អានតួអត្ថបទ
ស៊ីរី-អ.ស.ប.

សហគមន៍​អន្តរជាតិ​ពិបាកនឹង​រកបាន​សកម្មភាព​រួមគ្នា​មួយ​ដើម្បី​ប្រឆាំង​ប្រទេស​ស៊ីរី​

ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ ​អ.ស.ប.
ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ ​អ.ស.ប. © RFI
ដោយ៖ សៀក សារិន
២៦ នាទី

ទោះបីជា​ស្ថានភាព​នៅ​ប្រទេស​ស៊ីរី​ធ្លាក់ចុះ​ដុនដាប​ ​ ហើយ​របប​គ្របគ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​បន្ត​ធ្វើការ​វាយ​ប្រហារ​យ៉ាង​សហាវ​ឃោរឃៅ​ទៅលើ​ក្រុមប្រឆាំង​ស៊ីរី​យ៉ាងណា​ក៏​ដោយ​ ​ សហគមន៍​អន្តរជាតិ​នៅតែ​មិនទាន់​រកបាន​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។​ រីឯ​វេតូ​របស់​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​ក៏​បាន​ក្លាយជា​ឧបសគ្គ​បន្ថែមទៀត​ដល់ការ​បញ្ជូន​កងកម្លាំង​យោធា​ដើម្បី​ធ្វើ​អន្តរាគមន៍​នៅ​ប្រទេស​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

បញ្ជូន​កងកម្លាំង​មួកខៀវ​របស់​អ.ស.ប.​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​ប្រទេស​ស៊ីរី​ម្តេចនឹងកើត​ ​ បើ​ទីក្រុង​​ដាម៉ាស​នៅតែ​ពុំយល់ព្រម​ឲ្យ​មាន​ “ការឈប់បាញ់គ្នា”​ ​ ហើយ​បេសកកម្ម​រក្សា​សន្តិភាព​ដែល​ស្នើដោយ​ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​ក៏នៅតែ​គ្មាន​ឃើញ​មាន​ស្រមោល​អ្វី​ទាំងអស់។​ ម្យ៉ាងទៀត ​វេតូ​របស់​ប្រទេស​រុស្ស៊ី​និង​ប្រទេសចិន​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ក៏​ជា​ឧបសគ្គ​មួយ​បន្ថែមទៀត​ដល់ការ​បញ្ជូន​កងកម្លាំង​យោធា​ដើម្បី​ធ្វើ​អន្តរាគមន៍​នៅ​ប្រទេស​ស៊ីរី។

 
នៅក្នុង​លក្ខខណ្ឌនេះ​ ​ ស្ថានការណ៍​នៅ​ប្រទេស​ស៊ីរី​ពិតជា​ត្រូវនៅ​ជាប់​គាំងស្ទះ​។ ​ ស្ថានភាព​ Statu quo ​បែបនេះ​គ្មាន​នរណា​ចង់បាន​ឡើយ​ ​ ទាំង​បក្ស​ប្រឆាំង​ស៊ីរី​ ​ ទាំង​ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​ ​ ជាពិសេស​ប្រទេស​កាតារ​ដែលបាន​ស្នើឲ្យ​បញ្ជូន​កងកម្លាំង​យោធា​នៃ​ប្រទេស​អារ៉ាប់​ដើម្បី​ចូល​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ការបាញ់​សម្លាប់​រង្គាល​យ៉ាង​សែន​សាហាវ​ដោយ​ទាហាន​នៃ​របប​គ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ។​ ទាំងនេះ​មុន​នឹងងាក​ទៅ​រក​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ជាមួយ​ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​ដើម្បី​ទាមទារ​ឲ្យមាន​ការបញ្ជូន​កងកម្លាំង​យោធា​អារ៉ាប់-អ.ស.ប.​ទៅកាន់​ប្រទេស​ស៊ីរី។​ គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កាតារនេះ​បានត្រូវ​ទទួល​ស្វាគមន៍​ដោយ​សហរដ្ឋ​អាមេរិក​ ​ ដោយ​ទីក្រុង​វ៉ាស៊ីនតោន​យល់ថា​ ​ នេះ​ពិតជា​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​អារ៉ាប់​ដើម្បី​ធ្វើឲ្យ​ទីក្រុង​ដាម៉ាស​ចុះញ៉ម។

គួរបញ្ជាក់ថា​ ​ ការទាមទារ​ឲ្យ​ផ្តល់​សព្វាវុធ​ឲ្យ​ទៅ​ក្រុមប្រឆាំង​ស៊ីរី​ ​ ដើម្បី​ប្រយុទ្ធ​តទល់នឹង​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ជាការ​ទាមទារ​យូរណាស់​មកហើយ​របស់​ក្រុមប្រទេស​សម្ព័ន្ធ​អារ៉ាប់។​ ក៏​ប៉ុន្តែ​ នៅពេលនេះ​ក្រុមប្រទេស​សម្ព័ន្ធ​អារ៉ាប់​បាន​ចេញមុខ​ធ្វើការ​ទាមទារ​ដោយ​ចំហ​និង​ដោយ​ត្រង់ៗ​តែម្តង។

ចំណែកឯ​ការ​វាយប្រហារ​យ៉ាងសែន​ឃោរឃៅ​ដោយ​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ទៅលើ​ទីក្រុង​ Homs ​ដែលជា​ទីក្រុង​បះបោរ​ដ៏​ធំ​របស់​ក្រុម​ប្រឆាំង​ស៊ីរី​ក៏​មាន​លក្ខណៈ​កាន់តែ​សាហាវឡើងៗ​ រហូត​ដល់ទៅ​អ្នកការទូត​នៃ​ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​ប្រកាសថា​ ​ “​បើ​ការវាយ​ប្រហារ​ដោយ​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ទៅលើ​ទីក្រុង​ Homs​ ពុំ​ឈប់ទេ​ ​ នោះ​ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​បាន​ត្រៀម​លក្ខណៈ​ជាស្រេច​នឹង​បញ្ជូន​សព្វាវុធ​ឲ្យ​ទៅ​ក្រុម​អ្នក​ប្រឆាំង​ស៊ីរី”។

នៅក្នុង​ផែនការថ្មី​របស់​ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​ដែល​សម្រេចបាន​នៅ​ទីក្រុងគែរ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ ​ ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​បាន​សម្រេច​ “ផ្តល់​ជំនួយ​គាំទ្រ​សព្វបែប​យ៉ាង​ ទាំង​ជំនួយ​គាំទ្រ​នយោបាយ​និង​ទាំង​ជំនួយ​គាំទ្រ​សម្ភារៈ”​ ។​ ទាំងនេះ​បាន​ន័យថា​ “ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​ត្រៀម​បញ្ជូន​សព្វាវុធ​ឲ្យ​ទៅ​ក្រុម​អ្នកប្រឆាំង​ស៊ីរី”។​ គូរកត់​សម្គាល់ថា​ ​ សម្មតិកម្មនេះ​ធ្លាប់បាន​ត្រូវ​ Cheikh Hamad Ben Khalifa al-Thani ​នៃ​ប្រទេស​កាតារ​លើក​យកមក​និយាយ​រួចមកហើយ​នៅពេល​ថ្មីៗ​កន្លង​ទៅនេះ​ថា​ ​ ប្រទេស​កាតារ​យល់ព្រម​ឲ្យ​មាន​ការ​បញ្ជូន​កងកម្លាំង​យោធា​អារ៉ាប់​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ “​បិទបញ្ចប់​ការបាញ់​សម្លាប់​រង្គាល​ដ៏​សែន​សាហាវ”​​​ ដោយ​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ។

ក្រៅពី​ទីក្រុង​វ៉ាស៊ីនតោន​ដែល​យល់ព្រម​តាម​សំណើ​របស់​ប្រទេស​កាតារ​ដែល​ស្នើឲ្យ​បញ្ជូន​កងកម្លាំង​យោធា​អារ៉ាប់​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ធ្វើ​អន្តរាគមន៍​ “​បិទបញ្ចប់​ការបាញ់​សម្លាប់​រង្គាល​ដ៏​សែន​ឃោរឃៅ​”​ ដោយ​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ ​ ទីក្រុង​ឡុងដ្រឹ៍​បាន​បដិសេធ​គំនិត​ផ្តួចផ្តើម​របស់​កាតារ​ក្នុងការ​បញ្ជូន​ទ័ព​ប្រទេស​លោក​ខាងលិច​ទៅកាន់​ប្រទេស​ស៊ីរី។​ រីឯ​ប្រទេស​បារាំងវិញ​ បាន​ធ្វើការ​ព្រមាន​ទៅលើ​អន្តរាគមន៍​យោធា​ ​ ហើយ​អ្នកការទូត​បារាំង​រំពឹង​​ទៅលើ​ជំនួប​ពិភាក្សា​នៃ​ក្រុម​ប្រទេស​ដែលគេ​ហៅថា​ “​ក្រុម​ប្រទេស​មិត្ត​របស់​ស៊ីរី”​ ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ Tunis ​នៅ​ថ្ងៃទី២៤​កុម្ភៈ​ខាងមុខនេះ។
ដូច្នេះ​ នៅ​ចន្លោះពេលនេះ​ ​​ អ្នកប្រឆាំង​និង​អ្នកគាំទ្រ​សកម្មភាព​យោធា​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ទីក្រុង​ដាម៉ាស​នៅពុំ​ទាន់​រកបាន​កិច្ចព្រមព្រៀង​ឬ​ consensus ​ណាមួយ​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ