ចិន-សហភាពអឺរ៉ុប

ជំនួប​​កំពូល​​​ចិន-សហភាព​​អឺរ៉ុប​​​​​ដើម្បី​​​​ដោះស្រាយ​​​​វិបត្តិ​​​​ប្រាក់​​បំណុល​​​​អឺរ៉ុប​​​​

ប្រធាន​​សហភាព​អឺរ៉ុប​លោក​ Van Rompuy ​​ ​ ប្រធាន​​គណៈកម្មការ​​អឺរ៉ុប​​លោក​​  Barroso ​និង​លោក​នាយក​រដ្ឋមន្ត្រីចិន​​ វិន​ ជាប៉ាវ
ប្រធាន​​សហភាព​អឺរ៉ុប​លោក​ Van Rompuy ​​ ​ ប្រធាន​​គណៈកម្មការ​​អឺរ៉ុប​​លោក​​ Barroso ​និង​លោក​នាយក​រដ្ឋមន្ត្រីចិន​​ វិន​ ជាប៉ាវ ©​ REUTERS

ប្រទេសចិន​និង​សហភាព​អឺរ៉ុប​ត្រូវប្រជុំ​ពិភាក្សា​គ្នា​នៅ​ក្នុង​ជំនួប​កំពូល​ចិន-សហភាព​អឺរ៉ុប​ ​នៅថ្ងៃអង្គារ​និង​ថ្ងៃពុធស្អែក​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ប្រាក់បំណុល​អឺរ៉ុប។​ ទាំងនេះ​ដើម្បី​កុំឲ្យ​វិបត្តិ​ប្រាក់បំណុល​អឺរ៉ុប​មក​ធ្វើឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេសចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

ដើមឡើយ​ ​ ជំនួប​កំពូល​ចិន-សហភាព​អឺរ៉ុប​គ្រោង​រៀបចំ​ធ្វើ​នៅខែតុលា។ ​ ក៏ប៉ុន្តែ​ដោយហេតុ​តែ​បញ្ហា​វិបត្តិ​ប្រាក់​បំណុល​អឺរ៉ុប​ ​ ជំនួប​កំពូល​ចិន-សហភាព​អឺរ៉ុប​នេះ​ក៏​ត្រូវ​លើកយកមក​ធ្វើនៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃអង្គារ​និង​ថ្ងៃពុធ​ទី១៤និង១៥​កុម្ភៈ​នេះវិញ​ ​ ដោយមាន​វត្តមាន​របស់​ប្រធាន​នៃ​សហភាព​អឺរ៉ុប​លោក​ Herman Van Rompuy ​ ​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ José Manuel Barroso និង​លោក​នាយករដ្ឋមន្ត្រីចិន​ វិន​ ជាប៉ាវ។​ អ្នកដឹកនាំ​អឺរ៉ុប​ទាំងពីររូប​នេះ​នឹងត្រូវមាន​ជំនួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតីចិន​ ហ៊ូ​ជិនតាវ​ នៅថ្ងៃពុធ​ស្អែក។

 
“ទីក្រុង​ប៉េកាំង​បារម្ភ​យ៉ាងខ្លាំង​ពី​វិបត្តិ​ប្រាក់បំណុល​របស់​អឺរ៉ុប​ដែលឈាន​ដល់​ដំណាក់ការ​មួយ​ដ៏​ធ្ងន់ធ្ងរ”​។​ នេះ​ជាសេចក្តី​ថ្លែង​ប្រកាស​របស់​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេសចិន​ លោក​ លីវ​ វ៉ីមីន។​ ចំណែកឯ​ការនាំ​ទំនិញចិន​ចេញ​ទៅលក់ក្រៅ​ប្រទេស​ក៏​បារម្ភ​ខ្លាច​មាន​ការកាត់​បន្ថយ​ក្នុង​ការបញ្ជាទិញ​របស់​អឺរ៉ុប​ដែលជា​ទីផ្សារ​ទីមួយ​របស់​ប្រទេសចិន។

នៅចំពោះមុខ​ការបារម្ភ​របស់​អឺរ៉ុប​ ខ្លាចក្រែង​អឺរ៉ុប​ពឹងផ្អែក​កាន់តែ​ខ្លាំងឡើងៗ​ទៅលើ​ប្រទេសចិន​ ​ ទិនានុប្បវត្តិ​ប្រជាជន​នៃ​បក្ស​កុម្មុយនិស្តចិន​បាន​ថ្លែងថា​ ​ “ទីក្រុង​ប៉េកាំង​គ្មាន​បំណង​ចង់ទិញ​អឺរ៉ុបឡើយ​ ​ ផ្ទុយទៅវិញ​ប្រទេសចិន​គាំទ្រ​ប្រាក់អឺរ៉ូ​និង​សហភាព​អឺរ៉ុប​ពី​ដើមដល់ចប់​ ​ ”។

គួរកត់សម្គាល់ថា​ ​ ប្រទេសចិន​បាន​ថ្លែងប្រាប់​ជាច្រើនលើក​ច្រើនសា​ហើយថា​ ​ “​ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​នឹង​ចូល​រួបរួម​គាំទ្រ​ “​មូលនិធិ​​អឺរ៉ុប​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ FESF ​”​ ​ ហើយនិង​ “​យន្តកម្ម​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ MES ​"​។​ ក៏ប៉ុន្តែ​ មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ដែល​មាន​ប្រាក់​បម្រុងទុក​ដល់ទៅ​៣ ២០០ពាន់លាន​ដុលា្លរ​ពុំបាន​បញ្ជាក់​ឲ្យ​ដឹង​ពី​តួលេខ​​ដែល​ខ្លួន​គ្រោង​ចូល​រួបរួម​ជាមួយ​​ “​មូលនិធិ​​អឺរ៉ុប​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ FESF ​”​ ​ ហើយនិង​ “​យន្តកម្ម​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ MES ​"​ឡើយ។

ម្យ៉ាងទៀត​ ​ ក្រោមការ​ផ្តួចផ្តើម​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅប្រទេសចិន​ ​ “ជំនួបកំពូល​ពាណិជ្ជកម្ម​ចិន-អឺរ៉ុប”​មួយ​ក៏​បាន​ត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃអង្គារនេះ​នៅ​ទីក្រុង​ប៉េកាំង​ផងដែរ។​ លោកអគ្គលេខាធិការ​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​​ថ្លែង​ឲ្យដឹងថា​ ​ “​ទីផ្សារ​អឺរ៉ុប​បាន​បើកទ្វារ​ចំហ​ទទួល​សហគ្រាសចិន​ ​ ហើយអឺរ៉ុប​ក៏​ចង់​ឲ្យ​ប្រទេសចិន​បើកទ្វារ​ចំហ​ទទួល​សហគ្រាស​អឺរ៉ុប​វិញ​ផងដែរ”​។

រីឯ​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ខាងពាណិជ្ជកម្ម​ដែលបាន​ប្រកាស​នៅចុងខែ​មករា​កន្លងទៅនេះ​ថា​ ​ នឹង​រៀបចំ​គម្រោង​ច្បាប់មួយ​ប្រឆាំង​ទល់នឹង​ “វិធានការ​​ការពារនិយម​ហួសហេតុ​របស់ចិន”​ក្នុង​វិស័យ​ទីផ្សារ​សាធារណៈ​ក៏​មាន​វត្តមាន​នៅក្នុង​ជំនួបកំពូល​នេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI