កូរ៉េខាងជើង-នយោបាយ

គីម ជុងអ៊ុន​​​បាន​ត្រូវ​​គេ​ហៅជា​​ “អគ្គ​មេបញ្ជាការ”​​នៃ​កង​​កម្លាំង​​យោធា​​កូរ៉េ​​ខាងជើង​​

គីម ជុងអ៊ុន​​ (កណ្តាល)​ “អគ្គមេបញ្ជាការ”​ ថ្មី​​នៃកង​កម្លាំង​​យោធា​​កូរ៉េ​ខាងជើង​
គីម ជុងអ៊ុន​​ (កណ្តាល)​ “អគ្គមេបញ្ជាការ”​ ថ្មី​​នៃកង​កម្លាំង​​យោធា​​កូរ៉េ​ខាងជើង​ © Reuters

ទីភ្នាក់ងារ​ផ្លូវការ​នៃ​របប​គ្រប់គ្រង​កុម្មុយនិស្ត​បាន​ហៅ​លោក​គីម​ ជុងអ៊ុន​ជា​​ “​អគ្គ​មេបញ្ជាការ​”​នៃ​កងកម្លាំង​យោធា​កូរ៉េ​ខាងជើង។​ ទាំងនេះ​ដើម្បី​ពង្រឹង​អភិក្រម​នៃ​ការតបស្នង​តំណែង​នៅ​ប្រទេស​កូរ៉េខាងជើង​ ​ ប្រាំថ្ងៃ​ក្រោយពី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​មរណភាព​របស់​អតីត​មេដឹកនាំ​គីម​ ជុងអ៊ីល។

ផ្សាយពាណិជ្ជកម្ម

“​យើង​នឹងលើក​តម្កើង​មិត្ត​គីម​ ជុងអ៊ុន​ឲ្យ​ឡើង​កាន់តំណែង​ជា“​អគ្គ​មេបញ្ជាការ​”​នៃ​កងកម្លាំង​យោធា​កូរ៉េ​ខាងជើង​ ​ ដើម្បី​ឈាន​ទៅរក​ការ​សម្រេច​ដោយ​ជោគជ័យ​នៃ​បដិវត្តន៍​កូរ៉េ”​ នេះ​ជាការ​ថ្លែង​ពន្យល់​នៅ​ថ្ងៃសៅរ៍នេះ​ដោយ​ Rodong Sinmun ​ ទីភ្នាក់ងារព័ត៌មាន​​ផ្លូវការ​នៃ​រដ្ឋអំណាច​កុម្មុយនិស្ត​កូរ៉េ​ខាងជើង។

 
មានអាយុ​តិចជាង​៣០ឆ្នាំ​ ​ គីម​ ជុងអ៊ុន​បច្ចុប្បន្ននេះ​ជា​ឧត្តមសេនីយ៍​ផ្កាយបួន​និងជា​អនុប្រធាន​នៃ​គណៈកម្មការ​យោធា​មជ្ឈិម​នៃ​បក្ស​ពលករ​ដែលជា​ឈ្មោះ​របស់​បក្ស​កុម្មុយនិស្ត​កាន់​អំណាច​នៅ​កូរ៉េ​ខាងជើង​សព្វថ្ងៃ។

ដូច្នេះ​ ការ​ថ្លែង​ពន្យល់​ដោយ​ Rodong Sinmun ​ ទីភ្នាក់ងារ​ផ្លូវការ​នៃ​រដ្ឋអំណាច​កុម្មុយនិស្ត​កូរ៉េ​ខាងជើង​នេះ​គឺ​ធ្វើឡើង​ក្នុង​គោល​បំណង​រៀបចំ​ប្រជាជន​កូរ៉េ​ខាងជើង​ឲ្យ​ទទួល​លោក​ គីម ជុងអ៊ុន​ ជា​ ​ “​អគ្គ​មេបញ្ជាការ​”​នៃ​កងកម្លាំង​យោធា​កូរ៉េ​ខាងជើង​ ​ ​ និង​ដើម្បី​ប្រកាស​ឲ្យ​ពិភព​អន្តរជាតិ​ដឹងផង។

ការសាងផ្ទេរ​អំណាច​ធ្លាក់​ទៅលើ​ដៃ​អ្នកជំនាន់​ទីបី​នៃ​វង្សត្រកូល​ “គីម”​គឺពិតជា​បង្ហាញ​ឲ្យ​ឃើញថា​ ​ មាន​សន្តតិវង្ស​កុម្មុយនិស្ត​មួយ​នៅ​លើ​ពិភពលោក​ដែល​ការសាងផ្ទេរ​អំណាច​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ជួប​នឹង​ឧបសគ្គ​អ្វី​ធំដុំ។

ចំណែកឯ​សហរដ្ឋ​អាមេរិក​និង​ប្រទេសចិន​ដែលជា​មហាអំណាច​ក្នុង​តំបន់​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ ការវិវឌ្ឍន៍​នៃ​របប​គ្រប់គ្រង​កុម្មុយនិស្ត​កូរ៉េ​ខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ ​ ហើយគេ​សង្ឃឹមថា​ ​ នឹង​គ្មាន​ការ​រំជើប​រំជួល​អ្វីឡើយ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ដែល​សម្បូណ៌​ទៅដោយ​សព្វាវុធ​សព្វបែបយ៉ាង។

គួរកត់​សម្គាល់ថា​ ​ មានតែ​គណៈប្រតិភូ​កូរ៉េ​ខាងត្បូង​ពីរ​ប៉ុណ្ណោះ​ដែលជា​គណៈប្រតិភូ​ក្រៅ​ផ្លូវការ​បាន​អញ្ជើញ​ទៅ​ទីក្រុង​ព្យុងយ៉ាង​ ​ ដែលក្នុងនោះ​មាន​មួយ​ដឹកនាំ​ដោយ​ភរិយា​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Kim Dae-jung ​ហើយនិង​មួយទៀត​ដឹកនាំ​ដោយ​ប្រធាន​នៃ​ក្រុមហ៊ុន​ Hyundai ​ដែល​បាន​បោះទុន​ធ្វើ​វិនិយោគ​យ៉ាងច្រើន​នៅ​កូរ៉េ​ខាងជើង។​ ហើយ​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង​នៅតែ​មាន​សភាព​តានតឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI