ឥណ្ឌូនេស៊ីទិញយន្តហោះចម្បាំងរុស្ស៊ី៦គ្រឿងទៀត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គឺយន្តហោះប្រដេញធុន Sukhoi-30 ក្នុងទឹកប្រាក់សរុបប្រមាណ៥០០លានដុល្លារអាមេរិក។ ការសម្រេចចិត្តទិញនេះ ត្រូវបានអនុម័តដោយគណៈប្រតិភូយោធាឥណ្ឌូនេស៊ីថ្ងៃទី៦ធ្នូម្សិលមិញ ដែលជាថ្ងៃបើកធ្វើពិព័រណ៍សព្វាវុធអន្តរជាតិនៅកោះ Langkawi ប្រទេស Malaisie។ ពិព័រណ៍នេះដែលមានឈ្មោះថា Lima-2011 តាំងបង្ហាញ ទាំងដោយសព្វាវុធរបស់ក្រុមហ៊ុនរដ្ឋរុស្ស៊ីខាងលក់អាវុធទៅក្រៅRosOboron Export នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១០ធ្នូខាងមុខ។
អគ្គនាយករងនៃក្រុមហ៊ុនរដ្ឋរុស្ស៊ីខាងលក់អាវុធទៅក្រៅRosOboronExport លោក Victor Komardin បានថ្លែងបញ្ជាក់ព្រឹកថ្ងៃ៧ធ្នូនេះ ក្នុងពិព័រណ៍នៅប្រទេសម៉ាឡេស៊ីនោះថា ទៅទល់ដំណាច់ឆ្នាំ២០១១នេះ ភាគីរុស្ស៊ីនឹងចុះកុងត្រាដើម្បីលក់ទៅឲ្យឥណ្ឌូនេស៊ីនូវយន្តហោះប្រដេញធុន Sukhoi-30 ចំនួន៦គ្រឿងទៀត បន្ថែមទៅលើអាធុននេះចំនួន១០គ្រឿងដែលឥណ្ឌូនេស៊ីធ្លាប់បានទិញពីរុស្ស៊ីទៅហើយ។ តម្លៃកុងត្រានេះគឺក្នុងទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក។ គាត់គូសបញ្ជាក់ថា សម្រាប់ឥណ្ឌូនេស៊ី រុស្ស៊ីជាដៃគូប្រពៃណីទៅហើយក្នុងវិស័យសហប្រតិបត្តិការយោធា-បច្ចេកទេស។
គួររំលឹកថា កាលពីចុងឆ្នាំទៅមិញ លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីក្នុងសម្ភាសន៍មកទីភ្នាក់ងារពត៌មានរុស្ស៊ី RIA Novosty ចាត់ទុកជាភារកិច្ចចម្បងរបស់ក្រសួងគាត់គឺបង្កើតឲ្យបានពេញរូបពេញរាងជាកងយន្តហោះចម្បាំងធុន Sukhoi ផ្សំឡើងពីយន្តហោះចំនួន ១៦ គ្រឿង។ តាមប្រសាសន៍គាត់បច្ចុប្បន្នឥណ្ឌូនេស៊ីមានយន្តហោះធុនSukhoi-30 ចំនួន១០គ្រឿងដែលសុទ្ធតែទិញពីរុស្ស៊ី ពោលគឺ ៖ ៤គ្រឿងទិញក្នុងឆ្នាំ២០០៣ ៦គ្រឿងទិញក្នុងឆ្នាំ២០០៧។ មិនតែប៉ុណ្ណោះ ឥណ្ឌូនេស៊ីក៏បានទិញពីរុស្ស៊ីក្នុងឆ្នាំ២០១០កន្លងទៅ គឺយន្តហោះប្រដេញធុន Sukhoi-27 ចំនួន៣គ្រឿងដែរ។
ចំណែកតំណាងក្រុមហ៊ុនរដ្ឋរុស្ស៊ី RosOboronExport បានបន្ថែមថា ទីក្រុងម៉ូស្គូធ្លាប់បានលក់កាលពីមុនៗទៅឲ្យក្រុង Jakarta ក៏ទាំងសព្វាវុធផ្សេងទៀតដែរ បែបយ៉ាងឧទ្ធម្ភាគចក្រធុន Mi-35 ចំនួន១០គ្រឿង ,ឧទ្ធម្ភាគចក្រធុន Mi-17 ចំនួន ១៤គ្រឿង យានយន្តចម្បាំងរបស់ ទ័ពថ្មើរជើង ធុន TMP-3 ចំនួន ១៧គ្រឿង រថពាសដែកកង់ច្រវាក់ធុនBTR-80 ចំនួន៤៨គ្រឿង, កាំភ្លើងស្វ័យប្រវត្ត ធុនAK-102 ចំនួន ៩.០០០ដើម។
ដោយឡែក ដោយបូកសរុបតុល្យាការឆ្នាំ២០១១នេះ អគ្គនាយករងនៃក្រុមហ៊ុនរដ្ឋរុស្ស៊ីខាងលក់អាវុធទៅក្រៅ RosOboronExport លោក Victor Komardin បានឲ្យដឹងថា គិតទាំងទឹកប្រាក់ប្រមាណ១.០០០លានដុល្លារនៃកុងត្រាដែលនឹងចុះបានក្នុងក្របខ័ណ្ឌនៃពិព័រណ៍នៅប្រទេសម៉ាឡេស៊ីលើកនេះរុស្ស៊ីនឹងទទួលបានពីការលក់អាវុធទៅក្រៅក្នុងឆ្នាំនេះគឺដល់ទំហំ ៩.៧០០លានដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ