ចិន-ភេរវនិយម

ទីក្រុងប៉េកាំង​អនុម័ត​ច្បាប់ថ្មី​មួយប្រឆាំង​នឹង​អំពើ​ហិង្សា​នៅស៊ីនជាំង​

កងកម្លាំង​រក្សា​សន្តិសុខ​ចិន​នៅ​ទីក្រុង​ Urumqi នៃ​ខេត្ត​ Xinjiang​
កងកម្លាំង​រក្សា​សន្តិសុខ​ចិន​នៅ​ទីក្រុង​ Urumqi នៃ​ខេត្ត​ Xinjiang​ © Peter Parks/AFP

ប្រទេស​ចិន​សើរើ​មើលឡើង​វិញ​ច្បាប់​ពាក់ព័ន្ធ​នឹង​ភេរវនិយម។​ សភាចិន​បាន​អនុម័ត​អត្ថបទ​ថ្មី​ដើម្បី​ពង្រឹង​ច្បាប់​ប្រឆាំង​នឹង​ភេរវនិយម​ ​ ជាពិសេស​សម្រាប់​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​ចលនា​របស់​ពួក​ Ouïghour ​នៅ​ស៊ីនជាំង។​ ច្បាប់ថ្មី​របស់​ចិន​នេះ​មាន​លក្ខណៈ​វិនិច្ឆ័យ​ខិត​ទៅ​រក​ច្បាប់​អន្តរជាតិ​ ​ ដែលទាំងនេះ​នឹង​អនុញ្ញាត​ឲ្យ​ទីក្រុង​ប៉េកាំង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ Ouïghour ​នៅ​ស៊ីនជាំង។

ផ្សាយពាណិជ្ជកម្ម

ច្បាប់​ប្រឆាំង​នឹង​ភេរវនិយម​នៅ​ប្រទេសចិន​តែង​ធ្វើឲ្យ​គេ​កើតមាន​ការ​សង្ស័យ។​ ច្បាប់​ថ្មីនេះ​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​នឹង​ចលនា​របស់​ពួក​ Ouïghour ​នៅ​ស៊ីនជាំង​ដែល​ឋិតនៅ​ប៉ែកខាង​ជើង​ឆៀងខាងលិច​នៃ​ប្រទេសចិន​។​ ពួក​ Ouïghour ​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម​ហើយនិយាយ​ភាសា​តួកគី។​ ពួក​ Ouïghour ​តែង​បញ្ចេញ​កំហឹង​យ៉ាង​ហិង្សា​របស់ខ្លួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​ ​ ដោយ​គេ​យល់​ឃើញថា​ ​ ពួកគេ​ជាអ្នក​រងគ្រោះ​នឹង​ទង្វើ​រើសអើង​ប្រកាន់​សាសនា​ហើយ​និង​ទង្វើ​រើសអើង​សេដ្ឋកិច្ច​។

 
គួរ​បញ្ជាក់ថា​ ​ ច្បាប់ថ្មី​អនុម័ត​ដោយ​សភាចិន​នេះ​មាន​លក្ខណៈ​វិនិច្ឆ័យ​ខិត​ទៅរក​ច្បាប់​អន្តរជាតិ​។​ អង្គការ​ភេរវនិយម​ដែល​មាន​ទំនាក់​ទំនង​និង​ការគាំទ្រ​ពី​សំណាក់​គណបក្ស​អ៊ីស្លាមនិយម​ Turkéstan ​ដែល​មាន​មូលដ្ឋាន​របស់​ខ្លួន​នៅ​ប្រទេស​ប៉ាគីស្ថាន​ ​ ត្រូវ​ឋិត​នៅ​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​ដិតដល់​ពី​សំណាក់​អាជ្ញាធរចិន​ ​ ដោយហេតុ​ទីក្រុង​ប៉េកាំង​ចោទ​អង្គការ​ភេរវនិយម​ទាំងនោះ​ជា​អ្នក​បង្កបង្កើត​ឲ្យ​មាន​ទង្វើ​ហិង្សា​នៅ​ប្រទេស​ចិន។

ហើយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការគំរាម​របស់​ចលនា​ Ouïghour ​ ​ ទីក្រុង​ប៉េកាំង​ត្រូវការ​ជំនួយ​ពី​សំណាក់​ក្រសួង​យកការណ៍​សម្ងាត់​របស់​ប៉ាគីស្ថាន​ដែល​តែងតែ​គាំទ្រ​ប្រទេសចិន។​ ក៏​ប៉ុន្តែ​ ទីក្រុង​ប៉េកាំង​ក៏​ត្រូវការ​ជំនួយ​ផងដែរ​ពីសំណាក់​ប្រទេស​អារ៉ាប់​នៅ​ឈូងសមុទ្រ​ពែស​ ​ ពី​ប្រទេស​​អាល្លឺម៉ង់​ ​ ហើយនិង​ពី​សំណាក់​ប្រទេស​លោកខាងលិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI