ទីបេត៍

សម្តេចសង្ឃ ដាឡៃ ឡាម៉ា​ ចោទប្រទេសចិន

សម្តេច​សង្ឃ​​ទីបេត៍​ ដាឡៃ​ ឡាម៉ា​
សម្តេច​សង្ឃ​​ទីបេត៍​ ដាឡៃ​ ឡាម៉ា​ © REUTERS/Jean-Philippe Arles

សម្តេច​សង្ឃ​នៃ​ពុទ្ធសាសនិក​ជន​ នៅ​ទីបេត៍​ ដាឡៃ​ ឡាម៉ា​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ នៅ​ឆ្នាំ​១៩៨៩​ បាន​ថ្លែង​ នៅ​ឱកាស​ដំណើរ​ទស្សនកិច្ច​ នៅ​ទីក្រុង​តូក្យូ​ថា​ “​ ឩក្រិដ្ឋកម្ម​ប្រល័យ​វប្បធម៌​ “​ ធ្វើ​ដោយ​ប្រទេស​ចិន​ នៅ​ទីបេត៍​គឺ​ជា​ដើម​កំណើត​នៃ​ការដុត​សម្លាប់​ខ្លួន​ឯង​របស់​ជន​ជាតិ​ទីបេត៍​ជា​បន្ត​បន្ទាប់​គ្នា​នា​ពេល​ថ្មីៗ​។​ការដុត​សម្លាប់​ខ្លួន​ឯង​និង​ការប៉ុន​ប៉ង​ដុត​សម្លាប់​ខ្លួន​ឯង​របស់​ជន​ជាតិ​ទីបេត៍​បាន​កើត​មាន​នៅ​ឆ្នាំ​២០១១​នៅ​ប្រទេស​ចិន​ រួម​មាន​១១​ករណី​នៅ​តំបន់​នានា​នៃ​ខេត្ត​Sichuan​ដែល​មាន​ជន​ជាតិ​ទីបេត៍​រស់​នៅ​។

ផ្សាយពាណិជ្ជកម្ម

អ្នក​តវ៉ា​ប្រឆាំង​ទី១​នៃ​សោកនាដកម្ម​ជា​បន្ត​បន្ទាប់​គ្នា​នេះ​គឺ​ជា​ភិក្ខុ​សង្ឃ​វ័យ​ក្មេង​មួយ​អង្គ​នៃ​វត្ត​kirti​នៅ​ខែ​មីនា​មុន​នេះ​។​ភិក្ខុ​សង្ឃ​អង្គ​នេះ​តាម​រយៈ​កាយ​វិការ​របស់​ខ្លួន​ ចង់​ប្រារព្ធ​ខួប​ឆ្នាំ​ទី​បី​រំលឹក​ការចាប់​ផ្តើម​ការបះ​បោរ​ប្រឆាំង​នឹង​អាជ្ញាធរ​ចិន​ នៅ​ទី​ក្រុង​Lhassa​។​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ​ ​ ជន​ជាតិ​ទីបេត៍​ម្នាក់​រស់​នៅ​ប្រទេស​ឥណ្ឌា​ បាន​ប៉ុន​ប៉ង​ដុត​សម្លាប់​ខ្លួន​ឯង​ នៅ​ពី​មុខ​ស្ថាន​ទូត​ចិន​ នៅ​ទី​ក្រុង​New​ Delhi​។

 
ជន​ជាតិ​ទីបេត៍​ជា​ច្រើន​លែង​ទ្រាំទ្រ​បានទៀតឡើយ​ការជិះជាន់​គ្រប​សង្កត់​របស់​ពួកហាន​ជាជាតិ​ពន្ធុ​មាន​ភាគច្រើន​នៅ​ប្រទេសចិន​។​ព្រះសង្ឃ​នៅទីបេត៍​ត្អូញត្អែរ​អំពី​ការត្រួត​ពិនិត្យ​ឃ្លាំមើល​របស់​ប៉ូលិស​ចិន។​ ព្រះសង្ឃ​មួយចំនួន​ទទួល​រង​យុទ្ធនាការ​អប់រំ​ខាង​នយោបាយ។

អត្តឃាតកម្ម​ជា​សាធារណៈ​គឺជា​បាតុភាព​មួយ​ថ្មី​បង្គួរ​សម្រាប់​ជនជាតិ​ទីបេត៍។​ សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា​បាន​ថ្លែង​ប្រឆាំង​នឹង​បាតុភាព​​នេះ​ ​ ដោយយល់​ឃើញថា​ ស្របតាម​ពុទ្ធសាសនា​គឺជា​ការ​មិន​គោរព​លក្ខណៈ​ដ៏​ពិសិដ្ឋ​នៃ​ជីវិត។​ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​និរទេស​បាន​សម្តែង​គារវកិច្ច​ចំពោះ​ “សេចក្តី​ក្លាហាន​”​ របស់​ពួកជន​ដែល​បូជា​ជីវិត​ខ្លួនឯង​ដើម្បី​មូលហេតុ​ទីបេត៍​។

រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងណាស់​ដោយ​អះអាងថា​​  ហេតុការណ៍​មិន​ថ្កោលទោស​ការដុត​សម្លាប់​ខ្លួនឯង​គឺជា​ការ​ធ្វើ​ផ្ទុយ​ពី​មនសិការ​រួម​និង​សីលធម៌​របស់​មនុស្សជាតិ។​ សម្រាប់​អាជ្ញាធរចិន​ ​ ការដុត​សម្លាប់​ខ្លួនឯង​គឺជា​ទង្វើ​ជាប់ទាក់ទង​នឹង​កម្លាំង​បរទេស​ទាមទារ​ចង់​ផ្តាច់​ទឹកដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI