ភូមា-សិទ្ធិផ្សព្វផ្សាយព័ត៌មាន

អាជ្ញាធរភូមា​លើកចេញ​ការត្រួត​ពិនិត្យ​ទៅលើ​សារព័ត៌មាន​សេដ្ឋកិច្ច​

​លោកប្រធានាធិបតី​ភូមា​ Thein Sein
​លោកប្រធានាធិបតី​ភូមា​ Thein Sein AFP/Christophe Archambault

រដ្ឋអំណាច​ភូមា​បាន​លើកចេញ​ការត្រួត​ពិនិត្យ​ទៅលើ​សារព័ត៌មាន​មួយចំនួន​ដែលក្នុងនោះ​មាន​ជាអាទិ៍​សារព័ត៌មាន​សេដ្ឋកិច្ច​។​ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ទូទៅ​ ​ អាជ្ញាធរ​ភូមា​នៅតែ​បន្ត​ធ្វើការត្រួត​ពិនិត្យ​មុន​នឹង​អនុញ្ញាត​ឲ្យ​ចេញផ្សាយ។​ នេះជាការ​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃអាទិត្យនេះ​ដោយ​ Myanmar Times ​។

ផ្សាយពាណិជ្ជកម្ម

ជាសរុប​មាន​ទិនានុប្បវត្តិ​ ​ ទស្សនាវដ្តី​ ប្រមាណ​៥៤​បាន​រួចខ្លួន​ពី​ការ​ត្រួត​ពិនិត្យ​ដោយ​អាជ្ញាធរ​ភូមា​មុន​នឹង​ធ្វើការ​ចេញផ្សាយ។​ នេះ​បើអនុលោម​តាម​កំណែ​ទម្រង់​នៃ​ថ្ងៃទី​៩ធ្នូ​ឆ្នាំ២០១១។

 
ចំណែកឯ​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព​ទូទៅ​ ​ បញ្ហា​អប់រំ​ ​ និង​បញ្ហា​សាសនា​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដដែល​។​ នេះ​ជាការ​ប្រកាស​ឲ្យដឹង​ដោយ​លោក​ Tint Swe ​ប្រធាន​ត្រួតពិនិត្យ​​ភូមា។

បើយោងតាម​​ Myanmar Times​ លោក​ Tint Swe ​ប្រធាន​ត្រួតពិនិត្យ​សារព័ត៌មាន​ភូមា​បាន​ថ្លែង​ឲ្យដឹង​នៅ​ពេល​ថ្មីៗ​នេះថា​ ​ “ការត្រួត​ពិនិត្យ​ទៅលើ​សារព័ត៌មាន​ជា​ទង្វើ​ពុំ​សមស្រប​នឹង​ការអនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ​ឡើយ​ ​ ដូច្នេះ​គេនឹង​ត្រូវ​លុបចេញ​នៅពេល​ឆាប់ៗ​ខាងមុខនេះ”​។

រីឯ​លោកប្រធានាធិបតី​ភូមា​ Thein Sein ​ដែល​បាន​ឡើង​មកកាន់​អំណាច​នៅខែ​មីនា​កន្លងទៅ​ ក្រោយពី​បាន​រំលាយ​របបសឹក​ភូមា​ ​ កំពុង​ខិតខំ​បង្ហាញ​ឲ្យ​បក្ស​ប្រឆាំង​ភូមា​និង​ប្រទេស​លោក​ខាងលិច​ឃើញ​ថា​ ​ លោក​បាន​សម្រេច​ចិត្ត​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ស៊ីជម្រៅ​នៅ​ក្នុង​ប្រទេស​ភូមា។

គួរកត់​សម្គាល់ថា​ ​ ក្រោយពី​មាន​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​នៅ​ខែវិច្ឆិកា​ឆ្នាំ២០១០​ ​ និង​ក្រោយ​ពី​មាន​ការ​ដោះលែង​លោក​ស្រី​អ៊ុងសាន​ស៊ូជី​ ​ ឥឡូវនេះ​សារព័ត៌មាន​ភូមា​ចាប់​មាន​សេរីភាព​ធ្វើការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​លោក​ស្រី​អ៊ុងសាន​ស៊ូជី​ដែល​កាលពីមុន​បាន​ជួប​នឹង​ការហាមឃាត់។

មិនតែ​ប៉ុណ្ណោះ​ ​ បើយោងតាម​ទិនានុប្បវត្តិ​រដ្ឋភូមា​ឈ្មោះ​ New Light of Myanmar ​បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃអាទិត្យ​នេះថា​ ​ រដ្ឋអំណាច​ភូមា​គ្រោង​ធ្វើការ​សម្រាល​ការត្រួត​ពិនិត្យ​ទៅលើ​ខ្សែភាពយន្ត​ផងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI