ជប៉ុន

ធាតុ​វិទ្យុសកម្ម បាន​កើន​ឡើង​ហួស​កម្រិត​ក្នុង​ទឹក​ក្រោម​ដី​នៅ Fukushima

ទិដ្ឋភាព​ជុសជុល មជ្ឈមណ្ឌល នុយក្លេអ៊ែរ ដែល​បាន​រង​ការ​ខូចខាត នៅ Fukushima ខែមិថុនា ឆ្នាំ២០១៣
ទិដ្ឋភាព​ជុសជុល មជ្ឈមណ្ឌល នុយក្លេអ៊ែរ ដែល​បាន​រង​ការ​ខូចខាត នៅ Fukushima ខែមិថុនា ឆ្នាំ២០១៣ REUTERS/Noboru Hashimoto

គេ​បាន​រក​ឃើញ​មាន​សារជាតិពុល​ខ្លាំង​បំផុត ដោយ​ហួស​កម្រិត​សុវត្ថិភាព នៅ​ក្នុង​ទឹក​ក្រោម​ដី​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​​ថាមពល​អគ្គីសនី​ជប៉ុន កាល​ពី​ព្រឹក​មិញ។ ហើយ​ក្នុង​ខណៈ​ពេល​ដែល​បទ​ដ្ឋាន​សុវត្ថិភាព​នុយក្លេអ៊ែរ​របស់​អាជ្ញាធរ​ជប៉ុន នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ៨ កក្កដា។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទឹក​ក្រោម​ដី របស់​មជ្ឈមណ្ឌល​ផលិត​ថាមពល​នុយក្លេអ៊ែរ ជប៉ុន ដែល​កំពុង​តែ ជុសជុល ត្រូវ​បាន គេ​រក​ឃើញ​មាន​សារជាតិពុល លើស​កម្រិត​សុវត្តភាព រហូត​ដល់​៣០ដង បើ​ប្រៀបធៀប​ទៅ​នឹង​ការ​រក​ឃើញ​កន្លង​ទៅ

 
នេះ​ជា​ការ​រក​ឃើញ​ថ្មី​មួយ របស់​ភ្នាក់ងារ​ការពារ​សុវត្ថិភាព​បរិស្ថាន​របស់​អាមេរិក ដែល​ក្រុម​ខាង​លើ បាន​ចូល​មក​ជួយ​ការងារ​សុវត្ថិភាព នុយក្លេអ៊ែរ​បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ស៊ូណាមី។ តែ​ទោះ​ជា​យ៉ាង​ណា ក្រុមហ៊ុន​បាន​អះអាង​ថា ទឹក​ក្រោម​ដី​ ដែល​មាន​ជាតិពុល​នោះ មិន​បាន​រីក​សាយភាយ ទៅ​ដល់​ទឹក​សមុទ្រ​ឡើយ។

ក្រុម​អ្នក​ជំនាញ​បាន​យល់​ថា ផល​ប៉ះពាល់​នេះ អាច​បណ្តាល​មក​ពី​មុន ខាង​ក្រុម​ថាមពល​អគ្គីសនី​ជប៉ុន Tepco បាន​ប្រើប្រាស់​ទឹក​សមុទ្រ​បាញ់​ដើម្បី​បន្ថយ​កម្ដៅ របស់​ម៉ាស៊ីន​ប្រតិករ ដែល​កំពុង​រង​ការ​ខូចខាត។ កាល​នោះ ដោយ​សារ​តែ​ខ្វះខាត​កន្លែង​ស្តុក បាន​បណ្តាល​ឱ្យ​ជាតិពុល​ទាំង​នោះ​បែក​សាយភាយ​ទៅ ​ក្នុង​ដី​នៃ​បរិវេណមជ្ឈមណ្ឌល។ អ្នក​ជំនាញ​ពន្យល់​ថា សារ​ធាតិពុល​ដែល​មាន​កម្រិត​យ៉ាង​ខ្លាំង​នេះ គឺ​ដោយ​ជា​សារជាតិ អ៊ុយរ៉ានីយ៉ូម និង ភ្លុយតូនីយ៉ូម ចូល​លាយ​ឡំ​គ្នា ក្នុង​ម៉ាស៊ីន​ប្រតិករ។

ទាំង​នេះ វា​បាន​បន្ថែម​ភាព​ស្មុគស្មាញ ដល់​អាជ្ញាធរ​ជប៉ុន​បន្ថែម​ទៀត ក្នុង​ការ​ចាត់​វិធាន​ការពារ ដោយ​ក្នុង​ខណៈ​នេះ​ដែរ អាជ្ញាធរ​ជប៉ុន ទើប​តែ​បាន​សម្រេច​ពន្លឿន ការ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី សម្រាប់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ កាលពីថ្ងៃ​ពុធ​ ទី១៩ មិថុនា។

អាជ្ញាធរ​បាន​អនុម័ត​យក​នៅ​ថ្ងៃ​ទី​៨ កក្កដា​ខាង​មុខនេះ គឺ​មុន​កាល​គ្រោង​ទុក ចំនួន ១០ថ្ងៃ។ ក្រុមហ៊ុន​ចង់​ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ ម៉ាស៊ីន​ប្រតិករ​ចំនួន​៤៨ ដែល​បាន​បិទ​ក្នុង​ចំណោម៥០ បន្ទាប់​ពី​គ្រោះ​មហន្តរាយ ស៊ូណាមិ កាល​ពី​ថ្ងៃ​ទី១១ មិថុនា ឆ្នាំ២០១១។ តែ​បើ​ទោះ​ជា​យ៉ាង​ណា គេ​រង់ចាំ មើល​ការ​សម្រេច​អនុម័ត ជា​ចុង​ក្រោយ ឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ ពី​សំណាក់​ក្រុម​ប្រឹក្សា​គណៈ​រដ្ឋមន្ត្រី។
 

សូម​បញ្ជាក់​ថា បទដ្ឋាន​សុវត្ថិភាព​ថ្មី ដែ​ល​ក្រុមហ៊ុន​ត្រៀម​នោះ គឺ​មាន​ដូច​ជា ការ​បំពាក់​ប្រព័ន្ធ​ស្រោច​ទឹក ឱ្យ​បាន​ច្រើន​ជាង​មុន ក្នុង​ករណី​ឡើង​កម្ដៅ ប្រព័ន្ធ​ការពារ​គ្រោះ​ធម្មជាតិ ដូច​ជា​ស៊ូណាមី និង​ប្រព័ន្ធ​សុវត្ថិភាព​ជា​ច្រើន​ទៀត ដើម្បី​ជៀសវាង ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ដូច​ពេល​កន្លង​ទៅ​ជា ឧទាហរណ៍​ស្រាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI