សហភាពអឺរ៉ុបពង្រឹងទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ហើយនិងគំរាមទៅលើវិស័យប្រេងកាត
អឺរ៉ុបបានធ្វើការពង្រឹងទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយហេតុតែបញ្ហាកកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស។ ទាំងនេះពីរថ្ងៃក្រោយពីមានការវាយប្រហារទៅលើស្ថានទូតអង់គ្លេសនៅទីក្រុងតេហេរ៉ង់។ សហភាពអឺរ៉ុបគំរាមថា នឹងធ្វើការវាយលុកចាប់ពីពេលនេះទៅទល់ចុងខែមករាឆ្នាំ២០១២ទៅលើវិស័យប្រេងកាតដែលជាវិស័យដ៏យុទ្ធសាស្ត្រសម្រាប់ប្រទេសអ៊ីរ៉ង់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋមន្ត្រីក្រសួងការបរទេសនៃសហភាពអឺរ៉ុបដែលជួបប្រជុំគ្នានៅទីក្រុងព្រុចសែលកាលពីម្សិលមិញបានសម្រេចធ្វើការពង្រឹងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ដោយចាត់វិធានការឃាត់ផ្អាប់ទុកនូវប្រាក់ដែលមាននៅក្នុងធនាគាររបស់ក្រុមហ៊ុនឬអង្គការអ៊ីរ៉ង់ប្រមាណ១៤៣ ហើយនិងចុះឈ្មោះជនអ៊ីរ៉ង់៣៧នាក់បន្ថែមទៀតទៅក្នុងបញ្ជីខ្មៅហាមពុំផ្តល់ទិដ្ឋាការសម្រាប់ធ្វើដំណើរទៅក្រៅប្រទេស។
ទាំងនេះបន្ថែមទៅលើទណ្ឌកម្មដែលសហភាពអឺរ៉ុបបានដាក់រួចហើយទៅលើប្រទេសអ៊ីរ៉ង់មានដូចជា៖
- ការឃាត់ផ្អាប់ទុកនូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឬអង្គការអ៊ីរ៉ង់ចំនួន២៩០។
- ចុះឈ្មោះជន៧៦នាក់ដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ទៅក្នុងបញ្ជីខ្មៅហាមពុំផ្តល់ទិដ្ឋាការសម្រាប់ធ្វើដំណើរទៅក្រៅប្រទេស។
ចំណែកឯសហរដ្ឋអាមេរិកវិញ សេតវិមានបានសម្តែងការអបអរនឹងការពង្រឹងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ដោយសហភាពអឺរ៉ុប ហើយនិងការប្រកាសឲ្យដឹងនៅថ្ងៃជាមួយគ្នានូវទណ្ឌកម្មអឺរ៉ុបថ្មីដាក់ប្រឆាំងនឹងប្រទេសស៊ីរី។
មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបបានទាំងរៀបចំរួចជាស្រេចនូវទណ្ឌកម្មវគ្គទីពីរដែលធ្វើសំដៅទៅលើវិស័យប្រេងកាតដែលជាវិស័យដ៏យុទ្ធសាស្ត្រសម្រាប់ប្រទេសអ៊ីរ៉ង់ ដូចមានការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង អាឡាំង ហ្ស៊ូពេ នៅទីក្រុងព្រុចសែលថា “សហភាពអឺរ៉ុបបានសម្រេចចាត់វិធានការពង្រឹងទណ្ឌកម្មទៅលើហិរញ្ញវត្ថុនិងវិស័យប្រេងកាតរបស់អ៊ីរ៉ង់”។
រីឯសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបវិញបានបញ្ជាក់បន្ថែមថា “វិធានការពង្រឹងទណ្ឌកម្មធ្វើសំដៅទៅលើប្រព័ន្ធហិរញ្ញវត្ថុអ៊ីរ៉ង់ វិស័យដឹកជញ្ជូននិងវិស័យថាពល ហើយនិងទៅលើឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចាប់ពីពេលនេះទៅទល់ជំនួបលើកក្រោយនៃរដ្ឋមន្ត្រីនៃសហភាពអឺរ៉ុបនៅថ្ងៃទី៣០មករាឆ្នាំ២០១២ខាងមុខនេះ។
ទីក្រុងប៉ារីស ទីក្រុងប៊ែរឡាំង និងទីក្រុងឡុងដ្រឹ៍គាំទ្រវិធានការហាមឃាត់ពុំឲ្យប្រទេសអ៊ីរ៉ង់នាំប្រេងកាតចេញទៅលក់ក្រៅប្រទេស។ ក៏ប៉ុន្តែវិធានការនេះធ្វើឲ្យប៉ះពាល់ដល់ប្រទេសមួយចំនួនដែលមានការពឹងផ្អែកទៅលើប្រេងកាតរបស់ប្រទេសអ៊ីរ៉ង់។ គួរកត់សម្គាល់ថា ប្រទេសអេស្ប៉ាញនាំចូលប្រេងឆៅអ៊ីរ៉ង់ស្មើនឹង១៤,៦%នៃតម្រូវការរបស់ខ្លួន។ ប្រទេសក្រិក១៤% ហើយនិង១៣,១%សម្រាប់ប្រទេសអ៊ីតាលី។
ប្រទេសចិនឯណោះបានសម្តែងឲ្យឃើញនូវក្តីបារម្ភរបស់គេនៅចំពោះមុខស្ថានការណ៍នៃប្រទេសអ៊ីរ៉ង់ក្រោយពីមានការវាយប្រហារទៅលើស្ថានទូតអង់គ្លេសនៅទីក្រុងតេហេរ៉ង់នៅប៉ុន្មានថ្ងៃមុននេះ។
គួរបញ្ជាក់ថា ប្រទេសចិននិងប្រទេសរុស្ស៊ីដែលជាមិត្តរបស់ប្រទេសអ៊ីរ៉ង់តែងមានជំហរជួយគាំទ្រសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ហើយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងប្រទេសអ៊ីរ៉ង់បានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់នឹងគ្នាទៀតផង។ ទាំងនេះក៏ដោយហេតុតែមានការដកខ្លួនចេញពីប្រទេសអ៊ីរ៉ង់ដោយក្រុមហ៊ុនសំខាន់ៗរបស់ប្រទេសលោកខាងលិច ដោយមូលហេតុទណ្ឌកម្មដាក់ទៅលើប្រទេសអ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ