ភូមា

អតីត​ឧត្តម​សេនីយ៍​យោធា​ម្នាក់​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី

លោក Shwe Mann ប្រធាន​សភា​ភូមា រូប​ថត​ថ្ងៃទី ៤ កក្កដា ២០១២
លោក Shwe Mann ប្រធាន​សភា​ភូមា រូប​ថត​ថ្ងៃទី ៤ កក្កដា ២០១២ AFP/ Soe Than WIN

ប្រធាន​សភា​ជាន់​ទាប​ភូមា​ ដែល​ជា​អតីត​ឧត្តម​សេនីយ​យោធា លោក ស្វេ ម៉ាន់ (Shwe Mann) បាន​ប្រកាស​ឲ្យ​ដឹង​ថា​លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ សម្រាប់​​​ការបោះឆ្នោត​សភា​ឆ្នាំ ២០១៥ ខាង​មុខ​នេះ។ ការប្រកាស​បែប​នេះ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកស្រី​អ៊ុងសានស៊ូជី មេ​ដឹកនាំ​បក្ស​ប្រឆាំង​បាន​ប្រកាស​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ដែរ។

ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការប្រកាស​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​លោកស្រី អ៊ុងសាន ស៊ូជី អតីត​ឧត្តម​សេនីយ៍​យោធា​ម្នាក់​ គឺ​លោក Shwe Mann ដែល​សព្វ​ថ្ងៃ​ជា​ប្រធាន​សភា ក៏​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ភូមា​សម្រាប់​ការបោះឆ្នោត​សភា​ឆ្នាំ ២០១៥ ខាង​មុខ​នេះ​ដែរ។

 
លោកShwe Mann បាន​អះអាង​ថា តួនាទី​ជា​បេក្ខជន​ប្រធានាធិបតី​គឺ​ជា​តួនាទី​គន្លឹះ​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​ធ្វើការ​ ដើម្បី​ការរីកចម្រើន​របស់​ប្រទេស​ជាតិ ក៏​ដូច​ជា​ធ្វើការ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ប្រជាជន។ លោក​អះអាង​ទៀត​ថា ប្រសិន​បើ​លោក​ក្លាយ​ជា​ប្រធានាធិបតី​ភូមា​នោះ លោក​អាច​ធ្វើការ​បាន​ល្អ​ជាង​អ្នក​ផ្សេង​ទៀត​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ឯកភាព​គ្នា​ក្នុង​ចំណោម​ជនជាតិ​ភាគតិច ការបង្រួបបង្រួម​ជាតិ សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន លោកស្រីអ៊ុងសាន ស៊ូជី (Aung San SuuKyi) ជ័យ​លាភី​ណូបែល​សន្តិភាព​ដែល​ធ្លាប់​ជាប់​ឃុំ​ក្នុង​ផ្ទះ​អស់​រយៈពេល ១៥ ឆ្នាំ​នោះ បាន​បង្ហាញ​បំណង​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ភូមា​ដែរ។ ប៉ុន្តែ លោកស្រី ស៊ូជី ជួប​នឹង​ឧបសគ្គ​ដ៏​ធំ​មួយ​គឺ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នេះ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ដែល​រៀបការ​ជាមួយ​ជនបរទេស​​ធ្វើ​ជា​ប្រធានាធិបតី​បាន​ឡើយ។ ដូច្នេះ លោកស្រី​ត្រូវ​សំឡឹង​រក​ការ​គាំទ្រ​ឲ្យ​បាន​៧៥​ភាគរយ​នៅ​ក្នុង​សភា​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទើប​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បាន ពីព្រោះ លោកស្រី អង់សាន ស៊ូជី មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស​ ដែល​បាន​ទទួល​មរណភាព​ទៅហើយ។

យ៉ាងណាក៏ដោយ លោក Shwe Mann ដែល​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​ធ្វើ​ឲ្យ​សភា​មាន​ទម្ងន់​ទៅ​លើ​រដ្ឋាភិបាល​នោះ បាន​អះអាង​ថា គណៈកម្មការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ហើយ​ ដើម្បី​ពិនិត្យ​មើល​អំពី​លទ្ធភាព​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ក្នុង​គោល​ដៅ​បើក​ផ្លូវ​ឲ្យ​លោកស្រី​អ៊ុងសានស៊ូជី​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បាន។

គួរកត់សម្គាល់ថា ភូមា​បាន​ខិតខំ​កែប្រែ​មុខមាត់​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដើម្បី​លុប​ចេញ​នូវ​ស្លាក​ស្នាម​នៃ​របប​យោធា​ផ្តាច់ការ និង​ឈាន​ទៅ​រក​ការ​លើក​ចេញ​នូវ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។ ក្នុងបរិបទនេះ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (LND) របស់លោកស្រី អ៊ុងសាន ស៊ូជី មាន​ឱកាស​យ៉ាង​ច្រើន​សម្រាប់​ការបោះឆ្នោត​សភា​ខាងមុខ​នេះ។ ប៉ុន្តែ សមត្ថភាព​ដឹកនាំ​របស់​គណបក្ស​ដែល​មេដឹកនាំ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​មនុស្ស​ចាស់​ដែល​មាន​វ័យ​ជាង​៨០​ឆ្នាំ​ទៅ​ហើយ​នោះ​ គឺ​ជា​ចំណោទ​មួយ​ដ៏​ធំ​សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍។

ចំណែកលោក ថេន សេន វិញ នៅ​មិនទាន់​បាន​បង្ហាញ​ជំហរ​ណា​មួយ​ថា លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រជាធានាធិបតី​ជា​ថ្មី​ទៀត ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI