង់ក្លាដែស​ ឥណ្ឌា​ ឥណ្ឌូណេស៊ី ​ភូមា​វៀតណាម ​ហ្វីលីពីន ​និង​កម្ពុជា។

 
ចំពោះ​Maplecroft ប្រទេស​អាស៊ី​ទាំង​នេះ នឹង​ទទួល​រង​ខ្លាំង​ការ​ឡើង​ជន់ជោរ​នៃ​ទឹក​សមុទ្រ​និង​ខ្យល់ព្យុះ​ដែល​នឹង​កើន​ចំនួន​ព្រម​ទាំង​សន្ទុះ។ រី​ឯ​គ្រោះធម្មជាតិ​ដែល​នឹង​កើត​ឡើង​នៅ​អាហ្វ្រិក ដោយហេតុតែ​ការ​ប្រែប្រួល​អាកាសធាតុ គឺ​គ្រោះ​រាំង​ស្ងួត និង​គ្រោះ​អគ្គិភ័យ។

ដើម្បី​វាយ​តម្លៃ​កម្រិត​នៃ​ហានិភ័យ​នៅ​ក្នុង​ប្រទេស​នីមួយៗ ក្រុមហ៊ុន​Maplecroft បាន​សំអាង​ទៅ​លើ​កក្តា​ភូមិសាស្រ្ត​និង​ជាពិសេស​ទៅ​លើ​សម្ថភាព​ខ្ពស់​ឬ​ទាប​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឈមមុខ​ទប់ទល់​នឹង​គ្រោះថ្នាក់​ធម្មជាតិ​ដែល​នឹង​កើត​ឡើង។

ដោយ​ឡែក ក្នុង​ចំណោម​ប្រទេស​ទាំង​២០​ដែល​នឹង​ទទួល​រង​តិចតួច​ជាង​គេ ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ឃើញ​មាន​សុទ្ធ​តែ​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​ជើង​និង​អឺរ៉ុប​កណ្តាល។ មាន​ទីក្រុង​មួយ​ចំនួន​ដែល​នឹង​ត្រូវ​ប្រឈមមុខ​ខ្លាំង​នឹង​ហានិភ័យ​ធម្មជាតិ ដូច​ជា​ទីក្រុង​ដាក្កា​នៅ​បង់ក្លាដែស ​ទីក្រុង​ម៉ានីល​នៅ​ហ្វីលីពីន​ ទីក្រុង​ញូវដែលី​នៅ​ឥណ្ឌា និង​ទីក្រុង​អាឌីសអាបេបា​នៅ​អេត្យូពី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ