ឧបទ្វីបកូរ៉េ

សេអ៊ូល លុបចោល​ជំនួប​ជាន់ខ្ពស់​ជាមួយ​ព្យុងយ៉ាង

ទិដ្ឋភាព​ទូទៅ​នៃ​បន្ទប់​ប្រជុំ​ Grand Hilton Hotel  នាទីក្រុង​សេអ៊ូល សំរាប់​ជំនួប​​ជាន់​ខ្ពស់​រវាង​កូរ៉េ​ទាំង​ពីរ
ទិដ្ឋភាព​ទូទៅ​នៃ​បន្ទប់​ប្រជុំ​ Grand Hilton Hotel នាទីក្រុង​សេអ៊ូល សំរាប់​ជំនួប​​ជាន់​ខ្ពស់​រវាង​កូរ៉េ​ទាំង​ពីរ © Reuters

នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី ១១ មិថុនា ឆ្នាំ​២០១៣ នេះ កូរ៉េខាង​ត្បូង​បាន​ប្រកាស​លុច​ចោល​ការ​ចរចា​ជាមួយ​នឹង​កូរ៉េខាង​ជើង ដែល​នឹង​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​​ស្អែក​ (ថ្ងៃពុធ​ទី ១២​មិថុនា)។ ជា​ជំនួប​ជាន់​ខ្ពស់​ លើក​ទី​មួយ​ គិត​ចាប់​ពី​ឆ្នាំ​២០០៧ និង​គិត​ចាប់​ពី​ឧបទ្វីបកូរ៉េ​​បាន​ឆ្លងកាត់​ភាព​តាន​តឹង​ខ្លាំង​អស់​ជា​ច្រើន​ខែ​ ដោយ​ហេតុ​តែ​ការ​គំរាម​កំហែង​វាយ​ប្រហារ​នុយក្លេអ៊ែរ​ ពី​សំណាក់​ក្រុង​ព្យុងយ៉ាង។

ផ្សាយពាណិជ្ជកម្ម

“នឹង​គ្មាន​ការ​ចរចា​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ​នេះ​ទេ​” ! នេះ​ជា​ការ​ប្រកាសយ៉ាង​ខ្លី​ ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ ​ ដោយ​មិន​បញ្ជាក់​លម្អិតឡើយ​​ថា ជា​ការ​លើក​ពេល​ ឬ ជា​ការ​លុប​ចោល តែ​ម្តង​​ កម្មវិធី​ជួប​ចរចា​ នោះ។

 
មុន​នេះ​បន្តិច សេអ៊ូល បាន​រអ៊ូ​រទាំ អំពី​ភាព​​លំបាក​នៃ​ការ​រៀប​ចំ​សមាសភាព​ប្រតិភូ ដែល​ត្រូវ​ចូល​ទៅ​ចរចាជាមួយ​តំណាង​ក្រុង​ព្យុងយ៉ាង​ ​​ ព្រោះ​កូរ៉េខាង​ជើង​មិន​ពេញ​ចិត្ត​មេដឹកនាំ​គណៈប្រតិភូ​​តំណាង​កូរ៉េខាង​ត្បូង។

ដើម្បី​ឱ្យ​ការ​ចរចា​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ អ្ន​ក​ដឹកនាំ​ចរចា​ត្រូវ​ជា​ឥស្សរជន​ មាន​អំណាច មាន​សិទ្ធិ​សម្រេច​។ កូរ៉េខាង​ត្បូង​បាន​ស្នើ​ឱ្យ​មាន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​ ដែល​អាក់ខាន​តាំង​ពី​ឆ្នាំ​២០០៧​មក ប៉ុន្តែ​កូរ៉េខាង​ជើង​បដិសេធ។ ​នៅ​ទី​បំផុត​ការ​ជួប​ពិភាក្សា​គ្នា​ជា​លើកទី​មួយ នៅ​ខេត្ត​ទល់​ដែន Penmunjom កាលពី​ថ្ងៃ​ចន្ទ បាន​រក​ឃើញ​កិច្ច​ព្រមព្រៀង​ត្រឹម​បង្កើត​ឱ្យ​មាន​ជំនួប​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់​ប៉ុណ្ណោះ។ មន្ត្រី​ជាន់​ខ្ពស់ ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ទំនាក់ទំនង​អន្តរកូរ៉េ មិន​ច្បាស់​លាស់។

ចំពោះ​ខ្លឹមសារ​នៃ​ជំនួប​ចរចា​ពី​រ​ថ្ងៃ ​ ដែល​គ្រោង​ធ្វើ​ ​ នៅ​ថ្ងៃពុធ និង​ព្រហស្បតិ៍​នេះវិញ ក៏​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង​ដែរ។ កូរ៉េខាង​ត្បូង​ចង់​បាន​របៀប​វារៈ​​ទូលំទូលាយ​មួយ ប៉ុន្តែ​កូរ៉េខាង​ជើង​ ទាមទារ​លើក​យក​​តែ​ប្រធានបទ​​អាទិភាព ដូច​ជា​សំណុំ​រឿង​សេដ្ឋកិច្ច​ និង​អនាគត​មជ្ឈមណ្ឌល​ឧស្សាហកម្ម​រួម កែសុង​ (Kaesong) ប៉ុណ្ណោះ។ របប​កុម្មុយនិស្ត​ព្យុងយ៉ាង​ ចង់​បាន​ចំណូល​មក​វិញ បន្ទាប់​ពី​បាន​ប្រកាស​បិទ​មណ្ឌល​កែសុង​ជា​ឯកតោ​ភាគី ដើម្បី​​បង្ហាញ​​​សាច់​ដុំ និង​ដំឡើង​សម្ពាធ​យោធា​ដាក់​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក។ តែ​ទី​បំផុត គឺ​កូរ៉េខាង​ជើង​ជា​អ្នក​ផ្តួច​ផ្តើម​ឱ្យ​មាន​ដំណើរ​ការ​ចរចា​អន្តរកូរ៉េ​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI