សន្និសីទអន្តរជាតិស្តីពីអាហ្វហ្កានិស្ថាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សន្និសីទអន្តរជាតិស្តីពីអាហ្វហ្កានិស្ថានបើកនៅថ្ងៃពុធ២ វិច្ឆិកានេះ នៅទីក្រុងIstanbul។គឺជាសន្និសីទស្តីពីសហប្រតិបត្តិការនិង សន្តិសុខក្នុងភូមិភាគ ដើម្បីពិនិត្យមើលការចាកចេញនៃកងទ័ពបរទេសដែលនឹងត្រូវបញ្ចប់ នៅឆ្នាំ២០១៤។ប្រទេសនិងអង្គការនានា ដោយសរុប ចំនួន២០រួមមានប្រទេសជិតខាងនឹងអាហ្វហ្កានិស្ថានចូលរួមក្នុង សន្និសីទបើកនៅទីក្រុងដ៏ធំIstanbulនៃប្រទេសទួរគី។ក៏ចូលរួម ក្នុងសន្និសីទនេះដែរគឺលោកប្រមុខការទូតបារាំងAlain Juppéនិងអាល្លឺម៉ង់ Guido Westerwelleហើយនិងអ្នកតំណាងសមាជិកអចិន្ត្រៃយ៍ដទៃទៀតនៃក្រុម ប្រឹក្សាសន្តិសុខអ.ស.ប.។
អ្នកចូលរួមក្នុងសន្និសីទ នៅទីក្រុងIstanbulសង្ឃឹមតិចតួចទៅលើដំណើរជឿនលឿនទៅមុខ នៅក្នុងសំណុំរឿងអាហ្វហ្កានិស្តង់ដ៏ស្មុគស្មាញសាំញ៉ាំ។គោលដៅប្រកាសចេញមកពុំមានទំហំធំដុំប៉ុន្មានទេ។អាហ្វហ្កានិស្តង់សង្កត់ធ្ងន់ទៅលើការពង្រឹងសហប្រតិបត្តិការក្នុងភូមិភាគ ដើម្បីធានារ៉ាប់រងសន្តិសុខ ស្ថិរភាពនិងភាពចម្រុងចម្រើននៃប្រទេស នៅក្នុងភូមិភាគ។
ប៉ាគីស្តង់ជាប្រទេសដែលដើរតួនាទីជាគន្លឹះមួយ នៅក្នុងអធិករណ៍អាហ្វហ្កានិស្តង់ ចង់រក្សាទុកដើមគំនិតនៅនឹងកន្លែង។កងទ័ពប៉ាគីស្តង់ត្រូវរដ្ឋាភិបាលក្រុងកាប៊ូលមន្ទិលសង្ស័យថា គាំទ្រពួកតាលីបង់ ដើម្បីពង្រឹងឥទ្ធិពលខ្លួន នៅក្នុងភូមិភាគ ជាអាទិ៍ នៅក្នុងទស្សនវិស័យនៃការដកប្រកាសរួចហើយនៃកងកម្លាំងទ័ពបរទេសចេញពីអាហ្វហ្កានិស្តង់។
ទួរគីខំប្រឹងធ្វើឱ្យប្រទេសទាំងពីរខិតចូលជិតគ្នា។នៅថ្ងៃអង្គារម្សិលមិញ មុនសន្និសីទអន្តរជាតិ លោកប្រធានាធិបតីអាហ្វហ្កានិស្តង់ Hamid Karzaï ប៉ាគីស្តង់Asif ZardariនិងទួរគីAbdullah Gülបានជួបគ្នា ដោយប៉ុនប៉ងពុះពារជម្នះលើការខ្វែងគំនិតគ្នានិងបើកសករាជថ្មីនៃសហប្រតិបត្តិការ។
លោកប្រធានាធិបតីអាហ្វហ្កានិស្តង់ នៅថ្ងៃពុធ២វិច្ឆិកានេះប្រហែលជាត្រូវបង្ហើបឱ្យដឹងបញ្ជីទី២រាយឈ្មោះមណ្ឌលដែលការទទួលខុសត្រូវផ្នែកសន្តិសុខអាចនឹងត្រូវផ្ទេរពីកណ្តាប់ដៃអង្គការអូតង់ទៅក្នុងកណ្តាប់ដៃកងទ័ពអាហ្វហ្កានិស្តង់វិញ នៅក្នុងក្របខ័ណ្ឌនៃដំណើរការដកកងកម្លាំងទ័ពអន្តរជាតិ ចាប់ពីពេលនេះរហូតដល់ចប់ឆ្នាំ២០១៤។ស្រុកឬខែត្រ ដោយសរុបចំនួន១៧ស្ថិតនៅក្នុងបញ្ជីនេះ បន្ទាប់ពីការប្រកាសកាលពីខែមីនាមុន អំពីការចាប់ផ្តើមផ្ទេរសន្តិសុខនៅក្នុងអំឡុងឆ្នាំនេះ សំរាប់ខែត្របីនិងទីក្រុងបួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ