នាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញទៅប្រទេសចិនដើម្បីពិភាក្សាបញ្ហាកូរ៉េខាងជើង
លោក Yoshihiko Noda នាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខតំបន់ក្រោយពីមរណភាពរបស់ប្រមុខដឹកនាំរបបផ្តាច់ការកុម្មុយនិស្តកូរ៉េខាងជើងគីម ជុង-អ៊ីល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក Yoshihiko Noda នាយករដ្ឋមន្ត្រីជប៉ុននឹងមានជំនួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ហ៊ូ ជិនតាវ ហើយនិងលោកនាយករដ្ឋមន្ត្រីចិន Wen Jiabao នាឱកាសទស្សនកិច្ចជាផ្លូវការជាលើកទីមួយនៅប្រទេសចិនចាប់តាំងពីលោកបានឡើងមកកាន់អំណាចនៅខែកញ្ញាកន្លងទៅ។ ទំនាក់ទំនងរវាងមហាអំណាចតំបន់ទាំងពីរបានជួបនឹងបញ្ហាដោយហេតុតែមានភាពចម្រូងចម្រាសនៅក្នុងវិស័យសេដ្ឋកិច្ចនិងការឈ្លោះដណ្តើមដែនសមុទ្រ។
ក៏ប៉ុន្តែ មរណភាពរបស់ប្រមុខដឹកនាំរបបផ្តាច់ការកុម្មុយនិស្តកូរ៉េខាងជើងគីម ជុង-អ៊ីល បានធ្វើឲ្យមានការប្តូរប្រែប្រតិទិនក្នុងកិច្ចចរចា ដោយគេបារម្ភពីបញ្ហាអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
លោក Yoshihiko Noda នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូមុននឹងធ្វើដំណើរចេញទៅទីក្រុងប៉េកាំងថា “ខ្ញុំចង់ពិភាក្សាឲ្យបានស៊ីជម្រៅទៅលើបញ្ហាយុទ្ធសាស្ត្រនិងទំនាក់ទំនងចិន-ជប៉ុន។ ហើយខ្ញុំចង់ឲ្យមានការជាក់ច្បាស់ថា ប្រទេសជប៉ុននិងប្រទេសចិននឹងសហការគ្នាដើម្បីកុំឲ្យសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េជួបនឹងផលវិបាកអវិជ្ជមាន”។
គួរបញ្ជាក់ថា កូនសោនៃការដោះស្រាយបញ្ហាកូរ៉េខាងជើងឋិតនៅក្នុងដៃរបស់ទីក្រុងប៉េកាំង ហើយដែលនៅពេលទន្ទឹមគ្នានេះទីក្រុងតូក្យូមានទំនាក់ទំនងតិចតួចណាស់ជាមួយទីក្រុងព្យុងយ៉ាង ហើយកាន់តែតិចទៅទៀតជាមួយកូនប្រុសរបស់ គីម ជុងអ៊ីល។
សូមរំលឹកថា កិច្ចចរចា៦ភាគីស្ដីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងដែលក្នុងនោះមាន ប្រទេសកូរ៉េទាំងពីរ ប្រទេសចិន រុស្ស៊ី ជប៉ុន និងសហរដ្ឋអាមេរិក បានត្រូវឈប់ផ្អាកតាំងពីខែធ្នូឆ្នាំ២០០៨ម៉្លេះ។ ហើយប្រទេសចិននិងប្រទេសជប៉ុនក៏សង្ឃឹមផងដែរថា នឹងពិភាក្សាពីបញ្ហាជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរដែលឋិតនៅក្នុងសមុទ្រចិនខាងកើត ដែលជាតំបន់សម្បូណ៌ទៅដោយប្រេងកាតនិងឧស្ម័ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ