អាមេរិក-អាហ្វហ្កានីស្ថាន

ភេរវកម្មនៅកាប៊ូល ៖ ​មួយព្រនង់ថ្មី​សំពង​ទៅលើ​រដ្ឋបាល​អូបាម៉ា​

មួយឆ្នាំ​មុន​​ការ​បោះឆ្នោត​​ប្រធានាធិបតី​ លោក Obama ​ត្រូវ​ប្រឈមមុខ​​ទល់នឹង​​បញ្ហា​​បញ្ជូន​​ទាហាន​​អាមេរិក​​មក​មាតុប្រទេស​​វិញ​​
មួយឆ្នាំ​មុន​​ការ​បោះឆ្នោត​​ប្រធានាធិបតី​ លោក Obama ​ត្រូវ​ប្រឈមមុខ​​ទល់នឹង​​បញ្ហា​​បញ្ជូន​​ទាហាន​​អាមេរិក​​មក​មាតុប្រទេស​​វិញ​​ © REUTERS / Chaiwat Subprasom

ភេរវកម្ម​នៅ​ទីក្រុង​កាប៊ូល​ប្រឆាំង​ទៅ​នឹង​រថយន្តធំ​របស់​បក្ស​សម្ព័ន្ធ​អូតង់​បាន​កើតមាន​នៅ​ថ្ងៃសៅរ៍​ទី២៩​តុលា​ឆ្នាំ២០១១​ ​ គឺជា​ការវាយ​សំពង​យ៉ាង​ខ្លាំងក្លា​មួយ​ទៅលើ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​និង​បក្ស​សម្ព័ន្ធ​អូតង់​ ​ ជាពិសេស​ទៅលើ​សហរដ្ឋ​អាមេរិក។​ មិនគ្រាន់តែ​អ្នករងគ្រោះ​ជាជនជាតិ​អាមេរិកាំង​ប៉ុណ្ណោះទេ​ ​ ប៉ុន្តែ​វា​បាន​កើតមាន​នៅ​ក្នុង​បរិបទ​មួយ​ដ៏​ពិសេស។  

ផ្សាយពាណិជ្ជកម្ម

ទង្វើ​ភេរវកម្ម​ថ្មី​ដ៏​ហិង្សា​នេះ​នៅ​ទីក្រុង​កាប៊ូល​នេះ​គឺពិតជា​ការវាយ​ប្រហារ​មួយ​ដែល​រដ្ឋបាល​របស់​លោក​អូបាម៉ា​ពិបាក​នឹង​អត់ទ្រាំ​ទទួល​យកបាន​ ​ ដោយហេតុថា​ វាកើតមាន​នៅ​ចំពេល​ដែល​រដ្ឋបាល​លោក​អូបាម៉ា​កំពុង​ពិភាក្សា​ពី​ការ​ចាំបាច់​ក្នុង​ការ​រក្សា​ឲ្យ​មាន​វត្តមាន​យោធា​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។​ ហើយ​នៅ​សប្តាហ៍នេះ​ទៀត​ ​ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ Hillary Clinton ​បាន​បញ្ជាក់​នៅ​មុខ​សភា​អាមេរិកថា​ ​ ឆ្នាំ២០១៤​គឺ​ជាថ្ងៃ​ដែល​សហរដ្ឋ​អាមេរិក​ដកទ័ព​ទាំងអស់​របស់​ខ្លួន​ចេញពី​ប្រទេស​អាហ្វហ្កានីស្ថាន។

 
ម្យ៉ាងទៀត​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ចាប់ផ្តើម​ ​ ដូច្នេះ​ ពួកអ្នក​សាធារណរដ្ឋ​ច្បាស់ជា​ឆ្លៀត​យក​ឱកាស​ធ្វើការ​វាយ​ប្រហារ​ទៅលើ​រដ្ឋបាល​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា​ពុំខានឡើយ។​ ហើយ​នាឱកាស​តស៊ូមតិ​នៅ​តាម​ទូរទស្សន៍​ ​ ពួក​អ្នក​សាធារណរដ្ឋ​តែង​ទាមទារ​ឲ្យ​រដ្ឋបាល​អាមេរិក​បញ្ជូន​ទាហាន​របស់​ខ្លួន​ឲ្យ​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​។​ ទាំងនេះ​ក្រោម​ស្នូរទះដៃ​អបអរ​របស់​សាធារណជន។

គួរកត់​សម្គាល់ថា​ ​ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ​ទីក្រុង​វ៉ាស៊ីនតោន​ពុំទាន់​ចេញ​ស្តី​អ្វី​ខ្លាំង​នៅឡើយ។​ នៅ​មន្ទីរ​ប៉ង់តាហ្គោន​ ​ លោក​ Léon Panetta ​បាន​ថ្លែង​ចូលរួម​កាន់មរណទុក្ខ​ជាមួយ​គ្រួសារ​អ្នក​រងគ្រោះ​ ​ ហើយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៃ​អ្នកនាំពាក្យ​របស់​ លោក​ Léon Panetta​ បាន​គូស​បញ្ជាក់ថា​ ​ “​ការបន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​បច្ចាមិត្ត​ ​ គឺ​ជា​ការ​សម្ដែង​គារវកិច្ច​គោរព​ដល់​ពលិកម្ម​របស់​ពួកគេ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI