ទីក្រុងប៉េកាំងធ្វើសមយុទ្ធនាវានៅមហាសមុទ្រប៉ាស៊ីហ្វិកនៅចុងខែវិច្ឆិកា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កងកម្លាំងយោធាចិនបានប្រកាសថា នឹងរៀបចំធ្វើសមយុទ្ធនាវានៅប៉ែកខាងលិចនៃមហាសាគរប៉ាស៊ីហ្វិកនៅចុងខែវិច្ឆិកាឆ្នាំ២០១១។ ទាំងនេះ នៅក្នុងបរិបទដ៏តានតឹងកើតមាននៅលើដែនដីដែលឈ្លោះដណ្តើមគ្នាជាមួយប្រទេសជិតខាង។
“កងកម្លាំងជើងទឹកចិននឹងរៀបចំធ្វើសមយុទ្ធនាវានៅប៉ែកខាងលិចនៃមហាសាគរប៉ាស៊ីហ្វិកនៅចុងខែវិច្ឆិកាឆ្នាំ២០១១” នេះជាការប្រកាសឲ្យដឹងនៅល្ងាចថ្ងៃពុធម្សិលមិញដោយក្រសួងការពារជាតិចិន។
ក្រសួងការពារជាតិចិនបានបញ្ជាក់ទៀតថា “សមយុទ្ធនាវានៅប៉ែកខាងលិចនៃមហាសាគរប៉ាស៊ីហ្វិកនេះ មានគ្រោងនៅក្នុងប្រតិទិនប្រចាំឆ្នាំ ហើយគ្មានធ្វើសំដៅទៅលើប្រទេសណាជាពិសេសឡើយ”។
ក៏ប៉ុន្តែ “សមយុទ្ធនាវានៅប៉ែកខាងលិចនៃមហាសាគរប៉ាស៊ីហ្វិកនេះ” នឹងត្រូវធ្វើចំក្រោយពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយដែលនៅឱកាសនោះលោកអូបាម៉ាបានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិកនឹងពង្រឹងវត្តមានយោធារបស់ខ្លួននៅប្រទេសអូស្ត្រាលី។
រីឯបញ្ហាមហិច្ឆតារបស់ទីក្រុងប៉េកាំងនៅតំបន់ដែនសមុទ្រឋិតនៅប៉ែកខាងលិចនៃមហាសាគរប៉ាស៊ីហ្វិកក៏បានត្រូវគេលើកយកមកនិយាយនាឱកាសជំនួបកំពូលប្រចាំឆ្នាំរបស់អាស៊ានហើយនិងនៅក្នុងជំនួបកំពូលអាស៊ី-បូព៌ានៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុនដែរ។
សមយុទ្ធរបស់ទីក្រុងប៉េកាំងនេះបានត្រូវគេចាត់ទុកថា ជាចម្លើយឆ្លើយតបទៅនឹងសមយុទ្ធនាវារួមគ្នាអាមេរិក-ជប៉ុន អាមេរិក-ហ្វីលីពីន ឬអាមេរិក-កូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ប្រទេសវៀតណាម ហ្វីលីពីន និងកោះតៃវ៉ាន់តែងប៉ះទង្គិចជាមួយប្រទេសចិនពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យនៃទីប្រជុំកោះនៅសមុទ្រចិនខាងត្បូងដែលល្បីថាសម្បូណ៌ទៅដោយប្រេងកាត មានជាអាទិ៍ ទីប្រជុំកោះ Spratleys ដែលទីក្រុងប៉េកាំងតែងប្រកាសថាជាកម្មសិទ្ធិរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ