កំណើនសេដ្ឋកិច្ចអាស៊ីដ៏ខ្លាំងក្លានៅចំពោះមុខសេដ្ឋកិច្ចទ្រុឌទ្រោមនៃតំបន់អឺរ៉ូ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលធ្លាប់តែបានត្រូវអូសទាញដោយសេដ្ឋកិច្ចនៃតំបន់ដទៃទៀត ឥឡូវនេះបានប្រែក្លាយទៅជាតំបន់មួយដែលមានកម្លាំងសេដ្ឋកិច្ចដ៏សែនខ្លាំងក្លា។ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានក្លាយទៅជាក្បាលម៉ាស៊ីនជួយអូសទាញសេដ្ឋកិច្ចពិភពលោក ហើយប្រាក់បម្រុងទុកដ៏ច្រើនលើសលុបរបស់តំបន់អាស៊ីក៏បានទាក់ទាញយ៉ាងខ្លាំងសហរដ្ឋអាមេរិកនិងតំបន់អឺរ៉ូផងទៀត។
នៅចុងឆ្នាំ២០១១ កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឃើញមានកម្រើកកើនឡើងយ៉ាងតិចទាប។ ចំណែកឯអឺរ៉ុបឯណេះ កំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុយ៉ាងសែនធ្ងន់ធ្ងរពុំដែលកើតមាននារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ រីឯប្រទេសប្រេស៊ីលដែលជាមហាអំណាចសេដ្ឋកិច្ចនៅអាមេរិកខាងត្បូងក៏មានកំណើនសេដ្ឋកិច្ចសឹងតែសូន្យ លើកលែងតែតំបន់អាស៊ីតែមួយគត់ដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា។
ការស្ទុះកើនឡើងខ្លាំងក្នុងវិស័យសេដ្ឋកិច្ចក៏បានភ្ជាប់មកជាមួយនូវឥទ្ធិពលខ្លាំងក្លាក្នុងវិស័យការទូតផងដែរ។
ហេតុដូច្នេះហើយបានជាគេឃើញលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា នាឱកាសជំនួបកំពូលហ្វ័រូមសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅកោះហាវៃនៅពេលកន្លងទៅនេះបានគូសបញ្ជាក់ប្រាប់ពីការប្តូរប្រែទិសដៅយុទ្ធសាស្ត្រនៃនយោបាយអាមេរិកាំងបែរទៅរកតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកអូបាម៉ាមានទាំងគម្រោងបង្កើតឲ្យមានជា “ដៃគូអន្តរប៉ាស៊ីហ្វិក”ឬ “Transpacific Partnership” ដែលនឹងធ្វើឲ្យតំបន់ប៉ាស៊ីហ្វិកក្លាយទៅជាតំបន់ដោះដូរសេដ្ឋកិច្ចសេរីធំជាងគេក្នុងលោកទៀតផង។
អត្រានៃកំណើនសេដ្ឋកិច្ចអាស៊ីមានខ្ពស់ជាងអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបនិងសហរដ្ឋអាមេរិកច្រើនណាស់។ មកទល់ពេលនេះ វិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុបនៅពុំទាន់បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនៃប្រទេសអាស៊ីនៅឡើយ។ ក៏ប៉ុន្តែសម្រាប់អ្នកវិភាគជាច្រើនគេប្រមាណថា សេដ្ឋកិច្ចអាស៊ីអាចនឹងស្គាល់ការខូចខាតខ្លាំងនៅឆ្នាំ២០១២ខាងមុខ បើប្រសិនជាសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ទៅក្នុងដំណើរសេដ្ឋកិច្ចដើរថយក្រោយ។ ទាំងនេះ ដោយហេតុតែសេដ្ឋកិច្ចអាស៊ីជាសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញទៅលក់ក្រៅប្រទេស។
ប្រទេសចិននិងប្រទេសឥណ្ឌាដែលជាមហាអំណាចសេដ្ឋកិច្ចដ៏សំខាន់នៅអាស៊ីបានចាប់ជួបនឹងបញ្ហាសន្ទុះកំណើនសេដ្ឋកិច្ចធ្លាក់ស្រុតចុះដ៏គួរឲ្យកត់សម្គាល់ ដោហេតុថា នៅត្រីមាសទីបីឆ្នាំ២០១១នេះ គេឃើញការនាំចេញ ការទិញដូរហូបចុកផ្ទៃក្នុង ហើយនិងផលិតផលបានស្គាល់ការធ្លាក់ស្រុតចុះ។
ចំណែកឯហុងកុង សិង្ហបុរី កូរ៉េខាងត្បូងនិងតៃវ៉ាន់ក៏ពុំខុសគ្នាប៉ុន្មានឡើយនៅចុងឆ្នាំ២០១១នេះ គេឃើញអត្រានៃកំណើនសេដ្ឋកិច្ចជួបនឹងការធ្លាក់ស្រុតចុះ។
រីឯប្រាក់បម្រុងទុកដ៏ច្រើនលើសលុបរបស់ប្រទេសចិនដែលមានដល់ទៅ៣ ២០០ពាន់លានដុល្លារនៅចុងខែកញ្ញានេះបានទាក់ទាញយ៉ាងខ្លាំងប្រទេសអឺរ៉ុប ដោយពួកគេសង្ឃឹមថា ប្រាក់បម្រុងទុកដ៏ច្រើនលើសលុបរបស់ចិន អាចមកបោះទុនក្នុងមូលនិធិអឺរ៉ុបសម្រាប់រក្សាស្ថិរភាពហិរញ្ញវត្ថុ FESF របស់អឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ