កម្លាំងជើងទឹកអាមេរិក-អាស៊ី

អាមេរិក​គិតធ្វើការ​សំចត​នាវា​ចម្បាំង​នៅសិង្ហបុរី​

នាវា​ចម្បាំង​អាមេរិក​​ដែល​មាន​​វត្តមាន​​រូចហើយ​​នៅ​មហា​សាគរ​​  Pacifique
នាវា​ចម្បាំង​អាមេរិក​​ដែល​មាន​​វត្តមាន​​រូចហើយ​​នៅ​មហា​សាគរ​​ Pacifique © Wikipédia

កងកម្លាំង​ជើងទឹក​អាមេរិក​នៅពេល​អនាគត​គ្រោង​យក​សិង្ហបុរី​ធ្វើជា​កំពង់ផែ​សម្រាប់​ឲ្យ​នាវា​ចម្បាំង​អាមេរិក​ថ្មីៗ​ចូល​សំចត។​ នេះ​ជាការថ្លែង​របស់​លោក​ឧត្តមនាវី​ Jonathan Greenert ​ប្រធាន​បេសកកម្ម​តាម​ផ្លូវសមុទ្រ​នៃ​កងកម្លាំង​ជើងទឹក​អាមេរិក​ ​ នៅក្នុង​ទស្សនាវដ្តី​ Proceedings ​នៅខែធ្នូ​ឆ្នាំ២០១១​នេះ។

ផ្សាយពាណិជ្ជកម្ម

កងកម្លាំង​ជើងទឹក​របស់​សហរដ្ឋ​អាមេរិក​នឹង​ឲ្យ​សារៈ​សំខាន់​កាន់តែ​ខ្លាំងឡើងៗ​ទៅលើ​ផ្លូវ​នាវាចរ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​ ពោលគឺ​នៅ​តំបន់​ផ្លូវនាវាចរ​ត្រឡែងកែង​នៅ​សិង្ហបុរី។​ នេះ​ជាការ​គូស​បញ្ជាក់​របស់​ លោក​ឧត្តមនាវី​ Jonathan Greenert ​ប្រធាន​បេសកកម្ម​តាម​ផ្លូវសមុទ្រ​នៃ​កងកម្លាំង​ជើងទឹក​អាមេរិក។

 
កិច្ចចរចា​ស៊ីជម្រៅ​ជាច្រើន​បាន​ប្រព្រឹត្តទៅ​នារយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​ ពាក់ព័ន្ធ​នឹង​បញ្ហា​កំពង់ផែ​សម្រាប់​ឲ្យ​នាវា​ចម្បាំង​អាមេរិក​ចូល​សំចត​ ​ ដែល​ក្នុងនោះ​ពុំគ្រាន់តែ​មាន​កំពង់ផែ​នៅ​សិង្ហបុរី​ប៉ុណ្ណោះទេ​ ​ នៅមាន​កំពង់ផែ​ជា​ច្រើន​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ជាអាទិ៍​ ​ កំពង់ផែ​នៃ​ប្រទេស​ហ្វ៊ីលីពីន។

តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​វិវឌ្ឍន៍​បែបនេះ?

ការ​វិវឌ្ឍន៍​យុទ្ធសាស្ត្រ​បែបនេះ​បានកើតមាន​ក៏​ដោយហេតុតែ​មាន​បញ្ហា​សោហ៊ុយ​ ​ ហើយនិង​មាន​បញ្ហា​មហិច្ឆតា​យោធា​របស់​ប្រទេសចិន​ ​ ជាពិសេស​មហិច្ឆតា​យោធា​នៃ​កងកម្លាំង​ជើងទឹក​ចិន។

លោក​ឧត្តមនាវី​ Jonathan Greenert ​បាន​ថ្លែង​ប្រាប់ទៀតថា​ ​ “​ដោយហេតុតែ​អាមេរិក​ប្រហែល​ជា​លែងមាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​ ​ ទើប​កងកម្លាំង​ជើងទឹក​អាមេរិក​នៅ​ឆ្នាំ២០២៥​រំពឹង​ទៅលើ​មូលដ្ឋាន​និង​កំពង់ផែ​របស់​ប្រទេស​ក្នុង​តំបន់​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ពស្តុភារ​ ​ បញ្ហា​ឈប់សម្រាក​ ​ និង​បញ្ហា​ធ្វើការ​ជួសជុល​”។

វិធីនេះ​នឹង​អាចជួយ​ឲ្យ​កងកម្លាំង​ជើងទឹក​អាមេរិក​មាន​វត្តមាន​នៅ​ជួរមុខ​នៅក្នុង​តំបន់​ដែល​មាន​បញ្ហា​នៅ​លើ​ពិភពលោក​ ​ ដោយ​ប្រើ​នាវា​និង​យន្តហោះ​ចំនួន​តិចជាង​សព្វថ្ងៃនេះ។

លោក​ឧត្តមនាវី​ Jonathan Greenert​ ប្រធាន​បេសកកម្ម​តាម​ផ្លូវសមុទ្រ​នៃ​កងកម្លាំង​ជើងទឹក​អាមេរិក​បាន​គូស​បញ្ជាក់ថា​ ​ កំពង់ផែ​សិង្ហបុរី​ជា​អនាគត​កំពង់ផែ​ដ៏​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​ ​ ក៏​ប៉ុន្តែ​លោក​ឧត្តមនាវី​ពុំបាន​បញ្ជាក់​ឲ្យដឹង​ពី​ប្រតិទិន​ច្បាស់លាស់​ឡើយ។​ ហើយនាវា​ចម្បាំង​អាមេរិក​នឹង​ចូលរួម​បេសកកម្ម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ក្រុមចោរ​សមុទ្រ​ហើយនិង​ក្រុម​អ្នករត់ពន្ធ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ។

គួររំលឹកថា​ ​ ផែនការ​របស់​ លោក​ឧត្តមនាវី​ Jonathan Greenert​ នេះ​នឹង​ត្រូវ​ធ្វើ​បន្ថែម​ទៅលើ​គម្រោងការ​ដាក់​ពង្រាយ​កងកម្លាំង​ម៉ារីន​អាមេរិក​នៅ​ប្រទេស​អូស្ត្រាលី​ដែល​បាន​ប្រកាស​ដោយ​​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា​ នៅ​ពេលថ្មីៗ​កន្លង​ទៅនេះ។

បញ្ហា​សំចត​ដោយ​នាវាចម្បាំង​អាមេរិក​នៅ​តាម​កំពង់ផែ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ធ្លាប់បាន​ត្រូវគេ​លើ​យកមក​ពិភាក្សា​រួចហើយ​នៅ​ខែវិច្ឆិកា​កន្លងទៅ​នាឱកាស​ជំនួប​ហ្វ័រូម​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​ APEC ​ ​ ហើយ​ដែល​នាកាសនោះ​ ​ បញ្ហា​ប្រទេសចិន​បាន​ក្លាយជា​បញ្ហា​សំខាន់​ចម្បង​ដែលគេ​លើកយក​មក​ពិភាក្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI