ថៃ

នយោបាយ​ប្រមូល​ទិញ​អង្ករ​របស់​ថៃ​កំពុង​ជួប​​វិបត្តិ​

នៅ​ឆ្នាំ​២០១២​ ថៃ​​ធ្លាក់​ចំណាត់​ថ្នាក់​ពីលេខ១ មក​លេខ ៣ ខាង​ការ​នាំចេញ​អង្ករ
នៅ​ឆ្នាំ​២០១២​ ថៃ​​ធ្លាក់​ចំណាត់​ថ្នាក់​ពីលេខ១ មក​លេខ ៣ ខាង​ការ​នាំចេញ​អង្ករ REUTERS/Chaiwat Subprasom

នៅល្ងាច​ថ្ងៃពុធ​ម្សិលមិញ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បញ្ចុះ​តម្លៃ ប្រមូល​ទិញ​​អង្ករ ពី​កសិករ​​ ដែល​ជា​នយោបាយ​​ជួយលើក​តម្កើង​ប្រាក់​ចំណូល​​​ប្រជា​កសិករ​ របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ យីងឡាក់។ នយោបាយ​ដែល​លោកស្រី​បាន​សន្យា​ពេល​ឃោសនា​បោះឆ្នោត ប៉ុន្តែ​បាន​និង​កំពុង​តែ​ធ្វើ​ឱ្យ​ថៃ​បាត់​បង់​ចំណាត់​ថ្នាក់​ជា​ប្រទេសនាំ​អង្ករ​ច្រើន​ជាង​គេ​លំដាប់​ទី​មួយ នៅ​លើ​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​របស់​លោក​ស្រី យីងឡាក់ ដែល​បាន​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​២០១១ ដោយ​សារ​មាន​សំឡេង​ប្រជាកសិករ​នៅ​ភាគ​ខាង​ជើង និង​ភាគ​ឦសាន​ គាំទ្រ បាន​សន្យា​ប្រមូលទិញ​អង្ករ ក្នុង​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ដល់ទៅ​៥០% ដើម្បី​ដំឡើង​ប្រាក់​ចំណូល​កសិករ។ ប៉ុន្តែ​ នយោបាយ​នេះ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចំណាយ​ថវិកា​អស់​ច្រើន​ណាស់ ទើប​ត្រូវ​បង្ខំ​ចិត្ត​ ​លេប​សំដី​សន្យា​ជា​បណ្តើរៗ ដោយ​ប្រមូល​ទិញ​អង្ករ​ក្នុង​តម្លៃ​តែ ៣០%​ថ្លៃ​ជាង​តម្លែ​ទីផ្សារ​ពិភពលោក។ ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​បដិសេធ​មិន​ត្រលប់​ទៅ​​សើរើ​​តម្លៃ​​ទិញ​អង្ករ​ទេ ព្រោះ​វា​មាន​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ពិភពលោកផង និង​ធ្វើ​ឱ្យ​ប្រាក់​បាត​ចុះ​ថ្លៃ​ផង។

 
សំរាប់​ឆ្នាំ​២០១៣​នេះ រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​ប្រមូល​ទិញ​អង្ករ​ ចំនួន ២២​លាន​តោន និង​បន្ត​អះអាង​​រហូត​មក​ថា អាច​បញ្ចេញ​អង្ករ​ទៅ​លក់តាម​ប្រទេស​ផ្សេងៗ ដោយ​មិន​ឆ្លង​កាត់​ឈ្មួញ​អ្នក​នាំ​អង្ករ​ចេញ​ទេ។ ប៉ុន្តែ​ឈ្មួញ​អង្ករ​សម្គាល់​ឃើញ​ផ្ទុយ​ទៅ​វិញ ថា​អង្ករ​នៅ​សល់​ក្នុង​ស្តុក​កាន់​តែ​ច្រើន​ឡើងៗជា​និច្ច។

សូម​បញ្ជាក់​ថា តាំង​ពី​ថៃ​បាន​អនុវត្ត​នយោបាយ​ប្រមូល​ទិញ​អង្ករ​ដើម្បី​ដំឡើង​ជីវភាព​ប្រជាកសិករ​មក ​ ​ថៃ​បាត់​បង់​ចំណាត់​ថ្នាក់​ជា​ប្រទេស​នាំ​អង្ករចេញ​លេខ​មួយ នៅ​លើ​ពិភពលោក​ផង ដោយ​ចុះ​មក​នៅលំដាប់​ទី​បី​ក្រោយ​ប្រទេស​ឥណ្ឌា និង​ប្រទេស​វៀតណាម និង​ខាត​បង់​ប្រាក់​ប្រមាណ​ ៤៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ នៅ​ឆ្នាំ​២០១២ ថៃ​នាំ​អង្ករ​ចេញ​បា​ន​តែ ៦,៥​តោន ពោល​គឺ​ថយ​ចុះអស់​ប្រមាណ​៣៥% បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI