រុស្ស៊ី-កូរ៉េខាងជើង

ម៉ូស្គូ​អំពាវនាវ​ឲ្យកូរ៉េ​ខាងជើង​ព្យួរទុក​កម្មវិធី​នុយក្លេអ៊ែរ​

សេចក្តីអំពាវនេះ​ទើបត្រូវ​បានបន្លឺ​ឡើង​នាព្រឹក​ថ្ងៃព្រហស្បត៏​ទី១ធ្នូនេះ​ដោយ​ក្រសួង​ការបរទេស​រុស្ស៊ី ​ដែល​សំដែង​នូវ​ក្តី​បារម្ភ​ចំពោះ​ការផលិត​ធាតុ​ Uranium ​ដែល​ចេះតែ​បន្ត​ទៅនៅ​កូរ៉េ​ខាងជើង​ហើយក៏​ឆ្លៀត​អំពាវនាវ​អាជ្ញាធរ​ប្រទេស​កុម្មុយនិស្ត​នេះ​ឲ្យ​បញ្ឈប់​ទាំង​ស្រុង​តែម្តង​ទៅ​សកម្មភាព​នុយក្លេអ៊ែរ។

​រដ្ឋាភិបាល​របស់​លោក​នាយក​​រដ្ឋមន្ត្រី​​រុស្ស៊ី​​ ​Vladimir ​Poutine ​​​អំពាវនាវ​​ឲ្យកូរ៉េ​​ខាងជើង​​ព្យួរទុក​​កម្មវិធី​​នុយក្លេអ៊ែរ​
​រដ្ឋាភិបាល​របស់​លោក​នាយក​​រដ្ឋមន្ត្រី​​រុស្ស៊ី​​ ​Vladimir ​Poutine ​​​អំពាវនាវ​​ឲ្យកូរ៉េ​​ខាងជើង​​ព្យួរទុក​​កម្មវិធី​​នុយក្លេអ៊ែរ​ Reuters / Alexei Nikolsky
ផ្សាយពាណិជ្ជកម្ម

 

ក្នុងបទ​អត្ថាធិប្បាយ​របស់​នាយកដ្ឋាន​ពត៌មាន​ក្រសួង​ការបរទេស​រុស្ស៊ី​មាន​និយាយថា​ ទីក្រុង​ម៉ូស្គូ​មិនមន្ទិល​សង្ស័យ​ឡើយ​ចំពោះ​សិទ្ធិ​អធិបតេយ្យ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល​នុយក្លេអ៊ែរ​សម្រាប់​បម្រើ​គោលដៅ​ស៊ីវិល​ ប៉ុន្តែ​ម៉ូស្គូ​មិនអាច​ឯកភាពឡើយ​ចំពោះការ​ដែល​កូរ៉េ​ខាងជើង​សមិទ្ធិ​ សិទ្ធិនេះ​ ទាំង​បញ្ច្រាស​នឹង​សេចក្តី​សម្រច​នានា​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ក្រសួង​ការបរទេស​រុស្ស៊ី ​អំពាវនាវ​ទីក្រុង​ព្យុងយ៉ាង​ឲ្យយក​ត្រចៀក​ផ្ទៀងស្តាប់​ មតិ​សហគមន៍​ពិភពលោក ​និងឲ្យចាប់​ផ្តើម​”អនុវត្ត​ចលនា”​ វិលត្រឡប់​ទៅភ្ជាប់​ខ្លួន​វិញ​ទៅ​នឹង​”សន្ធិសញ្ញ​ដែល​ហាមប្រាម​ការសាយ​ភាយ​អាវុធ​បរមាណូ”​ រួចក្នុង​ឋានៈជា​ជំហាន​ទី១​ គប្បី​ប្រកាស​ផ្អាក​រាល់តែ​សកម្មភាព​នុយក្លេអ៊ែរ​បូកទាំង​សកម្មភាព​ខាង​ចម្រើនធាតុ​ Uranium ​ហើយអញ្ជើញ​ពួកអ្នកឯកទេស​របស់​”ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ”​ ហៅកាត់​ថា ​AIEA ឲ្យទៅធ្វើ​អធិការកិច្ច​រោងចក្រ​ខាងចម្រើនធាតុ​ Uranium​ នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Yongben។

ជាការ​កត់សម្គាល់​ សេចក្តី​អំពាវនាវ​ធ្វើដោយ​ក្រសួង​ការបរទេស​រុស្ស៊ី​ថ្ងៃនេះ​ គឺជា​ប្រតិកម្ម​តបនឹង​សេចក្តី​ថ្លែងការណ៍​បន្លឺឡើង​នាពេល​ចុងក្រោយ​ដោយទីក្រុង​ព្យុងយ៉ាង ៖
- ស្តីអំពី​ការ​បន្តសង់​ឡើងជា​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ដើរ​ដោយ​ទឹកស្រាល។
- និង​ស្តីអំពី​ការចម្រើន​តទៅ​ទៀតធាតុ​ Uranium ​ក្នុង​អត្រាទាប។

គួរ​រំលឹកថា​ កូរ៉េ​ខាងជើង​ក្នុងឆ្នាំ១៩៨៥​បានចុះ​ហត្ថលេខា​លើ ​”សន្ធិសញ្ញ​ដែល​ហាមប្រាម​ការសាយភាយ​អាវុធ​បរមាណូ”​ ប៉ុន្តែ​ក្នងឆ្នាំ១៩៩៣​បានដក​ខ្លួនចេញ​ទៅវិញ។​ បន្ទាប់មក​ ក្នុងឆ្នាំ ​១៩៩៤​ បានភ្ជាប់​ខ្លួនជាថ្មី​មកនឹង​ឯកសារនេះ​ ប៉ុន្តែ​ក្នុងឆ្នាំ២០០៣​ បានដកខ្លួន​ចេញទៅវិញ ​រហូត​មកទល់​សព្វថ្ងៃនេះ។

បច្ចុប្បន្ន​ មានរដ្ឋ​ចំនួន១៧០​ បានចុះ​ហត្ថលេខា​លើសន្ធិសញ្ញានេះ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និបាត​អ.ស.ប.​ ក្នុងឆ្នាំ១៩៦៨​ ហើយចូល​ជាធរមាន​តាំងពីឆ្នាំ​១៩៧០មក។​ ស្របនឹង​សន្ធិសញ្ញានេះ ​ពួកប្រទេស​មហាអំណាច​បរមាណូ​ទទួល​យកមក​ដាក់លើ​ខ្លួន​នូវកាតព្វកិច្ច​មិនផ្តល់​ដល់ប្រទេស​ឯទៀត​នូវ​សព្វាវុធ​បរមាណូឡើយ។​ ចំណែកប្រទេស​ដែល​គ្មាន​អាវុធ​បរមាណូ ​មានកាតព្វកិច្ច​មិនត្រូវ​អភិវឌ្ឍ​មិនត្រូវ​ផលិត​ហើយមិនត្រូវ​មានអាវុធនេះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI