លោក អូបាម៉ា ថាចិនមានភាពរឹងរូសកាន់តែខ្លាំង ក្នុងសំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានចោទចិនថា កំពុងតែប្រកាន់យកនយោបាយកាន់តែតឹងរ៉ឹងចំពោះកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការចោទប្រកាន់បែបនេះបានធ្វើឡើងស្របពេលដែលបេសកជនជាន់ខ្ពស់កូរ៉េខាងត្បូងគ្រោងជួបប្រជុំ ជាមួយសហរដ្ឋអាមេរិក និងជប៉ុននៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃអង្គារនេះស្តីពីបញ្ហាកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បាននិយាយជាចំហថា ចិនកំពុងតែប្រកាន់យកចរិតកាន់តែតឹងតែងឡើងចំពោះសេចក្តីប្រកាសបង្កហេតុអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក បានប្រកាសបែបនេះតាមរយៈបទសម្ភាស ក្នុងទូរទស្សន៍ PBS។ បើតាមលោក អូបាម៉ា កាលពីមុន ចិនហាក់ដូចជាលាក់លៀមអំពីបំណងរបស់ខ្លួនចំពោះបញ្ហាកូរ៉េខាងជើង ប៉ុន្តែបច្ចុប្បន្ន ចិនកំពុងបង្ហាញឱ្យឃើញកាន់តែច្បាស់ហើយ ពីភាពរឹងរូសក្នុងបញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើងនេះ។ លោក អូបាម៉ា បានសុំឱ្យចិនបង្ហាញឆន្ទៈក្នុងការពិភាក្សាក្នុងលក្ខណៈជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។
សូមបញ្ចាក់ថា ចិនគឺជាសម្ពន្ធ័មិត្តដ៏ជិតស្និទ្ធទាំងផ្នែកសេដ្ឋកិច្ច និងការទូតរបស់របបដឹកនាំក្រុងព្យុងយ៉ាង។ យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងក៏បានសម្តែងការខកចិត្តចំពោះអាកប្បកិរិយារបស់កូរ៉េខាងជើងដែរនៅពេលដែលប្រទេសនេះ បានសាកល្បងនុយក្លេអ៊ែរ ជាលើកទី៣កាលពីខែកុម្ភៈកន្លងទៅ។
ចិនបានសម្រេចចិត្តដ៏កម្រមួយក្នុងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងក្នុងក្របខណ្ឌនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយបិទខ្ទប់គណនីយធនាគាររបស់ក្រុងព្យុងយ៉ាង។ ប៉ុន្តែក្រុមអ្នកតាមដានបញ្ហានេះមិនជឿថាទីក្រុងប៉េកាំងគ្មានបំណងធ្វើឱ្យរបបដឹកនាំកុំម្មុយនិស្តកូរ៉េខាងជើងរលំរលាយនោះទេ។
យ៉ាងណាក៏ដោយ លោកអូបាម៉ា បានកត់សម្គាល់ថា ចាប់តាំងពីការឡើងកាន់តំណែងរបស់លោក ស៊ី ជីនពីង មក ទីក្រុងប៉េកាំង ក៏ហាក់បានបង្ហាញអំពីការទទួលខុសត្រូវជាងមុនចំពោះកិច្ចការរបស់ពិភពលោក។ លោកអូបាម៉ាដែលបានជួបសមភាគីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី៧ និងទី៨ មិថុនា កន្លងទៅនៅកាលីហ្វ័ញ៉ានោះ បានពិពណ៌នាលោក ស៊ី ជីនពីង ថា ជាមេដឹកនាំដែលអាចពង្រឹងអំណាចបានឆាប់រហ័សនៅក្នុងប្រទេសចិន ហើយជាមនុស្សដែលមានវ័យក្មេង មានថាមពលមាំមួន និងច្បាស់លាស់ជាងមេដឹកនាំចិនមុនៗ។
ការដំឡើងសរសៃកដាក់ចិនពីសំណាក់លោក អូបាម៉ា បានធ្វើឡើងស្របពេលដែលមានសេចក្តីរាយការណ៍ថា បេសកជនជាន់ខ្ពស់របស់កូរ៉េខាងត្បូងបានចេញដំណើរនៅថ្ងៃអង្គារនេះដើម្បីទៅចូលរួមប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន ជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ កិច្ចប្រជុំនេះបានធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះក្រោយពីកូរ៉េខាងជើង បានស្នើសុំជួបចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីនិយាយពីបញ្ហានុយក្លេអ៊ែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ