កូរ៉េខាងជើង

ទីក្រុង​ព្យុងយ៉ាង​បបួល​អាមេរិក​ជជែក​អំពី​ការ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ

ទស្សនកិច្ច​របស់ ថ្នាក់​ដឹកនាំ​កូរ៉េ​ខាងជើង នៅ​តំបន់ CHANGSONG ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៣
ទស្សនកិច្ច​របស់ ថ្នាក់​ដឹកនាំ​កូរ៉េ​ខាងជើង នៅ​តំបន់ CHANGSONG ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៣ ©reuters

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ស្នើ​ទៅ​សហរដ្ឋ​​អាមេរិក​​ឱ្យ​​រៀបចំ​​កិច្ច​ចរចា​​ថ្នាក់​​មន្ត្រី​​ជាន់​ខ្ពស់​​ដើម្បី​ជជែក​​គ្នា​អំពី​​កម្មវិធី​​អាវុធ​​នុយក្លេអ៊ែរ និង​​ធ្វើ​ឱ្យ​​ប្រសើរ​ឡើង​​នូវ​ស្ថានភាព​​តានតឹង​​នៅ​​ក្នុង​​តំបន់​​ឧបទ្វីបកូរ៉េ។ ព័ត៌មាន​​នេះ​​ត្រូវ​​បាន​​ផ្សព្វផ្សាយ​​ឱ្យ​ដឹង​​នៅ​​ថ្ងៃ​អាទិត្យ​​នេះ​ដោយ​​សារព័ត៌មាន​​រដ្ឋ​កូរ៉េ​ខាងជើង ដោយ​​ដកស្រង់​​សម្តី​​របស់​​គណកម្មការ​​ការពារ​ជាតិ​​របស់​​ប្រទេស​​កុម្មុយនីស​​មួយ​នេះ។

ផ្សាយពាណិជ្ជកម្ម

ជា​ព័ត៌មាន​ដ៏​កម្រ​មួយ​នៅ​ក្នុងសំណុំរឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។ រដ្ឋាភិបាល​កុម្មុយនីស​ខាង​លើ​ស្រាប់តែ​បបួល​សហរដ្ឋ​អាមេរិក​ជជែក​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​ការ​បន្ធូរ​ភាពតានតឹង​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ។ នេះ​បើ​យោង​តាម​សារព័ត៌​មាន​រដ្ឋ​កូរ៉េ​ខាងជើង។

 
សារព័ត៌មាន​ដដែល​ផ្សាយ​ឱ្យ​ដឹង​ថា របប​ព្យុងយ៉ាង​បាន​ស្នើ​ទៅ​សហរដ្ឋអាមេរិក​ឱ្យ​រៀបចំ​ការ​ជជែក​ពិភាក្សា​ថ្នាក់​ខ្ពស់​មួយ​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​អំពី​ការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ព្រមទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ក្នុង​ឧបទ្វីបកូរ៉េ។ កូរ៉េខាងជើង​បាន​ប្រាប់​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​កំណត់​ពេល​វេលា និង​ទី​កន្លែង​ជួប​ប្រជុំ​ថែមទៀត។

សារ​ព័ត៌​មាន​រដ្ឋ​កូរ៉េ​ខាងជើង​ដែល​ដកស្រង់​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​នោះបាន​សរសេរ​ថា កូរ៉េ​ខាងជើង​មាន​បំណង​បើក​កិច្ច​ពិភាក្សា​ម៉ត់ចត់​មួយ​ស្តីពី​បញ្ហា​ជាច្រើន រួមទាំង​គោលបំណង​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឃើញ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ទៀត​ផង។

ទន្ទឹម​នឹងការ​ហើបមាត់​បបួល​ទីក្រុង​វ៉ាស៊ីន​តោន បើក​ចរចា​ទ្វេភាគី​នេះ ទីក្រុង​ព្យុងយ៉ាង​ក៏បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន មិន​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ផ្តេសផ្តាស ឬ​ដាក់​លក្ខខណ្ឌ​អ្វី​មុន​ការ​ជួប​ប្រជុំ​ឡើយ នេះ​ប្រសិន​បើ សហរដ្ឋ​អាមេរិក​ចាប់អារម្មណ៍​ក្នុង​​ការងារ​រក្សា​សន្តិភាព និង​ស្ថេរភាព​នៅ​ក្នុង​តំបន់​មែន រួម​ទាំង​សន្តិសុខ​នៅ​លើ​ទឹកដី​អាមេរិក​ខ្លួន​ឯង​ផង​នោះ។
 

កូរ៉េ​ខាងជើង​កំពុង​តែ​ដាក់​ការ​ទទួល​ខុសត្រូវ​ទៅ​លើ​សហរដ្ឋអាមេរិក។ ទីក្រុង​ព្យុងយ៉ាង​បាន​ថ្លែង​ថា ខ្លួន​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់​ឧបទ្វីប ប៉ុន្តែ​បញ្ជាក់​ថា ខ្លួន​ត្រូវ​រក្សា​អាវុធ​អាតូមមិក​របស់​ខ្លួន​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​ការ​គំរាមកំហែង​ពី​អាវុធនុយក្លេអ៊ែរ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI