អឺរ៉ុប-សេដ្ឋកិច្ច

ទីក្រុងព្រុចសែល​​ប្រមាណថា​​តំបន់​អឺរ៉ូ​​នឹងធ្លាក់​​ជាថ្មី​​ម្តងទៀត​​ទៅក្នុង​​ដំណើរ​​សេដ្ឋកិច្ច​​ដើរថយក្រោយ​​

លោក​ Barroso ប្រធាន​គណៈកម្មការ​អឺរ៉ុប​ ​និង​លោក​ Van Rompuy ប្រធាន​សហភាព​អឺរ៉ុប
លោក​ Barroso ប្រធាន​គណៈកម្មការ​អឺរ៉ុប​ ​និង​លោក​ Van Rompuy ប្រធាន​សហភាព​អឺរ៉ុប © Reuters

តំបន់​ចាយប្រាក់​អឺរ៉ូ​នឹង​ធ្លាក់​ទៅក្នុង​ដំណើរ​សេដ្ឋកិច្ច​ដើរថយក្រោយ​នៅឆ្នាំ២០១២​នេះ​ជាលើកទីពីរ​នារយៈកាល​បីឆ្នាំ​ចុងក្រោយនេះ​ ​ ហើយក៏​នៅ​ចេញពុំ​ទាន់​រួច​ពី​វិបត្តិ​ប្រាក់​បំណុល​ដ៏​សែន​ធ្ងន់ធ្ងរ​​របស់​ខ្លួន​ផងដែរ​ ​ នេះ​ជា​ការ​ថ្លែងប្រាប់​ដោយ​គណៈកម្មការ​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

ផលិតផល​ដុល​សរុប​របស់​តំបន់​ចាយប្រាក់​អឺរ៉ុ​នឹង​ត្រូវ​ស្គាល់​ការ​ដើរ​ថយក្រោយ​ប្រមាណ​០,៣%​នៅ​ឆ្នាំ២០១២នេះ។​ នេះ​ជាការ​ប្រមាណ​ដោយ​គណៈកម្មការ​អឺរ៉ុប។​ គួរកត់​សម្គាល់ថា​ ​ កាលពី​សរទរដូវ​កន្លងទៅ​ គណៈកម្មការ​អឺរ៉ុប​ធ្លាប់​បាន​ប្រមាណ​ថា​ ​ សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ូ​អាចមាន​អត្រា​កំណើន​ប្រមាណ​ជា​០,៥%​នៅ​ឆ្នាំ២០១២។

 
តើមាន​មូលហេតុ​អ្វីខ្លះ​មកធ្វើ​ឲ្យ​តំបន់​អឺរ៉ូ​នឹង​ធ្លាក់​ជាថ្មី​ម្តងទៀត​ទៅក្នុង​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​បែបនេះ​នៅ​ឆ្នាំ២០១២?

មូលហេតុ​មាន​ច្រើន៖
-ទី១​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្លាក់​ស្រុតចុះ។
-ទី២​ ប្រទេស​សំខាន់ៗ​មួយ​ចំនួន​នៅ​ជាប់​ពាក់ព័ន្ធ​វ័ណ្ឌក​នឹង​វិបត្តិ​ប្រាក់​បំណុល​រក​ច្រក​ចេញ​ពុំទាន់​រួច។
-ទី៣​ ទីផ្សារ​នៅមាន​លក្ខណៈ​ផុយស្រួយ​នៅឡើយ។

មូលហេតុ​អស់ទាំងនេះ​ហើយ​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​ប្រមាណ​៨ប្រទេស​នៃ​តំបន់​អឺរ៉ូ​ជួបនឹង​ដំណើរ​សេដ្ឋកិច្ច​ដើរថយក្រោយ​នៅ​ឆ្នាំ២០១២នេះ។​ ក្នុងចំណោមនោះ​ មាន​ប្រទេស​អ៊ីតាលី(-១,៣%)​ ​ អេស្ប៉ាញ(-១%)​ ​ ដែលសុទ្ធជា​ប្រទេស​មាន​វិបត្តិ​ប្រាក់​បំណុល​ដ៏សែន​ធ្ងន់ធ្ងរ។​ បន្ទាប់មកទៀត​មាន​ប្រទេស​បែលហ្ស៊ីក​(-០,១%)​ ​ ប្រទេស​ហួឡង់(-០,៩%)។

ចំណែកឯ​ប្រទេស​ក្រិកឯណោះវិញ​ ​ នឹង​ស្គាល់​ដំណើរ​សេដ្ឋកិច្ច​ដើរថយក្រោយ​ប្រាំឆ្នាំ​បន្ត​បន្ទាប់គ្នា​។​ បើយោងតាម​គណៈកម្មការ​អឺរ៉ុប​ ​ សកម្មភាព​នៃ​សេដ្ឋកិច្ច​ប្រទេស​ក្រិក​អាច​ធ្លាក់​ដើរ​ថយក្រោយ​ដល់ទៅ​(-៤,៤%)​ ​ ទល់នឹង​ការប្រមាណ​កាលពី​សរទរដូវ​កន្លងទៅ​ថា​អាចមាន​តែ​-២,៨%​ប៉ុណ្ណោះ។

ហើយបើ​ផ្អែកលើ​ការប៉ាន់ប្រមាណ​របស់​គណៈកម្មការ​អឺរ៉ុប​នេះដដែល​ ​ តំបន់​អឺរ៉ូ​អាច​មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​នៅ​រវាង​ពាក់កណ្តាល​ឆ្នាំ២០១២​ខាងមុខនេះ​ ​ ក៏​ប៉ុន្តែ​ក្នុង​អត្រា​តិចទាប។​ ទាំងនេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការមាន​ទំនុកចិត្ត​កក់ក្តៅ​ឡើងវិញ​បន្តិចម្តងៗ​ពី​សំណាក់​សហគ្រាស​និង​ពី​សំណាក់​អតិថិជន​ ​ ក្រោយពី មាន​វិធានការ​ត្បិតត្បៀត​ជាច្រើន​ដែលបាន​រៀបចំ​ឲ្យ​មាន​ឡើង​ដោយ​រដ្ឋអំណាច​សម្រាប់​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI