ចិន-សង្គម

កសិករចិន​ជិត៥០%​ជាអ្នករងគ្រោះ​ដោយត្រូវ​អាជ្ញាធរ​រឹបអូស​យកដីធ្លី​

កសិករចិន​​នៅ​ភូមិ​​​ Wukan​​ ​ឋិត​នៅ​​​ខេត្ត​​ Guangdong​​ ប៉ែក​ខាង​ត្បូង​​​នៃ​​​ប្រទេសចិន​​បាននាំគ្នា​​ធ្វើបាតុកម្ម​​ប្រឆាំង​​នឹងការ​រឹបអូស​​យកដីធ្លី​​នៅថ្ងៃទី១៥​ធ្នូ២០១១​
កសិករចិន​​នៅ​ភូមិ​​​ Wukan​​ ​ឋិត​នៅ​​​ខេត្ត​​ Guangdong​​ ប៉ែក​ខាង​ត្បូង​​​នៃ​​​ប្រទេសចិន​​បាននាំគ្នា​​ធ្វើបាតុកម្ម​​ប្រឆាំង​​នឹងការ​រឹបអូស​​យកដីធ្លី​​នៅថ្ងៃទី១៥​ធ្នូ២០១១​ REUTERS/Stringer

ចាប់តាំងពី​ចុងទសវត្សរ៍​ឆ្នាំ១៩៩០មក​ មាន​កសិករចិន​ជាង៤៣%​ជាអ្នក​រងគ្រោះ​ដោយត្រូវ​អាជ្ញាធរ​រឹបអូស​យកដីធ្លី។​ ដីធ្លី​ទាំងនោះ​បាន​ត្រូវគេ​លក់ចេញ​វិញ​ ​ ដោយមាន​តម្លៃ​ដល់ទៅ​៤០ដង​ជាមធ្យម​លើស​តម្លៃ​ដើម​ដែល​គេទិញ​នៅលើក​ដំបូង។​ នេះ​បើយោងតាម​ការសិក្សា​របស់​សារព័ត៌មាន​សេដ្ឋកិច្ច​ចិនមួយ​ដែលបាន​ចេញផ្សាយ​នៅ​ថ្ងៃអង្គារនេះ។

ផ្សាយពាណិជ្ជកម្ម

ការរឹបអូស​យកដីធ្លី​បាន​ក្លាយ​ទៅជា​ប្រភព​នៃ​ជម្លោះ​រវាង​ប្រជាជន​ជនបទ​ជាមួយ​អ្នកកាន់កាប់​អំណាច​តំបន់​ ​ ដូចអធិករ​ណ៍ដែលបាន​កើតមាន​នៅ​ខែធ្នូ​កន្លង​ទៅនេះ​នៅ​ភូមិ​ Wukan ​ឋិត​នៅ​ខេត្ត​ Guangdong ប៉ែក​ខាងត្បូង​នៃ​ប្រទេសចិន។​ ប្រជាជន​នៅ​ភូមិ​ Wukan ​បាន​នាំគ្នា​ងើប​បះបោរ​ប្រឆាំង​ទល់នឹង​ការរឹបអូស​យកដីធ្លី​ដោយ​រំលោភ​ដែលបាន​បណ្តាល​ឲ្យ​អ្នកតំណាង​ប្រជាជន​នៅ​ភូមិ​ Wukan​ ម្នាក់​ស្លាប់​នៅក្នុង​ការ​ជាប់ឃុំឃាំង។

 
គួរកត់សម្គាល់ថា​ ​ ក្នុងការ​រឹបអូស​យកដីធ្លីនេះ​ ​ កសិករចិន​ប្រមាណ​១២,៧%​ពុំដែលបាន​ទទួល​សំណង​អ្វីសោះឡើយ​ ​ ហើយ​កសិករ​៩,៨%​ពុំបាន​ទទួល​ប្រាក់សំណង​ដែល​រដ្ឋាភិបាល​តំបន់​​បាន​សន្យា​សង​ឡើយ។​​ នេះ​បើយោងតាម​ការអង្កេត​នៅ​ក្នុង​ខេត្ត​និង​តំបន់​ចិន​ចំនួន១៧​ ​ ដោយ​មហាវិទ្យាល័យ​ប្រជាជន​នៃ​ទីក្រុង​ប៉េកាំង​ ​ ហើយ​ដែលបាន​ចេញផ្សាយ​ដោយ​21st Century Business Herald ។

ប្រមាណ​ជិត​២/៣​នៃ​ករណី​ទាំងនេះ​ ​ សំណង​ដែល​អ្នកកាន់កាប់​អំណាច​តំបន់​សង​ទៅ​ប្រជាកសិករ​ចិន​ក្នុង​តម្លៃ​ប្រមាណ​១៨ ៧៣៩យ័ន​ឬ​ត្រូវជា​២ ២៦៤អឺរ៉ូ​សម្រាប់​ដី១មូ (​១មូស្មើនឹង​១/១៥ហិកតារ។​ ចំណែកឯ​តម្លៃដី​ដែល​រដ្ឋាភិបាល​តំបន់​លក់​ចេញវិញ​ ​ មានតម្លៃ​ដល់ទៅ​៩៤ ០០០អឺរ៉ូ​ឯណោះ។

លោកនាយក​រដ្ឋមន្ត្រីចិន​ វិន ជាប៉ាវ​ នាឱកាស​ទស្សនកិច្ច​នៅ​ភូមិ​មួយ​ឋិត​នៅប៉ែក​ខាងត្បូង​នៃ​ប្រទេស​ចិន​បាន​ថ្លែងថា​ ​ “​ពិតមែនហើយ​កសិករ​ជា​ម្ចាស់​ដីធ្លី​ទាំងនោះ​ ​ ក៏​ប៉ុន្តែ​ច្បាប់កម្មសិទ្ធិ​ពុំបាន​ទទួល​ការធានា​និង​ការគោរព​ត្រឹមត្រូវ​ឡើយ”​។

គួរបញ្ជាក់ថា​ ​ អវត្តមាន​នៃ​កម្មសិទ្ធិ​ឯកជន​ទៅលើ​ដីធ្លី​នេះហើយ​ដែល​បច្ចុប្បន្ននេះ​ ​ អ្នកសេដ្ឋសាស្ត្រ​ចិន​មួយចំនួន​បាន​សន្និដ្ឋានថា​គឺជា​ឧបសគ្គ​ខាឃាំងដល់​នគរូបនីយកម្ម​ហើយនិង​ដល់​ការធ្វើ​ទំនើបកម្ម​ទៅលើ​វិស័យ​កសិកម្ម​នៃ​ប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI