កូរ៉េខាងជើង

ទីក្រុងព្យុងយ៉ាង​បើកទ្វារ​ព្រំដែន​​ឲ្យគេ​​ចូលមក​គោរព​វិញ្ញាណក្ខន្ធ​ គីម ជុងអ៊ីល​

ទាហាន​​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង​​ប្រឈម​មុខ​ដាក់គ្នា​នៅ​ព្រំដែន​ Paju ឋិតនៅ​ប្រមាណ ៥៥​ គ.ម.​ពី​ទីក្រុង​សេអ៊ូល
ទាហាន​​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង​​ប្រឈម​មុខ​ដាក់គ្នា​នៅ​ព្រំដែន​ Paju ឋិតនៅ​ប្រមាណ ៥៥​ គ.ម.​ពី​ទីក្រុង​សេអ៊ូល REUTERS/Lee Jae-Won

ប្រទេស​កូរ៉េ​ខាងជើង​ដែល​កាន់​មរណទុក្ខ​តាំងពី​ថ្ងៃ​ដែល​ប្រមុខ​ដឹកនាំ​ គីម​ ជុង-អ៊ីល​ បាន​ចែកឋាន​ទៅ​ ​ នឹង​ចាប់បើក​ព្រំដែន​អាកាស​និង​ព្រំដែនដី​របស់​ខ្លួន​ដើម្បី​ឲ្យ​គណៈប្រតិភូ​មកពី​កូរ៉េ​ខាងត្បូង​និង​បរទេស​អាច​ចូលមក​គោរព​វិញ្ញាណក្ខន្ធ​ គីម​ ជុងអ៊ីល។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​ប្រារព្ធ​ពិធី​បុណ្យសព​ប្រមុខដឹកនាំ ​គីម​ ជុង-អ៊ីល ​ប្រទេស​កូរ៉េ​ខាងជើង​បើកទ្វារ​ព្រំដែន​អាកាស​និង​ព្រំដែនដី​របស់​ខ្លួន​។​ របប​ផ្តាច់ការ​កុម្មុយនិស្ត​នៃ​ទីក្រុង​ព្យុងយ៉ាង​ទើបនឹង​បាន​ប្រកាស​ថា​ ​ គណៈប្រតិភូ​មកពី​កូរ៉េ​ខាងត្បូង​និង​បរទេស​អាច​ចូលមក​គោរព​វិញ្ញាណក្ខន្ធ​ គីម​ ជុងអ៊ីល​ ​ ដោយ​អាជ្ញាធរ​កូរ៉េ​ខាងជើង​បើក​ចំហ​ព្រំដែន​អាកាស​និង​ព្រំដែនដី​ដែល​ខ័ណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំងពីរ។

 
ភរិយា​របស់​លោក​ Kim Dae-jung ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​និងជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បាន​​ថ្លែង​ឲ្យ​ដឹងថា​ ​ លោកស្រី​មាន​បំណង​នឹង​អញ្ជើញ​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​ ​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​លោក​ Hyun Chung-eun ​ប្រធាន​ក្រុមហ៊ុន​ Hyundai ​ដែល​បាន​បោះទុន​ធ្វើ​វិនិយោគ​យ៉ាងច្រើន​នៅ​ប្រទេស​កូរ៉េ​ខាងជើង។​ អ្នកទាំងពីរ​បាន​ទទួល​ការអនុញ្ញាត​ពិសេស​ពី​ទីក្រុង​សេអ៊ូល​ ​ ក៏​ប៉ុន្តែ​អ្នកដឹកនាំ​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​បញ្ជាក់​ប្រាប់ថា​ ​ គេ​នឹង​ពុំ​បញ្ជូន​គណៈប្រតិភូ​ជា​ផ្លូវការ​ឡើយ​ទៅទីក្រុង​ព្យុងយ៉ាង។

ចំណែកឯ​សហរដ្ឋ​អាមេរិក​ ​ ប្រទេស​ជប៉ុន​និង​ប្រទេស​អឺរ៉ុប​ជាច្រើន​ទៀត​បាន​បដិសេធ​ពុំព្រម​ចូលរួម​រក្សា​ភាព​ស្ងៀមស្ងាត់​មួយនាទី​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាងជើង​ គីម​ ជុងអ៊ីល​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃសៅរ៍​កន្លងទៅ​ឡើយ។​ ដោយ​អ្នកការទូត​នៃ​ប្រទេស​លោកខាងលិច​យល់ថា​ ​ ទង្វើនេះ​ជា​ “ទង្វើ​ពុំ​សមរម្យ”​ ។

សម្រាប់​ប្រទេស​លោកខាងលិច​ ​ មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាងជើង​ គីម​ ជុងអ៊ីល​ គឺជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ប្រជាជន​កូរ៉េ​ស្លាប់​រាប់​សែន​រាប់​លាននាក់​។​ នេះ​ជាការ​ថ្លែង​អះអាង​របស់​អ្នកការទូត​នៃ​ប្រទេស​បស្ចិមលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI