ភូមាត្រូវតែមានគណបក្សដែលមានជំហរប្រឆាំងពិតប្រាកដ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អ្នកស្និទ្ធ លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Ky) ម្នាក់ បានបង្ហាញពីជំហររបស់ខ្លួនដោយចង់ឲ្យមាន គណបក្សប្រឆាំង នៅភូមាមានឆន្ទៈប្រឆាំងច្បាស់លាស់។ គាត់បានអះអាងដូច្នេះដោយសារតែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបច្ចុប្បន្នហាក់ដូចជាមាន ទំនោរកាត់បន្ថយការប្រឆាំងទៅនឹងរដ្ឋាភិបាលបច្ចុប្បន្ន។
លោក វិន ទីន (Win Tin) បានរិះគន់ពីជំហរ របស់ លោក ស្រី អ៊ុង សានស៊ូជី ដែលកំពុងកាត់បន្ថយការប្រឆាំងចំពោះរដ្ឋាភិបាលបច្ចុប្បន្ន។ លោកយល់ថា ដើម្បីឲ្យប្រទេសភូមាមានកំណែទម្រង់ ជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ គឺទាល់តែគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ប្រកាន់គោលការណ៍ប្រឆាំងឲ្យបានរឹងមាំ។ នេះបើតាមការផ្តល់សម្ភាសន៍របស់លោក ដល់ភ្នាក់ងារព៍ត៌មានបារាំង AFP។
លោក វិន ទីន ជា ដៃគូស្ថាបនិក គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (LND) ជាមួយលោកស្រី អ៊ុង សានស៊ូជី ដែលបានបង្កើតឡើង នៅឆ្នាំ១៩៨៨។ ជាអតីតអ្នកការសែតមួយរូប លោកបានទទួលពាន់រង្វាន់ពិភពលោក ស្តីអំពី សេរីភាពសារព័ត៌មាន។ ក្នុងការតស៊ូដើម្បីសិទ្ធិសេរីភាពនេះ លោកត្រូវបានជាប់ពន្ធនាគារ ជាង១៩ឆ្នាំ ក្រោមរដ្ឋាភិបាលយោធារ លោក ថាន់ សេន។
លោករម្លឹកឡើងថា នៅប៉ុន្មានខែកន្លងមក ក្រោមក្រសែភ្នែកអន្តរជាតិ អតីតជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩៣ ត្រូវបានរងការរិះគន់ ទាក់ទងនឹង ភាពស្ងប់ស្ងាត់ ក្នុងការបង្រ្គាប ដោយហិង្សាទៅលើជាតិអ៊ីស្លាម ពីសំណាក់រដ្ឋាភិបាលភូមា។ ជាអ្នកប្រជាធិបតេយ្យមួយរូបលោកយល់ថាចំណុចនេះគួរតែប្រឆាំងដើម្បីបំបាត់ការរើសអើងពូជសាសន៍។
ទន្ទឹមនឹងការរិះគន់លោក បានចាត់ទុកអ្នកស្រី អ៊ុង សានស៊ូជី ជាមនុស្សតែម្នាក់គត់ដែល មានសម្ថតភាពខ្ពស់អាចដឹកនាំភូមា ឲ្យក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដបាន។ ដោយលោក មិនចង់ឲ្យគណបក្សប្រឆាំង ភ្លេចពីឆន្ទៈរបស់ខ្លួនទេ។ លោកតែងតែស្រមៃថា ភូមានឹងក្លាយជាប្រទេសប្រជាធិបតេយ្យមួយពេញលេញ។ តែលោកមិនដឹងថា ថ្ងៃនោះនឹងមកដល់ពេលណាឡើយ។ ដោយមើលតាមស្ថានភាព បច្ចុប្បន្ន លោកស្រីអ៊ុងសានស៊ូជីមានវ័យចំណាស់ទៅហើយ។
គួររម្លឹកផងដែរ នៅកាលពីសប្តាហ៍មុន លោកស្រី អ៊ុង សានស៊ូជី បានប្រកាស ឈរឈ្មោះជា បេក្ខជនប្រធានាធិបតេ្យ សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៥ខាងមុខ។ តែអ្វីដែលមិនអាចនោះគឺ នៅក្នុងច្បាប់រដ្ឋធមនុញ្ញរបស់ភូមា មិនអនុញ្ញាត្ត ឲ្យបុគ្គលណាដែលមាន ជាប់សាច់ឈាម ជាមួយនឹងជនបរទេស មានតំណែងដឹកនាំរដ្ឋាភិបាលឡើយ។ ព្រោះអី លោកស្រីធ្លាប់ មានស្វាមីជនជាតិ អង់គ្លេស ហើយកូនទាំងពីរនាក់ មានក៏មានសញ្ជាតិអង់គ្លេសផងដែរ។
លទ្ធភាពមួយ ដែលអាចឲ្យលោកស្រីឈរឈ្មោះបាន គឺត្រូវតែបញ្ចុះបញ្ចូលឲ្យបានសំលេង ៧៥%នៅក្នុងសភាដើម្បីផ្លាល់ប្តូរច្បាប់ខាងលើ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ