ធនាគារពិភពលោកអំពាវនាវឲ្យប្រទេសចិនកែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
« ប្រទេសចិននឹងត្រូវធ្វើការប្តូរប្រែគំរូសេដ្ឋកិច្ចរបស់ខ្លួន " នេះជាការអំពាវនាវរបស់ធនាគារពិភពលោកដែលទីក្រុងប៉េកាំងបាន ផ្សព្វផ្សាយឲ្យដឹងកាលពីម្សិលមិញ។ ធនាគារពិភពលោកបានប្រមើលថា អត្រា កំណើនសេដ្ឋកិច្ចចិនដែលមានប្រមាណ១០%ក្នុង១ឆ្នាំៗនារយៈកាល៣០ឆ្នាំ កន្លងទៅ នឹងត្រូវធ្លាក់ស្រុតមកនៅត្រឹម៥ឬ៦%ប៉ុណ្ណោះក្នុង១ឆ្នាំៗ សម្រាប់រយៈពេល២០ឆ្នាំខាងមុខនេះ។
ប្រទេសចិនដែលបានស្គាល់សន្ទុះកំណើនសេដ្ឋកិច្ចដ៏ខ្លាំងអស្ចារ្យពុំដែលមាននៅក្នុងប្រវត្តិសាស្ត្រ ពោលគឺមានអត្រាប្រមាណ១០%ក្នុង១ឆ្នាំៗនារយៈកាល៣០ឆ្នាំកន្លងទៅ ឥឡូវនេះបានឈានដល់ដំណាក់ការមួយថ្មីដែលជាដំណាក់ការនៃប្រទេសដែលសេដ្ឋកិច្ចមានលក្ខណៈពេញវ័យ។ ដូច្នេះអត្រានៃកំណើនសេដ្ឋកិច្ចក៏ត្រូវធ្លាក់ស្រុតចុះ លែងមានលក្ខណៈជាអត្រាកំណើនសេដ្ឋកិច្ចនៃប្រទេសក្មេងខ្ចីកំពុងស្ទុះអភិវឌ្ឍន៍ទៀតហើយ។
“សេដ្ខកិច្ចចិនចាំបាច់ត្រូវតែធ្វើការកែទម្រង់ឲ្យបានស៊ីជម្រៅដើម្បីអនុលោមតាមស្ថានភាពថ្មីរបស់ខ្លួន”។ នេះជាការអំពាវនាវរបស់ធនាគារពិភពលោកដែលទីក្រុងប៉េកាំងបានផ្សាយឲ្យដឹងកាលពីថ្ងៃចន្ទទី២៧កុម្ភៈឆ្នាំ២០១២ម្សិលមិញ។
គួរកត់សម្គាល់ថា ជាមួយនឹងល្បឿនដ៏លឿនអស្ចារ្យនៃអត្រាកំណើនសេដ្ឋកិច្ចចិនដែលមានប្រមាណ១០%ក្នុង១ឆ្នាំៗ នារយៈពេល៣០ឆ្នាំកន្លងទៅ ប្រទេសចិនបានប្រែក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីពីរពិភពលោកឋិតនៅពីក្រោយសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែសេណារីយោនេះបានឈានដល់វគ្គចុងក្រោយរបស់ខ្លួន។ បើយោងតាមការសិក្សារបស់ធនាគារពិភពលោកដែលបានផ្សាយឲ្យដឹងនៅពេលថ្មីៗនេះ នៅរយៈពេល២០ឆ្នាំខាងមុខនេះ អត្រាកំណើនសេដ្ឋកិច្ចចិននឹងត្រូវធ្លាក់មកនៅត្រឹម៥ឬ៦%ក្នុង១ឆ្នាំៗ ពោលគឺត្រូវធ្លាក់ស្រុតបាត់បង់អស់ប្រមាណជាពាក់កណ្តាល។
គំរូអភិវឌ្ឍន៍សេដ្ឋកិច្ចចិនបច្ចុប្បន្នដែលផ្អែកលើការធ្វើវិនិយោគសម្រាប់នាំទំនិញចេញទៅលក់ក្រៅប្រទេស ត្រូវតែសើរើមើលឡើងវិញនូវ “អាទិភាព”របស់ខ្លួន ហើយនិងត្រូវបិទបញ្ចប់សម័យអន្តរកាលរបស់ខ្លួនដើម្បីឈានទៅរក “សេដ្ឋកិច្ចទីផ្សារ”ដ៏ពេញលេញ។ ឯកសារសិក្សារបស់ធនាគារពិភពលោកនេះបានទទួលការគាំទ្រពីសំណាក់លោកអនុប្រធានាធិបតីចិន Xi jinping និងលោកឧបនាយករដ្ឋមន្ត្រី Li Keqiang ដែលគេមើលឃើញថា នឹងត្រូវក្លាយទៅជាមេដឹកនាំកំពូលនៃប្រទេសចិននៅឆ្នាំ២០១៣ខាងមុខនេះ។
ក្រៅពីនេះ ធនាគារពិភពលោកបានស្នើឲ្យប្រទេសចិនធ្វើការកែទម្រង់ ធ្វើយ៉ាងណាឲ្យសហគ្រាសខ្នាតតូចនិងមធ្យមមានលទ្ធភាពគ្រប់គ្រាន់នឹងទទួលបានឥណទាន ហើយនិងធ្វើឲ្យប្រព័ន្ធធនាគារចិនឋិតនៅក្រោមការគ្រប់គ្រងនៃវិធានច្បាប់ទីផ្សារ។ ធនាគារពិភពលោកក៏បានអំពាវនាវផងទៀតឲ្យអាជ្ញាធរចិនធ្វើសេរីកម្មទៅលើការកំណត់អត្រាការប្រាក់។ នៅមានអនុសាសន៍ជាច្រើនទៀតរបស់ធនាគារពិភពលោក មានដូចជា៖
- ការពង្រឹងក្នុងវិស័យស្រាវជ្រាវច្នៃប្រឌិត។
- ការពង្រឹងប្រព័ន្ធការពារសង្គម។
- ការពង្រឹងប្រព័ន្ធការពារបរិស្ថាន។
- ការធានានិងការពារសិទ្ធិដីធ្លីរបស់ប្រជាកសិករចិន។
ទី១- « សំណុំរឿងប្រាក់បំណុលពិសពុល »ដែលមាននៅក្នុងប្រព័ន្ធធនាគារចិន ដែលអាចក្លាយទៅជាការគំរាមមួយដ៏គួរឲ្យបារម្ភ។ ដោយហេតុថា សមូហភាពតំបន់ចិនមានជាប់ជំពាក់បំណុលដែលមានបរិមាណដ៏សែនច្រើនពេកក្រៃ។
ទី២- បញ្ហាទិញលក់កេងយកចំណេញក្នុងវិស័យអចលនទ្រព្យចិនដែលបង្កបង្កើតចេញជា bulle immobilière ឬខ្យល់បំប៉ោងអចលនទ្រព្យក៏ជាការគំរាមមួយដ៏គួរឲ្យបារម្ភយ៉ាងខ្លាំងដែរ។
ទី៣- បញ្ហាធ្វើការដំឡើងថ្លៃប្រាក់យ័នដែលជាការចៀសពុំផុត។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកក៏បានទាមទារផងទៀត ឲ្យអាជ្ញាធរចិនសើរើមើលឡើងវិញពីតួនាទីរបស់ « សហគ្រាសរដ្ឋចិន » ព្រមទាំងឲ្យលើកចេញនូវសម្ពាធតឹងរ៉ឹងដែលទីក្រុងប៉េកាំងបានដាក់ទៅលើសហគ្រាសបរទេសក្នុងវិស័យសំខាន់ៗដូចជា វិស័យរថយន្ត ថាមពល ហិរញ្ញវត្ថុ និងវិស័យទូរគមនាគមន៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ