រុស្ស៊ី-ហ្សកហ្ស៊ី-អាមេរិក

ហ្សកហ្ស៊ីអាចប្រគល់ដីខ្លួនសម្រាប់ជាឈ្នាន់វាយប្រហារទៅលើអ៊ីរ៉ង់

លោកប្រធានាធិបតី​ហ្សកហ្ស៊ី​  Saakachvili ​និង​​លោក​ប្រធានាធិបតី​​អាមេរិក​​ អូបាម៉ា​
លោកប្រធានាធិបតី​ហ្សកហ្ស៊ី​ Saakachvili ​និង​​លោក​ប្រធានាធិបតី​​អាមេរិក​​ អូបាម៉ា​ © កែវ​ ឆាយា

នេះជាមតិ​សម្ដែង​ដោយ​ពួកអ្នក​ជំនាញការ​ទាក់ទង​នឹង​ទស្សនកិច្ច​ជាលើកទី១​របស់​ប្រធានាធិបតី​ហ្សកហ្ស៊ី ​លោក​ Saakachvili​ នៅស.រ.អា.។​ យប់មិញ​ គាត់បាន​ត្រូវទទួល​ជួប​ចរចា​នៅសេតវិមាន​ក្រុងវ៉ាស៊ីនតោន​ដោយលោក​ប្រធានាធិបតី​ Barack Obama ។

ផ្សាយពាណិជ្ជកម្ម

តាមកាសែត​ក្រុងម៉ូស្គូ​ Kommersant​ យោងទៅ​លើមតិ​អ្នកជំនាញការ​ហ្សកហ្ស៊ី ​លោក Gueorgy Nodia ​គឺពិតជា​“ស្ថានការណ៍​ស្មុគស្មាញ​នៅតំបន់​ជុំវិញ​ប្រទេស​អ៊ីរ៉ង់​ និង​បញ្ហា​ពង្រឹង​សហ​ប្រតិបត្តិការ​យោធា​ហ្សកហ្ស៊ី-អាមេរិក ​ក្នុងវិស័យ​សន្តិសុខ​ដែលបាន​ញ៉ាំង​លោក​ អូបាម៉ា ​ឲ្យអញ្ជើញ​សមភាគី​ហ្សកហ្ស៊ី​ទៅកាន់​សេតវិមាន​ក្រុងវ៉ាស៊ីនតោន”។​

 
បន្ទាប់​ពីកិច្ចចរចា​នោះ​បានចប់​ទៅយប់មិញ​ លោកប្រធានាធិបតី​ហ្សកហ្ស៊ី​ បានថ្លែង​ទៅ​ពួក​អ្នកកាសែត​ថា ​“មានការ​សម្រប​យោបល់គ្នា ​ទៅលើ​បញ្ហាពីរ​គឺ៖
ទី១​-ស.រ.អា.​ត្រៀម​លើក​ សហប្រតិបត្តិការ​ជាមួយ​ហ្សកហ្ស៊ី​ក្នុង​វិស័យ​យោធា​ឲ្យឡើង​ដល់​កម្រិត​កាន់តែ​ខ្ពស់។
ទី២​-គូភាគី​ដាក់ទិស​បង្កើត​ឲ្យបាន​ជា ​“តំបន់​ពាណិជ្ជកម្ម​សេរី”​រវាង​ហ្សកហ្ស៊ី​និងអាមេរិក។

តាមយោបល់​ពួកអ្នកឯកទេស​ ចំណុចទី១​អាចរំលេច​ឲ្យឃើញ​ពី​គម្រោង​លោកប្រធានាធិបតី​ Saakachvili ​ចង់ប្រគល់​ដែនដី​ហ្សកហ្ស៊ី​ សម្រាប់​អាមេរិក​ប្រើជាឈ្នាន់​វាយប្រហារ​ទៅលើអ៊ីរ៉ង់​ប្រទេស​ដែល​ពុំព្រម​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ឆ្ពោះទៅ​បង្កើត​ឲ្យបានជា​អាវុធបរមាណូ។​ ដ្បិតសម្រាប់​លោក​ Saakachvili​ ការនេះ គឺ​បង្កប់​ដោយ​ន័យពីរ​តែម្តង​ ទី១-​ ការពារ​សន្តិសុខ​ ហ្សកហ្ស៊ី ​ឲ្យផុត​ពី” ការ​គំរាម​យោធា​ពីខាង​រុស្ស៊ី ​ និងទី២​-គឺសឲ្យ​ឃើញពី​ភក្តីភាព​ស្មោះត្រង់​របស់​ហ្សកហ្ស៊ី​ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន។

តាមមតិ​អ្នកសង្កេត​ការណ៍​ខ្លះ​ មិនមែន​ចៃដន្យទេ​ដែល​នាប៉ុន្មានឆ្នាំ​ចុងក្រោយ​ ស.រ.អា.​ បាន​ជះលុយ​យ៉ាងច្រើន​ទៅកែឲ្យ​ទំនើបឡើង​ អតីត​មូលដ្ឋាន​កងអាកាស​សូវៀត​២កន្លែង​ និងផែ​សមុទ្រ​ ឈ្មោះ ​Batoumi ​នៅហ្សកហ្ស៊ី។​ ម្យ៉ាងទៀត​ ហ្សកហ្ស៊ី​ ចេះ​បង្ហាញ​ឲ្យឃើញ​ថាខ្លួន​ ស្មោះស្ម័គ្រ​នឹង​អាមេរិកជាង​Turquie​និង ​ប្រទេស​ឯទៀត​នៅជិតខាង​នឹង​អ៊ីរ៉ង់ទៅផង។

ប៉ុន្តែ​ បញ្ហា​ដែល​ចោទ​មកពី​ហ្សកហ្ស៊ី ​គ្មានព្រំដែន​ជាប់ផ្ទាល់​នឹង​អ៊ីរ៉ង់​ហើយ​ដើម្បី​ហោះ​ចេញពី​ហ្សកហ្ស៊ី​ទៅទម្លាក់​គ្រាប់បែក​លើ​អ៊ីរ៉ង់​យន្តហោះ​ចម្បាំង​អាមេរិក​ត្រូវតែ​ហោះឆ្លងកាត់​លំហ​អាកាស​របស់​Armenie​ឬ​ Azerbaidjan ដូច្នេះ​គឺច្បាស់ជា​ត្រូវសុំ​សេចក្តី​អនុញ្ញាត​របស់​ប្រទេស​ទាំងពីរ​នេះ ​ដែលស្ថិត​នៅជាប់​ផ្ទាល់​នឹងអ៊ីរ៉ង់។
មិនតែ​ប៉ុណ្ណោះ ​ផ្ទៃមេឃ​លើប៉ែក​ខាងត្បូង​ភ្នំកូកាស​សព្វថ្ងៃ​គឺស្ថិតនៅ​ក្រោមការ​ត្រួតពិនិត្យ​ទាំងស្រុង​នៃប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី ពោលគឺ​កាំច្រួច​មីស្ស៊ីល​មានប្រសិទ្ធិភាព​ខ្ពស់​ធុន​S-300 និង Bouk ដែល​ប្រចាំ​ការ​ត្រៀម​ប្រយុទ្ធ​ នៅលើ​ដែនដី​ Armenie​ Abkhazie ,​Ossetie​ខាងត្បូង​ ហើយ​រុស្ស៊ីនឹង​ឲ្យការ​ទៅអ៊ីរ៉ង់​ជាមុន​ស្រេច​ អំពី​ការហោះ​ជាយថាហេតុ​ខិតជិត​ដល់​ព្រំដែន​អ៊ីរ៉ង់​នៃ​កង​យន្តហោះ​ចម្បាំង​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI