ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មហិច្ឆតាថ្មី​នៃទីក្រុង​ប៉េកាំង​ក្នុងវិស័យ​កងកម្លាំង​ជើងទឹក​

សំឡេង ០៣:១៤
លោក​ប្រធានាធិបតី​ចិន​​ ហ៊ូ ជិនតាវ​​ ​អំពាវនាវ​ឲ្យ​​ ​ “កងកម្លាំង​​ជើងទឹកចិន​​ពន្លឿន​​ទំនើប​កម្ម​​របស់​​ខ្លួន​​ដើម្បី​​ត្រៀម​​លក្ខណៈ​​ចូល​ប្រយុទ្ធ​”​
លោក​ប្រធានាធិបតី​ចិន​​ ហ៊ូ ជិនតាវ​​ ​អំពាវនាវ​ឲ្យ​​ ​ “កងកម្លាំង​​ជើងទឹកចិន​​ពន្លឿន​​ទំនើប​កម្ម​​របស់​​ខ្លួន​​ដើម្បី​​ត្រៀម​​លក្ខណៈ​​ចូល​ប្រយុទ្ធ​”​ REUTERS/Sergei Karpukhin

កោះ​ Seychelles ​ទើបនឹង​ស្នើ​ទៅ​ប្រទេសចិន​ថា​ ​ កោះ​ Seychelles ​យល់ព្រម​ឲ្យ​មាន​ការ​សម្រួល​​ដល់​វត្តមាន​នៃ​កងកម្លាំង​ជើងទឹក​ចិន​នៅ​លើ​ដែនដី​និង​ដែន​សមុទ្រ​របស់​ខ្លួន​ ​ ដោយហេតុ​​​តែ​គេឃើញមាន​វត្តមាន​នាវាចិន​នៅ​មហាសាគរ​ឥណ្ឌា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ពួកចោរ​សមុទ្រ។​ សំណើ​របស់​ កោះ​ Seychelles ​នេះ​បាន​បណ្តាល​ឲ្យ​កើត​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ប្រទេស​ឥណ្ឌា​និង​នៅ​សហរដ្ឋ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

ទោះបីជា​គេ​នៅ​ពុំទាន់​ទទួល​បាន​ចម្លើយ​ជាក់ច្បាស់​ពី​សំណាក់​ប្រទេស​ចិន​ក៏ដោយ​ ​ ក៏​ឥឡូវ​នេះ​ក្រសែ​ចក្ខុ​របស់​អ្នកសង្កេតការណ៍​អន្តរជាតិ​បាន​នាំគ្នា​ងាក​ទៅមើល​ មហិច្ឆតា​ថ្មី​នៃ​ទីក្រុង​ប៉េកាំង​ក្នុង​វិស័យ​កងកម្លាំង​ជើងទឹក​ ​ ដែល​គេ​សង្កេត​ឃើញ​មាន​លេចចេញ​វត្តមាន​នាវាចិន​កាន់តែ​ច្បាស់ឡើងៗ​នៅ​មហាសាគរ​ឥណ្ឌា។

 
គឺនៅឱកាស​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ចិន​នៃ​ក្រសួង​ការពារជាតិ​នៅ​ដើមខែ​នេះឯង​ ដែល​ កោះ​ Seychelles ​បាន​ធ្វើ​សំណើ​​ទៅ​ប្រទេសចិន។​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ កោះ​ Seychelles​ លោក​ Jean-Paul Adam ​បាន​ថ្លែង​ឲ្យដឹងថា​ ​ “​កោះ​ Seychelles​ ចង់​ឲ្យមាន​វត្តមាន​យោធាចិន​នៅលើ​ដែនដី​របស់ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ពួកចោរ​សមុទ្រ​ ​ ហើយ​ទីក្រុង​ប៉េកាំង​នឹង​សិក្សា​ពី​លទ្ធភាពនេះ”។​ ហើយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ កោះ​ Seychelles​ បាន​បញ្ជាក់​ទៀតថា​ “​បេសកកម្ម​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​ក្នុង​តំបន់”។

ចំណែកឯ​ប្រទេសចិន​វិញ​បាន​ធ្វើការ​ឆ្លើយតប​ដោយ​ប្រយ័ត្ន​ប្រយែង​។​ ក្រសួង​ការពារជាតិ​ចិន​បាន​ទទួល​ស្គាល់ថា​ ​ “គេបាន​ពិនិត្យ​មើល​ពី​លទ្ធភាព​នៃ​ការ​សម្រួល​ក្នុង​វិស័យ​ផ្គត់ផ្គង់​ពស្តុភារ​នៅ​តាម​កំពង់ផែ​ដូចជា​នៅ​កោះ​ Seychelles​ ឬ​នៅ​តាម​កំពង់ផែ​នៃ​ប្រទេស​ដទៃទៀត”។​ ក៏​ប៉ុន្តែ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​លោក​ Liu Weimin ​បាន​ថ្លែងប្រាប់​ថា​ “ប្រទេសចិន​គ្មាន​ផែនការ​ដាក់​មូលដ្ឋាន​យោធា​នៅបរទេស​ឡើយ”​។​ ហើយ​ លោក​ Liu Weimin ​ថ្លែង​បញ្ជាក់​ទៀតថា​ “​លោក​ពុំដែល​ឮ​សោះឡើយ​ពីលទ្ធភាព​ដាក់ឲ្យ​មាន​មូលដ្ឋាន​យោធា​និង​ឲ្យ​មាន​វត្តមាន​យន្តហោះ​ចិន​នៅ​កោះ​ Seychelles​”។

គួរបញ្ជាក់ថា​ ​ ចាប់តាំងពី​ប្រទេសចិន​បាន​ចូលរួម​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ពួក​ចោរសមុទ្រ​នៅ​ចុង​ឆ្នាំ២០០៨​មក​ ​ នាវាចិន​ធ្លាប់​បាន​យកប្រើប្រាស់​ជាច្រើនលើក​កំពង់ផែ​នៃ​ប្រទេស​យេម៉ែន​ ​ អូម៉ង់​ ​ និង​ Djibouti សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​ពស្តុភា​និង​ធ្វើការ​ជួសជុល។​ ហើយនៅ​ឆ្នាំ២០០៩​ទៀត​ ​ ឧត្តមនាវី​ចូលនិវត្តន៍​ចិន​ លោក​ Yin Zhuo ​ធ្លាប់បាន​ថ្លែង​ជំរុញ​ឲ្យ​ប្រទេសចិន​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​នាវា​សម្រាប់​ធ្វើការ​គាំទ្រ​បេសកកម្ម​នៅ​ក្រៅប្រទេស។

នៅប្រទេស​ឥណ្ឌា​ឯណោះវិញ​ ​ គេឃើញ​មាន​ប្រតិកម្ម​យ៉ាង​ឆាប់រហ័ស​។​ សារព័ត៌មាន​ឥណ្ឌា​ជាច្រើន​បាន​នាំគ្នា​សរសេរ​ស្រែកថា​ “​ប្រទេស​ឥណ្ឌា​ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​!! ​ ប្រទេសចិន​នឹង​ចាប់​បង្កើត​ឲ្យមាន​មូលដ្ឋាន​យោធា​នៅ​មហាសាគរ​ឥណ្ឌា!!”។​ អ្នកដឹកនាំ​ឥណ្ឌា​ចាប់​កើតមាន​ក្តីបារម្ភ​ ​ ពី​ការកើនឡើង​ខ្លាំង​នៃ​អនុភាព​យោធា​របស់​ប្រទេសចិន​ ​ ជាពិសេស​នៅក្នុង​តំបន់​មហាសាគរ​ឥណ្ឌា។​ ទាំងនេះ​ធ្លាក់ចំពេល​ដែល​លោក​ប្រធានាធិបតី​ចិន​ ហ៊ូ ជិនតាវ​ បាន​ប្រកាស​អំពាវនាវ​ឲ្យ​ ​ “កងកម្លាំង​ជើងទឹកចិន​ពន្លឿន​ទំនើបកម្ម​របស់​ខ្លួន​ដើម្បី​ត្រៀម​លក្ខណៈ​ចូល​ប្រយុទ្ធ”។

គួរកត់​សម្គាល់ថា​ ​ ជាយូរយារ​ណាស់​មកហើយ​ ​ គេតែង​និយាយ​ពី​ឆន្ទៈ​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ “​ខ្សែ​ក្រវ៉ាត់​មួលដ្ឋាន​យោធា​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា”​។​ “​ខ្សែ​ក្រវ៉ាត់​មូលដ្ឋាន​យោធា​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា”​នេះ​ ​ មាន​តាំងពី​កោះ​ Cocos ​របស់​ប្រទេស​ភូមា​ ​ កំពង់ផែ​ Chattagong នៅ​ប្រទេស​Bangladesh ​ ​ កំពង់ផែ​ Marao នៃ​កោះ​ Maldives ​ ​ និង​កំពង់ផែ​ Gwadar នៃ​ប្រទេស​ប៉ាគីស្ថាន​...។ល។...ហើយ​ កោះ​ Seychelles​ គឺជា​ចំណុច​ចុងក្រោយ​នៃ​គោលបំណង​របស់​ទីក្រុង​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI