ថាមពលនុយក្លេងអ៊ែ ជាប្រធានបទដែលលោក Abe លើកមកនិយាយ នៅអឺរ៉ុបកណ្តាល
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បាន ទៅដល់ទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញតាំងពីល្ងាចថ្ងៃសៅរ៍ទី១៥ មិថុនាមុននឹងចូលរួមប្រជុំ G8។ នៅក្នុងទស្សនកិច្ចនេះ លោកគ្រោង អភិវឌ្ឍន៍វិស័យនុយក្លេអ៊ែររបស់ជប៉ុន នៅប្រទេស ឆែក ជាពិសេស នៅបណ្តាប្រទេសអឺរ៉ុបកណ្តាល។
កាលពីថ្ងៃអាទិត្យ ទី១៦មិថុនា នៅក្នុងកិច្ចប្រជុំ ជាមួយប្រទេសចំនួន បួន គឺ ប៉ូឡូញ សាធារណរដ្ឋឆែក ប្រទេសស្លូវ៉ាគី និងហុងគ្រី ដែលហៅថាកិច្ចប្រជុំ របស់ក្រុម Visegrad លោក អាបេ សង្កត់ធ្ងន់ក្នុងការសហការ លើវិស័យនុយក្លេអ៊ែរ នៅតាមបណ្តាប្រទេសខាងលើ។ នេះលើកទីមួយហើយ របស់ លោក Shinzo Abe នាយករដ្ឋមន្រ្តីជប៉ុន ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ បន្ទាប់ពីឡើងកាន់តំណែង តាំងពីខែធ្នូឆ្នាំ២០១២។ តែវាមិនមែនជាលើកទីមួយទេ ដែលលោកលើកនិយាយអំពីការអភិវឌ្ឍន៍វិស័យនុយក្លេអ៊ែរ ជាមួយបណ្តាប្រទេសអឺរ៉ុប។
យើងបានដឹងហើយថា រាល់ទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីជប៉ុន ទៅបរទេស គាត់តែងតែធ្វើការមកផ្សព្វផ្សាយ អំពីបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួន។ ហើយក្នុងទស្សនកិច្ចនេះ លោកយល់ថា អតីតប្រទេសគុម្មុយនិសទាំងបួន ជាទីតាំង និងទីផ្សារមួយដ៏សំខាន់សម្រាប់វិស័យសំខាន់ចំនួនបីរបស់ជប៉ុន ដែលមានដូចជា វិស័យថាមពល វិទ្យាសាស្រ្ត និងផ្នែកបច្ចេកវិទ្យាជាដើម។
នៅក្នុងឳកាសកិច្ចជំនួបខាងលើ ជប៉ុននឹងធ្វើការចុះហត្ថលេខាព្រមព្រៀងមួយ លើវិស័យនុយក្លេអ៊ែរជាមួយសាធារណរដ្ឋឆែក។ ក្នុងនោះ ឆែកសន្យាថានឹងប្រើថាមពលនុយក្លេអ៊ែររបស់ជប៉ុន។ សម្រាប់កិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន សាខាមួយរបស់ Toshiba ដែលមានការសហការគ្នាជាមួយក្រុមហ៊ុនអាមេរិក នឹងទទួលសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរ ចំនួនពីរនៅ ឆែក ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៥។
សូមរម្លឹកផងដែរថា នុយក្លេអ៊ែរ ជាប្រធានបទមួយដែល រសើបនៅប្រទេសជប៉ុន ដែលកាលពីខែ មីនាឆ្នាំ២០១១ កន្លងទៅ ជប៉ុនបានជួបគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរ នៅ Fukushima ដែលបណ្តាលមកពីរលកយក្ស Tsunami។ ដែលនេះជាគ្រោះមហន្តរាយ មួយដ៏ធំជាងគេ ក្នុងរយៈពេល២៥ឆ្នាំមកនេះ។ ដោយសារតែបញ្ហាខាងលើ សម្បីតែភិយាផ្ទាល់របស់ លោក Abe ក៏បានប្រកាស ជាសារធារណៈថា មិនគាំទ្រនូវនយោបាយនុយក្លេអ៊ែរ របស់ស្វាមីលោកស្រីឡើយ។
បន្ទាប់ពីកិច្ចជំនួប ជាមួយក្រុម Visegrad លោក នឹងចូលរួមកិច្ចប្រជុំមួយទៀត ជាមួយប្រទេស ដែលមានឧស្សាហកម្មជឿនលឿនទាំងប្រាំបី ដែលហៅ ថា (G 8) នៅប្រទេសអៀឡង់។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៧ និង១៨ ខែមិថុនា ស្អែកនេះ ដែលនឹងអាចឲ្យជប៉ុនមានឳកាសសហការកាន់តែស្អិតរមួតជាងមុន ជាមួយបណ្តាប្រទេសសមាជិក សហភាពអឺរ៉ុប ជាពិសេសលើវស័យថាមពលនុយក្លេអ៊ែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ