ប្រមុខយោធាថៃគាំទ្រច្បាប់ការពាររបបរាជានិយម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រមុខកងកម្លាំងយោធាថៃបានចេញមុខការពារយ៉ាងខ្លាំងក្លានៅថ្ងៃអង្គារនេះច្បាប់ដែលការពាររបបរាជានិយម។ លោកប្រមុខយោធាថៃបានអញ្ជើញអ្នកដែលចង់ធ្វើកំណែទម្រង់ច្បាប់នេះឲ្យចាកចេញពីប្រទេសថៃ ទាំងនេះក្នុងខណៈពេលដែលការតស៊ូមតិបានចាប់ក្លាយជាសង្គ្រាមប៉ាកកាដ៏សែនពុះកញ្ជ្រោលនៅក្នុងប្រទេស។
ព្រះរាជវង្សគ្មានតួនាទីនយោបាយអ្វីជាផ្លូវការនៅក្នុងប្រទេសថៃឡើយ។ ក៏ប៉ុន្តែអត្ថបទច្បាប់ដែលការពាររបបរាជានិយមថៃគឺជាច្បាប់ដែលមានលក្ខណៈតឹងតែងជាងគេក្នុងលោក ហើយនៅពេលថ្មីៗនេះទៀតតុលាការថៃបានសម្រេចកាត់ទោសដាក់គុកយ៉ាងធ្ងន់ផងទៀតទៅលើជនដែលមានពាក្យសម្តីឬទង្វើដែលគេយល់ថាជាការប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
លោកឧត្តមសេនីយ៍ Prayut Chan-O-Cha បានវិនិច្ឆ័យថា “ការតស៊ូមតិជាសាធារណៈពាក់ព័ន្ធនឹងច្បាប់ការពាររាជានិយមគឺជាការមួយពុំសមរម្យ ហើយរូបលោកផ្ទាល់នឹងជួយជ្រោមជ្រែងការពារសន្តិសុខជាតិដោយធ្វើការការពាររបបរាជានិយម”។
គួរបញ្ជាក់ថា អ្នកដែលប្រមាថប្រឆាំងនឹងមាត្រា១១២ពាក់ព័ន្ធនឹងការប្រមាថព្រះចេស្តាព្រះមហាក្សត្រនឹងត្រូវជាប់គុករហូតដល់ទៅ១៥ឆ្នាំ។ លោកប្រមុខយោធាថៃបានថ្លែងអញ្ជើញឲ្យអ្នកប្រឆាំងទាំងនោះឲ្យចាកចេញពីប្រទេសថៃ។
ព្រះមហាក្សត្រថៃព្រះចៅ Bhumibol ដែលមានព្រះជន្មាយុ៨៤ព្រះវស្សាបានត្រូវប្រជាជនគោរពដូចព្រះអាទិទេព ហើយគេក៏ពុំបានរំលឹកពីបញ្ហាតបស្នងរាជ្យជាសាធារណៈឡើយ។ ក៏ប៉ុន្តែការតស៊ូមតិពាក់ព័ន្ធនឹងអត្ថបទច្បាប់ដែលការពាររបបរាជានិយមថៃបានក្លាយជាសង្គ្រាមប៉ាកកាដ៏សែនពុះកញ្ជ្រោលនៅក្នុងប្រទេសតាមរយៈអ៊ិនធ័រណេតនិងតាមរយៈកាសែតមួយចំនួន។
រីឯសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិវិញបានថ្កោលទោសទៅលើច្បាប់ថៃដ៏តឹងរ៉ឹងនេះថា ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
គូរកត់សម្គាល់ថា សកម្មជន “អាវក្រហម” ម្នាក់ដែលគាំទ្រលោកអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន បានត្រូវតុលាការកាត់ទោសកាលពីសប្តាហ៍មុនឲ្យជាប់គុក១៥ឆ្នាំពីបទបានប្រមាថព្រះរាជវង្សនាឱកាសបាតុកម្មគាំទ្រលោកថាក់ស៊ីននៅឆ្នាំ២០០៨។
ចំណែកឯលោកប្រមុខយោធាថៃដែលមានតួនាទីជាផ្លូវការជាអ្នកការពាររបបរាជានិយមបានទទួលការគាំទ្រនៅថ្ងៃអង្គារនេះពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី Chalerm Yubamrung៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ